តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំកាហ្វេឆុងដោយប្រើតម្រងចម្រោះ ជួយកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង

    ញ៉ាំកាហ្វេឆុងដោយប្រើតម្រងចម្រោះ ជួយកាត់បន្ថយហានិភ័យជំងឺគាំងបេះដូង

    ការសិក្សា​រយៈពេលយូរ​មួយ​ចេញផ្សាយ​ក្នុងខែ​មេសា​នេះ​នៅក្នុង​ព្រឹត្តិបត្រ​ European Journal of Preventive Cardiology បាន​លើកឡើង​ថា​កាហ្វេ​មិនត្រឹមតែ​ជួយ​ដល់​សុខភាព​ទេ​នៅ​អាច​ជួយ​ឲ្យ​រស់នៅ​បាន​យូរ​ទៀត​បើ​យើង​ឆុង​កាហ្វេ​ជាមួយ​នឹង​តម្រង​ចម្រោះ។

    លោកសាស្ត្រាចារ្យ Dag Thelle នៅ​ផ្នែក​សុខភាព​សាធារណៈ និង​វេជ្ជសាស្ត្រ​សហគមន៍​នៃ​សាកលវិទ្យាល័យ​ Gothenburg ប្រទេស​ស៊ុយអ៊ែត​បាន​និយាយ​ថា​កាហ្វេ​ដែល​មិន​ប្រើ​​តម្រង​ចម្រោះ​មាន​សារធាតុ​ដែល​អាច​បង្កើន​កម្រិត​កូលេស្តេរ៉ូល​ក្នុង​ឈាម។ ការ​ប្រើប្រាស់​តម្រង​ចម្រោះ​ដើម្បី​ចម្រោះ​សារធាតុ​នេះចេញ​​​បន្ថយ​ហានិភ័យការគាំងបេះដូង និង​​ការ​ស្លាប់​មុន​អាយុ​។ លោក​សាស្រ្តាចារ្យ​បញ្ជាក់ថា​ការសិក្សា​នេះ​ផ្តល់​ភស្តុតាង​គ្រប់គ្រាន់​នៃ​ទំនាក់ទំនង​រវាង​របៀបឆុង​កាហ្វេ ទៅនឹង​ជំងឺ​បេះដូង និង​អាយុវែង។

    អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ លោកស្រីLisa Drayer បាន​បន្ថែម​ទៀត​ថា​កាហ្វេ​ដែល​មិន​មាន​ចម្រោះ​ដូចជា​ការ​ឆុង​កាហ្វេ​ដោយ​​យក​កាហ្វេ​ដាក់​ក្នុង​ឆ្នាំងជាមួយ​ទឹក​ និង​ដាំ​ឲ្យ​ពុះ ឬ​ប្រើ​ប្រដាប់ឆុង​កាហ្វេ​ (cafetière ដែល​ជាកែវ​ឆុង​កាហ្វេ​​ត្រូវ​ចាក់​ទឹកក្ដៅ​ទៅ​លើ​កាហ្វេ​មាន​សំណាញ់​រុញ​ទឹក​​កាហ្វេ​ទៅបាត​កែវ)​មាន​ផ្ទុកសារធាតុ​ cafestol និងkahweol ​ច្រើន​ ដែល​នេះ​ជា​សារធាតុ​គីមី​រកឃើញ​នៅ​ក្នុង​ដំណក់​ប្រេង​អណ្ដែត​ក្នុង​កាហ្វេ និង​ក្នុង​កករ។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​សារធាតុ​ទាំង​នេះ​អាច​បង្កើន​កម្រិត​ triglyceride និង​កម្រិត​ខ្លាញ់​អាក្រក់​ LDL។ ដូចនេះ​គួរ​ប្រើ​តម្រង​ចម្រោះ​ពេល​ឆុង​កាហ្វេ​ដែល​អាច​ជួយ​ទប់​សារធាតុគីមី​ទាំង​នេះ។

    អត្ថបទពាក់ព័ន្ធ៖

    ការ​ផឹក​កាហ្វេ​ដែល​ប្រើតម្រងចម្រោះ​​ល្អ​សម្រាប់​សុខភាព

    ការ​សិក្សា​ថ្មី​នេះ​មាន​អ្នក​ចូលរួម​ជាង​កន្លះ​លាន​នាក់​​ដែល​មាន​ទាំង​ស្ត្រី និង​បុរស​មាន​សុខភាព​ល្អ​ និង​អាយុ​ចន្លោះ​ពី​២០ទៅ​៧៩​ឆ្នាំ​ឡើង​ដោយ​ប្រើពេល​២០​ឆ្នាំ​។ លទ្ធផល​បាន​ឲ្យ​ដឹង​ថា​ការ​ផឹក​កាហ្វេ​ឆុង​ដោយ​មិន​ចម្រោះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ទៅ​លើ​បុរស​អាយុ​៦០​ឆ្នាំ​ឡើង​ទៅ​ដោយសារជំងឺ​បេះដូង។

    ដោយឡែក​ការសិក្សា​រកឃើញ​ការផឹក​កាហ្វេ​ចម្រោះ​ដែល​ប្រើ​តម្រង​ចម្រោះ​ពេល​ឆុង​មាន​ផល​ល្អ​ចំពោះ​សុខភាព​ជាង​ការ​មិន​ផឹក​កាហ្វេ​ទាល់​តែ​សោះ។ កាហ្វេ​ចម្រោះ​រួច​អាច​បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺ​បេះដូង​រហូតដល់​១៥%​សម្រាប់​បុរស និង​២០%​សម្រាប់​ស្ត្រី​បើ​ប្រៀបធៀប​នឹង​អ្នក​មិន​ផឹក​កាហ្វេ​សោះ។ តាមពិតទៅ ការសិក្សា​នេះ​រកឃើញ​ថា​អ្នក​ផឹក​កាហ្វេ​ចម្រោះ​ពី​១ទៅ​៤កែវ​ក្នុង​មួយ​ថ្ងៃ​មាន​អត្រាស្លាប់​តិចជាង​គេ។

    លោក Thelle បាន​បន្ត​ទៀត​ថា ការ​រក​ឃើញ​ដែល​ថា​អ្នក​ផឹក​កាហ្វេ​ចម្រោះ​មាន​សុខភាព​ល្អ​ជាង​អ្នក​មិន​ផឹក​សោះ​មិន​អាច​ពន្យល់បាន​ដោយ​ប្រើ​កត្តា​អាយុ ភេទ ឬ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​ទេ។ លោកក៏​បាន​បង្ហាញជំនឿចិត្ត​ថា​​ការ​សង្កេត​នេះ​គឺ​ត្រឹមត្រូវ។

    ការណែនាំ​ទៅ​លើ​ការ​ផឹក​កាហ្វេ

    យោង​តាម American Heart Association ​ការ​ផឹក​កាហ្វេ​ចម្រោះ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ដូចជា​ការ​ផ្ចង់​អារម្មណ៍ សម្រួល​អារម្មណ៍ និង​ជួយ​បង្កើន​ប្រ​សិទ្ធភាពលើការ​ហាត់​ប្រាណ។ ការសិក្សា​របស់​ប្រទេសអង់គ្លេស​នៅ​ឆ្នាំ​២០១៧​ក៏​បាន​ឲ្យ​ដឹង​ពី​ផល​ប្រយោជន៍​នៃ​ការ​ផឹក​កាហ្វេ​ខ្មៅ​ពី​បី​ទៅ​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​ដែរ។ ក្នុង​នោះ​រួម​មាន​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​មហារីក និង​ជំងឺ​ថ្លើម​ជាដើម។ ប៉ុន្តែ​ក៏​មាន​មូលហេតុ​មួយ​ចំនួន​ដែល​យើង​គួរ​កំណត់​កម្រិត​កាហ្វេ ឬ​ចៀស​វាង​ការ​ផឹក​កាហ្វេដែរ៖

    • ការ​គេង៖ ប្រសិន​ជា​យើង​មាន​បញ្ហា​ក្នុង​ការ​គេង យក​ល្អ​គួរ​ចៀស​វាង​ការ​ផឹក​កាហ្វេ ឬ​ភេសជ្ជៈ​ផ្សេង​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​នៅ​ពេល​ល្ងាច ឬ​ជិត​ពេល​ចូល​គេង។
    • ស្ត្រី​ងាយ​ប្រឈម​នឹង​ការ​បាក់​ឆ្អឹងBritish Medical Journal​បាន​រកឃើញ​ថា​ការ​ផឹក​កាហ្វេ​ច្រើន​ជាង​បួន​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​បាក់​ឆ្អឹង​ទៅ​លើ​ស្ត្រី​ ប៉ុន្តែ​មិន​សូវកើត​ឡើង​លើ​បុរស​ទេ។
    • ស្ត្រី​មាន​ផ្ទៃពោះ៖ ការផឹក​កាហ្វេ​ក្នុង​បរិមាណ​ច្រើន​អាច​បង្កើន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់ខែ​ ឬ​កូន​ស្លាប់​ក្នុង​ផ្ទៃ ក៏​ដូច​ជា​ទារក​កើត​មក​មិន​គ្រប់​គីឡូ។

    អ្នក​ស្រី Drayer បានណែនាំ​ថា​ដើម្បី​ផឹក​កាហ្វេ​ហើយ​មាន​សុខភាព​ល្អ​ អាច​អនុវត្ត​តាម​គន្លឹះ​ខាងក្រោម៖

    • បន្ថែម​ទឹកដោះគោ​គ្មាន​ខ្លាញ់ និង​មិន​ដាក់​ក្រីម៖ ក្រីម​មាន​កាឡូរីរហូតដល់​ ៥០​កាឡូរី និង​មាន​ជាតិខ្លាញ់​ឆ្អែត ៣ក្រាម​ក្នុងមួយ​ស្លាបព្រា​កាហ្វេ។ ការ​បន្ថែម​ទឹកដោះគោ​គ្មានខ្លាញ់​គឺ​មាន​កាឡូរី​តិច​ និង​ជួយ​ដល់​កាល់ស្យូម​ដែល​បាត់បង់​ទៀត (​មួយ​ស្លាបព្រា​កាហ្វេ​មាន​៦កាឡូរី និងកាល់ស្យូម ១៩ក្រាម)
    • មិនដាក់ស្ករ​ក្នុង​កាហ្វេ៖ ស្ករ​មួយ​ស្លាបព្រាកាហ្វេ​មាន​១៦កាឡូរី។ ប៉ុន្តែ​បើ​ថែម​ស្ករ​ពីរ​ស្លាបព្រា​កាហ្វេ​ក្នុង​មួយ​ពែង​ ហើយ​យើង​ផឹក​ពីរ​ទៅ​បីកែវ​ក្នុង​មួយ​ថ្ងៃ កាឡូរី​ក៏​កើន​ឡើង​តាម​ហ្នឹង​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://edition.cnn.com/2020/04/22/health/healthiest-coffee-brew-wellness/index.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 01/05/2020
    ត្រួតពិនិត្យដោយ គឹម កាណែល
    Next article: