សុខភាពផ្លូវភេទ ស្រមុក ឬឈាមតាមជើងធ្មេញ ធម្មតាយើងគិតថា ជាបញ្ហាសុខភាពតូចតាច ហើយគ្នាយើងភាគច្រើន សុទ្ធតែធ្លាប់ឆ្លងកាត់ ថែមទាំងមិនរវីរវល់ថែមទៀត។ យ៉ាងណា អាការៈទាំងនេះក៏មិនមែនជាបញ្ហាតូចតាចដូចយើងគិតទេ ព្រោះថាអាចជារោគសញ្ញាជំងឺបេះដូង ដែលជាឃាតកលេខ ១ សម្លាប់មនុស្សច្រើនបំផុតលើលោក។ អត្ថបទខាងក្រោម នឹងបញ្ជាក់ខ្លះៗ ពីរោគសញ្ញាសាមញ្ញា ប៉ុន្តែវាកើតចេញពីបញ្ហាបេះដូង។
នៅពេលមុខងារសរសៃឈាមអាក់ទែ និងបេះដូង ចាប់ផ្តើមចុះខ្សោយ រោគសញ្ញាបញ្ហាសុខភាពមួយចំនួន នឹងកើតមានលើផ្នែកផ្សេងនៃរាងកាយ ។ នេះជាការអះអាងពីវេជ្ជបណ្ឌិត John Erwin អ្នកឯកទេសសរសៃឈាមបេះដូង នៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលរដ្ឋតិចសាស់ (Texas A&M Health Science Center)។ អ្វីគួរឲ្យព្រួយបារម្ភ វេជ្ជបណ្ឌិត John Erwin បានលើកឡើងពីរោគសញ្ញាសុខភាពសាមញ្ញា ៦យ៉ាង អាចធ្វើឲ្យយើងភ្ញាក់ផ្អើល ព្រោះថាសុទ្ធសឹងជារោគសញ្ញាជំងឺបេះដូង ក៏ជាអ្វីគ្នាយើងត្រូវតែដឹង។ ព្រោះការយកចិត្តទុកដាក់លើបញ្ហាទាំងនេះ អាចជួយយើងគេចផុតពីការស្លាប់ ជួយសុខភាពល្អឡើងវិញបាន ខណៈរោគសញ្ញាទាំងនោះមាន៖
១- ខ្សោយ ឬខូចមុខងារផ្លូវភេទ
គ្នាយើងមួយចំនួនគិតថា បញ្ហាខ្សោយមុខងារផ្លូវភេទ គឺដោយសារបញ្ហាសរីរាង្គបន្តពូជ ឬមកពីបញ្ហាខួរក្បាល។ យ៉ាងណា ពិសេសប្រុសៗតែម្តង បញ្ហាសុខភាពផ្លូវភេទមួយនេះ អាចជារោគសញ្ញាជំងឺសរសៃឈាមអាក់ទែ។
ការឡើងក្រាស់ជញ្ជាំងសរសៃឈាម នឹងធ្វើឲ្យលិង្គមិនអាចឡើងរឹង ឬរឹងមិនបានយូរ ខណៈស្រីៗវិញ នឹងធ្វើឲ្យចំណង់ផ្លូវភេទថយចុះ ជាធម្មតាកើតឡើងក្រោយអស់រដូវ។ លើសពីនេះ ស្រីៗឆាប់អស់រដូវ កាន់តែប្រឈមវិវត្តទៅរកជំងឺបេះដូង។
ត្រូវចាំថា បញ្ហាអស់រដូវដោយធម្មតា មិនអាចបង្កជាជំងឺសរសៃឈាមបេះដូងក៏ពិតមែន ប៉ុន្តែវេជ្ជបណ្ឌិត Erwin លើកឡើងថា នៅពេលអស់រដូវ ស្រីៗនៅតែប្រឈមជំងឺបេះដូង ដោយសារការប្រែប្រួលសម្ពាធឈាម និងកំណើនជាតិខ្លាញ់ នឹងកើតមានជាមួយគ្នា។ ជាមួយគ្នានេះ ស្រីៗគ្នាយើង ដែលមានទម្លាប់រស់នៅមិនល្អ ក៏មិនគួរមើលរំលងបញ្ហាសុខភាពនេះដែរ។
២- ស្រមុក ឬគេងមិនដកដង្ហើម
រឿងតានតឹងអារម្មណ៍បំផុតក្នុងជីវិតយើង គឺត្រូវដេកជាមួយមនុស្សស្រមុក។ ប៉ុន្តែក្រៅពីរំខានអ្នកក្បែរខ្លួន អាការៈស្រមុក អាចជារោគសញ្ញាជាក់លាក់មួយរបស់ជំងឺបេះដូង ខណៈស្រមុក ក៏ជារោគសញ្ញាជំងឺគេងមិនដកដង្ហើម ដែលធម្មតាកើតឡើងពេលព្រឹក ពេលយើងមានអារម្មណ៍ងងុយខ្លាំង។
វេជ្ជបណ្ឌិត Erwin និយាយថា គេងមិនដកដង្ហើម អំឡុងពេលណាមួយដែលយើងគេង គឺមានទំនាក់ទំនងជាមួយការប្រែប្រួលបញ្ហាសុខភាព ដែលនាំឲ្យកើតហានិភ័យកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
លោកថា បើយើងបានដឹង និងធ្វើការព្យាបាលជំងឺគេងមិនដកដង្ហើមបាន គឺអាចកាត់បន្ថយបញ្ហាបេះដូងដូចគ្នា។ ហេតុនេះ នៅពេលណាមួយយើងជួបមិត្តភ័ក្តិ ឬសមាជិកគ្រួសារ មានបញ្ហាស្រមុក គួរណែនាំឲ្យទៅជួបពេទ្យ ល្អជានៅស្ងៀម និងត្អូញត្អែរដោយសារសំឡេងស្រមុកខ្លាំងៗ។
៣- ហូរឈាម ឈឺ ឬហើមអញ្ចាញធ្មេញ
មានគ្នាយើងតិចណាស់គិតថា បញ្ហាអញ្ចាញធ្មេញ អាចមានទំនាក់ទំនងជាមួយជំងឺបេះដូង។ យ៉ាងណា បញ្ហាអញ្ចាញធ្មេញ គ្មានផាសុកភាព ក៏ជារោគសញ្ញាមួយនៃជំងឺអញ្ចាញធ្មេញ (Periodontis) ដូចគ្នា។ ឆ្លងមេរោគអញ្ចាញធ្មេញ ជាករណីធ្ងន់ធ្ងរមួយ អាចនាំឲ្យខូតអញ្ចាញធ្មេញ និងបំផ្លាញឆ្អឹងថ្គាមយើងតែម្តង។
តាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Erwin ជំងឺអញ្ចាញធ្មេញ អាចបង្កជាការរលាកគ្រប់សរីរាង្គក្នុងរាងកាយ ខណៈបញ្ហារលាកទាំងនេះ ជាកត្តាហានិភ័យចម្បងវិវត្តទៅជាជំងឺបេះដូង។
ហេតុនេះ ជារឿងល្អបំផុត គ្នាយើងទាំងអស់ គួរទៅជួបទន្តពេទ្យ ដើម្បីដោះស្រាយបញ្ហាសុខភាពមាត់ធ្មេញ ហើយត្រូវដុសធ្មេញឲ្យបានទៀងទាត់។
អត្ថបទពាក់ព័ន្ធ៖
- ក្មេងក៏ដោយ អ្នកមានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង
- សញ្ញាគាំងបេះដូង ស្រីៗភាគច្រើនមិនសូវខ្វល់ តែគ្រោះថ្នាក់ធ្ងន់
- ជប៉ុនខ្លាំងមែន! ជោគជ័យលើការវះកាត់ដាក់កោសិកាសាច់ដុំបេះដូង
៤- រួយ ឬឈឺ នៅតំបន់ក និងស្មា
អំឡុងពេលករណីគាំងបេះដូងកើតឡើង មនុស្សមួយចំនួនអាចនឹងមានអារម្មណ៍ ដូចមានដំរីកំពុងអង្គុយលើទ្រូង ខណៈមនុស្សចំនួន មានអារម្មណ៍ស្ពឹកដៃ។ យ៉ាង ក៏មិនមែនមនុស្សទាំងអស់ មានអារម្មណ៍បែបនេះអំឡុងពេលគាំងបេះដូងដែរ ព្រោះផ្ទុយពីអាការៈខាងលើ អ្នកមានជំងឺគាំងបេះដូង មួយចំនួន មានអារម្មណ៍មិនស្រួល ឬឈឺ មានសម្ពាធ នៅតំបន់ក ថ្គាម និងស្មា ដោយអាការៈមិនមានផាសុកភាពទាំងនេះ ជាសញ្ញាតែមួយគត់ នៃបញ្ហាឈឺបេះដូង និងគាំងបេះដូង។
៥- ហើមជើង និងប្រអប់ជើង
ជើង និងប្រអប់ជើង អាចនឹងហើមគ្រប់ពេល អាស្រ័យលើហេតុផលសុខភាពមួយចំនួន រាប់បញ្ចូលទាំងការឡើងកម្តៅនៅតំបន់នៅដូចគ្នា។ យ៉ាងណា ហើមជើង និងប្រអប់ជើង ក៏ជារោគសញ្ញាជំងឺខ្សោយបេះដូង ហើយកាន់តែច្បាស់តែម្តង ក្នុងករណី គ្នាយើងមានបញ្ហាដកដង្ហើមបានខ្លីៗ ឬពិបាកដកដង្ហើម អំឡុងពេលបញ្ចេញកម្លាំង និងពេលកំពុងព្យាយាមគេង។
ពិតណាស់ បញ្ហាហើមជើង ពេលមួយថ្ងៃដែលកត្តាធម្មជាតិ អាចនឹងបាត់ទៅវិញក្រោយបានសម្រាកនៅពេលយប់ ប៉ុន្តែបើគ្នាយើងមានបញ្ហានេះទៀងទាត់ ឬកាន់តែធ្ងន់ធ្ងរឡើង គួរប្រញាប់ទៅជួយគ្រូពេទ្យ ពិនិត្យមើល ថាតើវាមានទំនាក់ទំនងជាមួយជំងឺខ្សោយបេះដូងដែរអត់។
អត្ថបទពាក់ព័ន្ធ៖
៦- មានបញ្ហារំលាយអាហារ និងក្រហាយទ្រូង
ក្រហាយទ្រូង និងបញ្ហាប្រព័ន្ធរំលាយអាហារ ជាបញ្ហាសុខភាពទូទៅ កម្រធ្ងន់ធ្ងរណាស់ ប៉ុន្តែក្នុងករណីខ្លះ ក្រហាយទ្រូង និងឈឺចុកចាប់ផ្នែកខាងលើពោះ អាចជាសញ្ញាជំងឺបេះដូង និងគាំងបេះដូង។ លើសពីនេះ ឧស្សាហ៍មានបញ្ហាមិនស្រួលពោះ ខ្យល់ក្នុងពោះ ពិសេសអាការៈត្អើក អាចនឹងកើតមុនគេ ដូច្នេះបើមានបញ្ហាក្រហាយទ្រូង ពិបាករំលាយអាហារ ឬត្អើក គួបផ្សំជាមួយ អាការៈចង្អោរ បែកញើស ដង្ហើមខ្លី ឬឈឺក្បាលតិចៗ គ្នាយើងគួរប្រញាប់ទៅជួយពេទ្យជាបន្ទាន់។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗធាត់ អាចពាក់ព័ន្ធនឹងជំងឺបេះដូង ចុះធាត់កន្លែងណាខ្លះត្រូវភ័យ?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]