backup og meta

ដើរ​ព្រៃបោះតង់ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និង​ផ្លូវ​ចិត្ត

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ May 25, 2020

    ដើរ​ព្រៃបោះតង់ ផ្ដល់អត្ថប្រយោជន៍ទាំងផ្លូវកាយ និង​ផ្លូវ​ចិត្ត

    បច្ចុប្បន្ន ការ​ដើរ​ព្រៃ​កំពុង​ពេញ​និយម​ណាស់ ពិសេស​ក្នុង​ក្រុម​យុវវ័យគ្នា​យើង តែង​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង។ ចុះ​មាន​ដឹង​ថា ដើរ​ផ្សង​ព្រេង បោះ​តង់​ក្នុង​ព្រៃ មាន​ប្រយោជន៍​អី​ខ្លះ​អត់? បើ​មិន​ទាន់​ដឹង ចាំ “Hello គ្រូពេទ្យ’ ប្រាប់​ពេល​នេះ​ឲ្យ​ដឹង​ទាំង​អស់​គ្នា។

    ១- អាច​គេច​ផុត​ពី​ជាតិ​ពុល​ក្នុង​បរិយាកាស

    ព្រៃ គឺ​នៅ​ឆ្ងាយ​ពី​ទី​ក្រុងឬតំបន់​ឧស្សាហកម្ម​ មាន​ខ្យល់​បរិសុទ្ធ និង​គ្មាន​ជាតិ​ពុល​ក្នុង​បរិយាកាស​នោះ​ទេ។ អំឡុង​សម្រាក​លំហែ​កាយ​ក្នុង​ព្រៃ យើង​នឹង​ដក​ដង្ហើម​ជាមួយ​បរិយាកាស​បរិសុទ្ធ ផ្ទុយ​ពី​ខ្យល់​ដែល​មាន​ក្នុង​ទីក្រុង​ជាច្រើន ពោរពេញ​ដោយ​ខ្យល់​កខ្វក់ ដែល​ធ្វើ​ឲ្យ​យើង​ងាយ​ថប់​ដង្ហើម។ ចំណាយ​ពេល​ខ្លះ​នៅ​ក្នុង​ព្រៃ ជាមួយ​នឹង​ខ្យល់​បរិសុទ្ធ គ្មាន​ជាតិ​ពុល អាច​នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្និទ្ធ​ស្នាល​ជាមួយ​ធម្មជាតិ។

    ២- ជួយ​ផ្តាច់​ខ្លួន​ចេញ​ពី​ឧបករណ៍​​អេឡេត្រូនិក

    សព្វថ្ងៃ​នេះ ជីវិត​មនុស្ស​យើង ត្រូវ​បាន​គាប​សង្កត់​ដោយ​ពពួក​ឧបករណ៍​អេឡិចត្រូនិក​ ពោរពេញ​ដោយ​ជាតិ​វិទ្យុសកម្ម ពិសេស​គឺ​ទូរសព្ទវ័យ​ឆ្លាត​តែ​ម្តង។ ប៉ុន្តែ​នៅ​ក្នុង​ព្រៃ បណ្តាញ​ទូរសព្ទ មិន​ជា​ល្អ​នោះ​ឡើយ អាច​ជួយ​យើង​ចាក​ឆ្ងាយ​ពី​ទូរសព្ទ​ដែល​តែ​នៅ​ជាប់​ខ្លួន​យើង​គ្រប់​ពេល​វេលា​នោះ និងជំនួស​មក​វិញ​នូវ​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​​មនុស្ស​ជុំ​វិញ​ខ្លួន ដែល​ចូល​រួម​បោះ​តង់​ជាមួយ​យើង។

    ៣- ជួយ​កាត់បន្ថយ​បញ្ហា​ស្ត្រេស​យ៉ាង​មាន​ប្រសិទ្ធភាព

    ព្រៃ​ជា​កន្លែង​ដ៏អស្ចារ្យ អាច​ជួយ​ព្យាបាល​យើង​ទាំង​អស់​គ្នា​ចេញ​ពី​ភាព​ស្ត្រេស​យ៉ាង​មាន​ប្រសិទ្ធភាព។ អំឡុង​ពេល​កំពុង​បោះ​តង់​កម្សាន្ត​ជាមួយ​ធម្មជាតិ​ព្រៃ​ភ្នំ យើង​មិន​ចាំបាច់​ធ្វើ​ការ​ងារ​ផ្សេងៗ មិន​ចាំ​បាច់​ធ្វើ​អ្វី​តាម​កាល​វិភាគ​បាន​រៀប​ចំ​ទុក នាំ​ឲ្យ​ភាព​តាន​តឹង ជាហេតុនាំឲ្យ​​បញ្ហា​ស្ត្រេស​ទាំង​អម្បាល​ម៉ាន ត្រូវ​រលាយ​ក្លាយ​ជា​ខ្យល់​បាត់​ចេញ​ពី​ជីវិត​យើង​ភ្លាមៗ។ លើស​ពី​នេះ បោះ​តង់​ក្នុង​ព្រៃ​ថែម​ទាំង​អាច​ជួយ​ជំរុញ​ថាមពល​រាងកាយ​ខ្លាំង​ក្លា ហើយ​នៅ​ពេល​យើង​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ក៏​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​ថែម​ទៀត។

    អត្ថបទពាក់ព័ន្ធ៖

    ៤- ជួយ​យើង​បញ្ចេញ​សកម្មភាព​រាងកាយ​បាន​ច្រើន

    ដូច​ដឹង​ស្រាប់ បច្ចុប្បន្ន​នេះ គ្នា​យើង​ភាគ​ច្រើន​រវល់​ការងារ ព្រលឹម​ចេញ​ព្រលប់​ចូល មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ឲ្យ​រាងកាយ​បញ្ចេញ​សកម្មភាព​បាន​ច្រើន​នោះ​ទេ។ ប៉ុន្តែ​អំឡុង​ពេល​ដើរ​កម្សាន្ត​ក្នុង​ព្រៃ គ្នា​យើង​ច្បាស់​ជា​ត្រូវ​ការ​ដើរ​ច្រើន នាំ​ឲ្យ​យើង​អាច​បញ្ចេញ​សកម្មភាព​ទាំង​អស់​ដែល​យើង​មាន ដោយ​គ្មាន​ជំនួយ​ពី​គ្រឿង​ម៉ាស៊ីន​នោះ​ទេ រាប់​បញ្ចូល​ទាំង​ការ​ដើរ​រក​ឧស​បង្កាត់​ភ្លើង ដើរលេង ដែល​សុទ្ធ​សឹង​អាច​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​សកម្មភាព​បាន​ច្រើន។ លើស​ពី​នេះ ពេល​ខ្លះ​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​បញ្ចេញ​សកម្ម​ភាព​ស្រប​គ្នា​ជាមួយ​រាង​កាយ​ទៀត​ផង ជួយ​យើង​ចៀស​ផុត​ពី​ការ​ពឹង​ផ្អែក​តែ​លើ​គ្រឿង​ម៉ាស៊ីន​គ្រប់​ពេល​ក្នុង​ជីវិត។

    ៥- ផ្តល់​ពេល​វេលា​ដ៏អស្ចារ្យ​សម្រាប់​ខ្លួន​ឯង

    ដើរ​កម្សាន្ត បោះ​តង់​សម្រាក​ក្នុង​ព្រៃ មាន​ន័យ​ថា យើង​កំពុង​ផ្តល់​ពេល​វេលា​ដ៏​អស្ចារ្យ​សម្រាប់​ខ្លួនឯង ជាមួយ​ធម្មជាតិ​​ដ៏​ស្រស់​ស្អាត ព្រោះ​គ្នា​យើង​ភាព​ច្រើន ​រវល់​ខ្លាំងនឹងការងារ ភ្លេច​ទាំង​ផ្តល់​ឲ្យ​ខ្លួន​ឯង​នូវ​ពេល​វេលា​ល្អ​ៗ។ អំឡុង​ពេល​បោះ​តង់​ក្នុង​ព្រៃ យើង​នឹង​កាន់​តែ​ស្គាល់​ខ្លួន​យើង​ច្បាស់ ដឹង​ច្បាស់​ពី​លទ្ធភាព និង​សមត្ថភាព​របស់​ខ្លួន​ឯង ខណៈ​ចំណុច​នេះ អាច​ជាផ្លូវ​ត្រួស​ត្រាយ​ទៅ​កាន់​ភាព​ជោគជ័យ​នៃ​ជីវិត​ទៅ​ថ្ងៃ​អនាគត។ នៅ​ពេល​ដែល​យើង​ដឹង​ច្បាស់ ស្គាល់​ច្បាស់​ពី​កម្លាំង​ដ៏​អស្ចារ្យ​ដែល​ខ្លួន​យើង​មាន យើង​នឹង​កាន់​តែ​ជឿ​ជាក់​លើ​ខ្លួន​ឯង អាច​បំពេញ​ចន្លោះ​ខ្វះ​ខាត​នា​ពេល​កន្លង​មក​បាន​យ៉ាង​ងាយ។

    ៦- ព្រៃ​មាន​គុណ​ប្រយោជន៍​ច្រើន​លើស​អ្វី​យើង​គិត​ដល់

    ព្រៃ​ និង​ធម្មជាតិ បាន​លាក់​ទុក​នូវភាព​អស្ចារ្យ​របស់​ខ្លួន​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​សម្រាប់​មនុស្ស​លោក​យើង​នេះ។ ជាក់​ស្តែង កាំរស្មី​ព្រះអាទិត្យ ចាំងជះ​មក​លើ​យើង​នា​ពេល​ព្រឹក​ព្រលឹម ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមី D ដែល​រាងកាយ​យើង​មិន​អាច​ផលិតបាន​ដោយ​ខ្លួន​ឯង និង​ត្រូវ​ការ​ជា​ចាំ​បាច់។

    មួយ​ទៀត នៅ​ពេល​យើង​ដើរ​ក្នុង​ព្រៃ យើង​នឹង​ទទួល​បាន​បទពិសោធន៍​ជីវិត​ពិត​ពី​ធម្មជាតិ យល់​ច្បាស់​ពី​ភាព​សំខាន់ ក៏​ដូច​ជា​ភាព​ស្មុគ​ស្មាគ​ក្នុង​ជីវិត​រស់​នៅ​របស់​យើង។ យើង​ក៏​អាច​ទទួល​បាន នូវ​ថាម​ពល​ដ៏​អស្ចារ្យ​សម្រាប់​រាងកាយ ហើយ​ការ​ទទួល​បាន​ថាម​ពល​ឡើង​វិញ ជា​រឿង​ចាំ​បាច់​បំផុត​សម្រាប់​ជីវិត​រស់​នៅ​របស់​មនុស្សយើង។

    ជាមួយ​ចំណុច​ទាំង​អស់​រៀប​រាប់​ខាង​លើ​នេះ ការ​ដើរ​កម្សាន្ត​ក្នុង​ព្រៃ បោះ​តង់​សម្រាក​ជាមួយ​ធម្មជាតិ​ដ៏ស្រស់ស្អាត នឹង​ជួយ​យើង​បាន​ច្រើនទាំង​កម្លាំង​កាយ កម្លាំង​ចិត្ត ​និងអាច​ជួយ​ឲ្យ​យើង​រួម​គ្នា​ជា​ធ្លុង​មួយ​ការពារ​ធម្មជាតិ ដូចជា​ការ​ពារ​ភព​ផែន​ដី​របស់​យើង​ឲ្យ​បន្តនៅស្រស់បំព្រង​នា​ថ្ងៃ​អនាគត​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ សន សុភា · កែ May 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម