១- អ្វីទៅជាជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ?
ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ Unipolar ឬ Major depressive disorder សំដៅលើបញ្ហាផ្លូវអារម្មណ៍ មានពិបាកចិត្តជាប់រហូត បាត់បង់ចំណង់ចំណូលចិត្តជាដើម។ បាក់ទឹកចិត្តធ្ងន់ធ្ងរ Unipolar មិនអាចបែងចែកដាច់ថាខុសគ្នា រវាងជំងឺបាក់ទឹកចិត្ត និងជំងឺផ្លូវអារម្មណ៍ ផ្សេងគ្នាបានទេ ដែលគេសំដៅលើដំណាក់កាលអារម្មណ៍ទៅលើទំនាក់ទំនងបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរចំនួន ២ មានបាក់ទឹកចិត្ត និងឡប់សតិ។ មួយវិញទៀត ជំងឺបាក់ទឹកចិត្ត Unipolar មានតែសញ្ញាធ្លាក់ចុះផ្លូវអារម្មណ៍ ឬក៏សញ្ញាអារម្មណ៍អវិជ្ជមានប៉ុណ្ណោះ។

យ៉ាងណា ជំងឺបាក់ទឹកចិត្តត្រូវបានសមាគមវេជ្ជសាស្ត្រស្វែងយល់បានច្រើន ជួយឲ្យងាយស្រួលព្យាបាល តាមរយៈការប្រើប្រាស់ថ្នាំ និងព្យាបាលតាមការនិយាយចេញនូវបញ្ហា។
២- បាក់ទឹកចិត្តធ្ងន់ធ្ងរកើតឡើងញឹកញាប់ដែរទេ?
វាជាជំងឺផ្លូវចិត្ត មួយក្នុងចំណោមជំងឺផ្លូវចិត្ត ឧស្សាហ៍កើតញឹកញាប់បំផុត ខណៈយោងតាមអង្គការសុខភាពពិភពលោក ចេញផ្សាយឆ្នាំ ២០១០ ជំងឺបាក់ទឹកចិត្ត បានឈរនៅលើជំងឺផ្លូវចិត្តផ្សេងទៀតដែលឧស្សាហ៍កើតបំផុត។ សូមពិភាក្សាជាមួយគ្រូពេទ្យដើម្បីព័ត៌មានលម្អិត។
៣- រោគសញ្ញាជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរមានអ្វីខ្លះ?
សញ្ញាទូទៅជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ មានដូចជា៖
– អារម្មណ៍ពិបាកចិត្ត សោកសៅ ចង់តែយំ គ្មានអ្វីក្នុងខ្លួន អស់សង្ឃឹមខ្លាំង
– ខឹងខ្លាំងភ្លាមៗ មួម៉ៅ ធុញថប់សូម្បីតែរឿងបន្តិចបន្តួច
– បាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពធ្វើឲ្យសប្បាយចិត្ត ដូចជា រួមភេទ លេងកីឡា
– មានបញ្ហាការគេង ដូចជា គេងមិនលក់ ឬគេងច្រើនខុសប្រក្រតី
– ឆាប់អស់កម្លាំង គ្មានថាមពលក្នុងខ្លួន សូម្បីតែការងារតិចតួច
– លែងចង់ញ៉ាំអាហារ ស្រកទម្ងន់ ឬញ៉ាំច្រើនពេក ឡើងទម្ងន់។
– ថប់បារម្ភ ឡេះឡះ មិនសុខក្នុងខ្លួន។
– គិតយឺត និយាយមួយៗ កាយវិការ ក៏យឺតៗ
– មានអារម្មណ៍ថាខ្លួនគ្មានតម្លៃ គ្មានបានការ ឬមានអារម្មណ៍ថាខ្លួនឯងមានកំហុសក្នុងរឿងអតីតកាល បន្ទោសខ្លួនឯង
– ពិបាកក្នុងការគិត មិនសូវយកចិត្តទុកដាក់ ពិបាកសម្រេចចិត្ត និងចងចាំរឿងរ៉ាវមិនល្អផ្សេងៗ
– មានគំនិតចង់ស្លាប់ញឹកញាប់ ឬប៉ុនប៉ងសម្លាប់ខ្លួនឯង
– មានបញ្ហាសុខភាពគ្មានមូលហេតុ ដូចជា ឈឺខ្នង ឬឈឺក្បាល។
បើសញ្ញាទាំងនេះ ជាទូទៅងាយជំងឺកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់ទំនាក់ទំនងក្នុងសកម្មភាពប្រចាំថ្ងៃជាមួយមនុស្សជុំវិញខ្លួន ដូចជា នៅកន្លែងធ្វើការ ឬក្នុងសង្គមជាដើម។
អាចមានរោគសញ្ញាមួយចំនួនមិនបានរៀបរាប់ខាងលើ ហេតុនេះបើមានកង្វល់រោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។
៤- គួរទៅជួបពេទ្យពេលណា?
បើមានអារម្មណ៍ថាខ្លួនបាក់ទឹកចិត្ត សូមទាក់ទងទៅគ្រូពេទ្យ ឬអ្នកជំនាញខាងផ្លូវចិត្ត ឲ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន។ បើស្ទាក់ស្ទើរមិនហ៊ានទៅជួបពេទ្យ សូមរកមិត្តភក្តិ ឬក្រុមគ្រួសារ មនុស្សយើងទុកចិត្ត ដើម្បីនិយាយជាមួយ។ បើមានសញ្ញាដូចបានរៀបរាប់ខាងលើ ឬមានចម្ងល់បន្ថែម សូមពិគ្រោះជាមួយគ្រូពេទ្យ ព្រោះមនុស្សគ្រប់គ្នាមានរោគសញ្ញាដូចគ្នាទាំងអស់នោះទេ។ ចាំបាច់ត្រូវពិភាក្សាជាមួយគ្រូពេទ្យពីស្ថានភាពយើងផ្ទាល់។
៥- មូលហេតុបង្កឲ្យមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ?
គេនៅមិនទាន់ដឹងមូលហេតុច្បាស់លាស់ពាក់ព័ន្ធជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរនៅឡើយទេ។ ប៉ុន្តែមានកត្តាមួយចំនួនជាប់ទាក់ទងជាមួយជំងឺនេះដូចជា៖
– ភាពខុសគ្នាផ្នែកជីវសាស្ត្រ៖ បើយើងមានជំងឺនេះ តែងមានការប្រែប្រួលក្នុងខួរក្បាល ប៉ុន្តែពុំទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយ។ យ៉ាងនេះ កត្តានេះនៅតែត្រូវគេជឿថាមូលហេតុបង្កមួយ។
– ធាតុគីមីក្នុងខួរក្បាល៖ (Neurotransmitters) ជាធាតុគីមីក្នុងខួរក្បាល ដើរតួនាទីសំខាន់ក្នុងជំងឺបាក់ទឹកចិត្តនេះ។ ការស្រាវជ្រាវថ្មីៗបង្ហាញថា ការផ្លាស់ប្តូរដំណើរការ និងការប៉ះពាល់ដល់ធាតុគីមី Neurotransmitters ទាំងនេះ រួមទាំងរបៀបដែលសារធាតុគីមីមានទំនាក់ទំនងជាមួយប្រព័ន្ធប្រសាទណឺរ៉ូន សុទ្ធតែពាក់ព័ន្ធនឹងភាពនឹងនររបស់អារម្មណ៍ដែលមានតួនាទីសំខាន់ធ្វើឲ្យកើត ក៏ដូចជាការព្យាបាលជំងឺនេះតែម្តង។
ការផ្លាស់ប្តូរលំនឹងអ័រម៉ូន ក៏អាចភ្ញោច និងបង្កជំងឺនេះបានដែរ។ ការផ្លាស់ប្តូរអ័រម៉ូ អាចបណ្តាលមកពីការមានផ្ទៃពោះ ប៉ុន្មានអាទិត្យ ឬអាចប៉ុន្មានខែក្រោយសម្រាលកូន បញ្ហាក្រពេញទីរ៉ូអ៊ីត ការអស់រដូវ និងស្ថានភាពជំងឺជាច្រើនទៀត។
– កត្តាតំណពូជ៖ ជំងឺនេះ កើតឡើងញឹកញាប់លើអ្នកមានសាច់ញាតិបងប្អូន កំពុងកើត ឬធ្លាប់មាន ជំងឺបាក់ទឹកចិត្តប្រភេទនេះ។ ក្រុមអ្នកស្រាវជ្រាវបង្ហាញថា ហ្សែនក៏អាចបង្កឲ្យមានជំងឺបាក់ទឹកចិត្តនេះបានដែរ។
៦- កត្តាប្រឈមជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ?
កត្តាប្រឈមមានដូចជា៖
– មានចរិតគ្មានទំនុកចិត្តលើខ្លួនឯង ចរិតពឹងពាក់អ្នកដទៃច្រើនពេក បន្ទោសខ្លួនឯងច្រើន ទុទ្ទិដ្ឋិនិយម។
– ធ្លាប់ជួបហេតុការណ៍រន្ធត់ ដូចជា អំពើហឹង្សា ការរំលោភ ការស្លាប់ បាត់បង់មនុស្សជាទីស្រលាញ់ ឬបញ្ហាលុយកាក់ជាដើម។
– ប្រវត្តិគ្រួសារ ធ្លាប់មានសាច់ញាតិមានជំងឺធ្លាក់ទឹកចិត្ត ជំងឺប្រែប្រួលអារម្មណ៏ពីរផ្សេងគ្នា ញៀនស្រា ឬសម្លាប់ខ្លួន។
– ស្រលាញ់ភេទដូចគ្នា ស្រលាញ់ទាំងពីរភេទ ឬវះកាត់ប្តូរភេទ បញ្ហាការលូតលាស់ប្រដាប់ភេទដែលមិនច្បាស់ថាខ្លួនជាប្រុស ឬជាស្រី (intersex) សុទ្ធតែស្ថិតក្នុងការប្រឈម។
– មានប្រវត្តិជំងឺផ្លូវចិត្ត ដូចជា ជំងឺថប់បារម្ភ ទាក់ទងនឹងការញ៉ាំអាហារ ឬធ្លាប់ជួបហេតុការណ៍រន្ធត់ណាមួយ (PTSD)។
– ញៀនស្រា ឬញៀនថ្នាំ
– មានជំងឺធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ ដូចជា មហារីក ដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូងរាំរ៉ៃ។
– ថ្នាំមួយចំនួន ដូចជា ថ្នាំលើសឈាម ឬថ្នាំងងុយដេក (សូមពិគ្រោះជាមួយគ្រូពេទ្យ មុននឹងឈប់ប្រើថ្នាំ)។
ព័ត៌មាននេះ មិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ សម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យឯកទេសផ្លូវចិត្ត នឹងវាយតម្លៃសុខភាពយើងតាមរយៈតេស្តពិនិត្យជំងឺបាក់ទឹកចិត្ត ហេតុនេះត្រូវទៅជួបគ្រូពេទ្យឲ្យបានទៀងទាត់។ គ្រូពេទ្យនឹងសួររឿងរ៉ាវផ្ទាល់ខ្លួន ព្រមទាំងប្រវត្តិគ្រួសារ ក៏ដូចជាសំណួរ នៅក្នុងតេស្តសម្រាប់ជំងឺផ្លូវចិត្តនេះទៀតផង។
ពុំមានការធ្វើតេស្តឈាម ថតកាំរស្មីអ៊ិច ឬតេស្តបែបមន្ទីរពិសោធន៍ណាមួយ ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺនេះទេ។ យ៉ាងណា ពេទ្យក៏អាចសុំធ្វើតេស្តឈាមខ្លះដើម្បីជួយរកមើលស្ថានភាពសុខភាពផ្សេងទៀត ដែលមានរោគសញ្ញាស្រដៀងគ្នាទៅនឹងជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ដូចជា ជំងឺខ្សោយមុខងារក្រពេញទីរ៉ូអ៊ីត ដែលមានរោគសញ្ញាដូចគ្នានឹងជំងឺបាក់ទឹកចិត្ត ឬបញ្ហាញៀនស្រា ញៀនថ្នាំ ការប្រើប្រាស់ថ្នាំមួយចំនួន និងបញ្ហាស្ត្រេសជាដើម។
៨- ព្យាបាលដោយវិធីណា?
ទោះបីជាជំងឺនេះធ្ងន់ធ្ងរក៏ពិតមែន តែយើងនៅតែអាចព្យាបាលបាន។ ដោយការព្យាបាល អាស្រ័យលើកម្រិតសញ្ញាយើងមាន គ្រូពេទ្យឯកទេសនឹងណែនាំការព្យាបាលជាមួយថ្នាំ Antidepressant។
ពេទ្យក៏អាចណែនាំវិធីព្យាបាលបែបចិត្តសាស្ត្រ ឬតាមការនិយាយផងដែរ អនុញ្ញាតឲ្យយើងនិយាយរឿងក្នុងចិត្តចេញមកក្រៅ។
ពេលខ្លះពេទ្យអាចប្រើថ្នាំផ្សេងបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពថ្នាំ ប្រឆាំងជំងឺបាក់ទឹកចិត្ត ហើយមនុស្សមួយចំនួន គឺត្រូវនឹងថ្នាំទាំងនោះ ធ្វើឲ្យស្ថានភាពជំងឺប្រសើរឡើង។ អាចជារឿងចាំបាច់គ្រូពេទ្យនឹងសុំដូរថ្នាំ ឬដូរកម្រិត ព្រោះដើម្បីការព្យាបាលកាន់តែមានប្រសិទ្ធភាព។
នៅមានការព្យាបាលផ្សេងទៀត ដូចជា ការព្យាបាលដោយចរន្តអគ្គិសនី ហៅថា ECT ឬ Shock Therapy។ គេប្រើវិធីព្យាបាលនេះ លុះត្រាតែការប្រើថ្នាំគ្មានប្រសិទ្ធភាព ឬរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
៩- ផ្លាស់ប្តូរទម្លាប់រស់នៅ
ការផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលតាមផ្ទះមួយចំនួនខាងក្រោមនេះ អាចជួយយើងសម្របខ្លួនទៅនឹងការព្យាបាលជំងឺបាក់ទឹកចិត្ត ដូចជា៖
– អនុវត្តតាមការព្យាបាលឲ្យបានជាប់លាប់។ សូមកុំរំលងថ្ងៃទៅទទួលសេវាពិគ្រោះផ្លូវចិត្ត ទោះបីជាមិនស្រួលខ្លួនក៏ដោយ ហើយកុំឈប់លេបថ្នាំ មិនដូច្នោះទេរោគសញ្ញា នឹងកាន់តែធ្ងន់ធ្ងរពេលកើតម្តងទៀត។ សូមចាំក្នុងចិត្តថា វាត្រូវចំណាយពេលយូរដើម្បីឲ្យយើងមានអារម្មណ៍ប្រសើរឡើងវិញ។
ស្វែងយល់ពីជំងឺបាក់ទឹកចិត្ត រៀនពីជំងឺខ្លួនកំពុងមាន អាចផ្តល់ថាមពល និងកម្លាំងចិត្តឲ្យយើងអនុវត្តតាមគម្រោងព្យាបាល។ លើកទឹកចិត្តក្រុមគ្រួសារយើង ឲ្យយល់ដឹងពីជំងឺនេះ ដើម្បីឲ្យពួកគាត់យល់ និងអាចជួយដល់យើងបាន។
– យកចិត្តទុកដាក់លើសញ្ញាព្រមាន សហការជាមួយគ្រូពេទ្យ ដើម្បីដឹងពីអ្វីដែលអាចភ្ញោចសញ្ញាជំងឺ។ សូមរៀបគម្រោងជាមុន ថាត្រូវធ្វើអ្វីនៅពេលសញ្ញាកាន់តែធ្ងន់ធ្ងរ។ ពិភាក្សាជាមួយគ្រូពេទ្យ បើសង្កេតឃើញមានការប្រែប្រួលសញ្ញា ឬអារម្មណ៍។ មួយវិញទៀត សូមប្រាប់សាច់ញាតិ ឬមិត្តភក្តិឲ្យជួយសង្កេតមើលសញ្ញាទាំងនោះ។
– ចៀសវាងការផឹកស្រា ឬប្រើប្រាស់ថ្នាំញៀន ទោះបីជាក្នុងរយៈពេលខ្លីក៏ដោយ ព្រោះអាចធ្វើឲ្យធូរស្រាលសញ្ញាក៏ពិតមែន តែក្នុងរយៈពេលវែងណាមួយវា នឹងធ្វើឲ្យការព្យាបាលជំងឺនេះកាន់តែពិបាក។
– មើលថែខ្លួនឯងផង ញ៉ាំអាហារមានសុខភាពល្អ ហាត់ប្រាណ ដេកឲ្យបានគ្រប់គ្រាន់។ សូមធ្វើសកម្មភាព ដូចជា ដើរ រត់ ហែលទឹក ថែសួនច្បារ ឬសកម្មភាពផ្សេងៗ ដើម្បីជួយឲ្យយើងសប្បាយចិត្ត។ ដេកបានត្រឹមត្រូវ ជាកត្តាសំខាន់ណាស់ សូមប្រាប់គ្រូពេទ្យបើយើងមានបញ្ហាក្នុងការគេង។
– រៀបចំជីវិតឲ្យសាមញ្ញ កាត់បន្ថយកាតព្វកិច្ចតាមអាចធ្វើបាន កំណត់គោលដៅខ្លួនឯង ឲ្យខ្លួនយើងបានសម្រាក បើសិនពិបាកចិត្ត។
– សរសេរកំណត់ត្រាក៏ជាផ្នែកមួយនៃការព្យាបាលដូចគ្នា អាចជួយសម្រួលអារម្មណ៍ ដោយឲ្យយើងបញ្ចេញកំហឹង ការឈឺចាប់ និងអារម្មណ៏ទាំងឡាយចេញមក។
– អានសៀវភៅ ឬគេហទំព័រល្អសម្រាប់ខ្លួនឯង។ ពេទ្យក៏អាចណែនាំសៀវភៅ ឬគេហទំព័រទាំងនោះដល់យើងបានដែរ។
– កុំនៅតែឯង ព្យាយាមចូលរួមក្នុងសកម្មភាពសង្គម ការជួបជុំគ្រួសារ ឬមិត្តភក្តិ។
– រៀនពីវិធីសម្រាក រំសាយស្ត្រេស ដូចជា តាំងសម្មាធិ ម៉ាស្សាសម្រួលសាច់ដុំ ហាត់យ៉ូហ្កា និងថៃជី ជាដើម។
– រៀបចំពេលវេលា អាចជួយដល់ការងារប្រចាំថ្ងៃបាន ដូចជា ការប្រើក្រដាសបិទ ដើម្បីរំលឹកពីអ្វីយើងត្រូវធ្វើក្នុងមួយថ្ងៃ។
– សូមកុំធ្វើការសម្រេចចិត្តក្នុងការងារធំៗ បើយើងកំពុងតែមិនសប្បាយចិត្ត។ ចៀសវាងការសម្រេចចិត្តពេលកំពុងបាក់ទឹកចិត្ត ព្រោះអំឡុងពេលនេះ យើងមិនអាចគិតគូរបានដិតដល់នោះឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Depression (major depressive disorder). http://www.mayoclinic.org/diseases-conditions/depression/home/ovc-20321449. Accessed August 1, 2017.
Clinical depression: What does that mean? http://www.mayoclinic.org/diseases-conditions/depression/expert-answers/clinical-depression/faq-20057770. Accessed August 1, 2017.
Major Depression (Unipolar Depression). https://www.psycom.net/depression.central.major.html. Accessed August 1, 2017.
Major Depression (Clinical Depression). http://www.webmd.com/depression/guide/major-depression#1. Accessed August 1, 2017.
Major Depression Among Adults. https://www.nimh.nih.gov/health/statistics/prevalence/major-depression-among-adults.shtml. Accessed August 1, 2017.
កំណែប្រែបច្ចុប្បន្ន
28/05/2019
អត្ថបទដោយ Sao Solynet
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ