ធ្លាក់ស ជាប្រតិកម្មធម្មជាតិរបស់ស្រីៗសំខាន់បំផុតមួយដើម្បីទ្រទ្រង់សុខភាពរាងកាយយើង ពិសេសការពារឆ្លងរោគ និងជួយទ្វារមាសឲ្យមានសំណើម។ ចុះបើធ្លាក់ស មានពណ៌ ឬធុំក្លិនមិនល្អ មកពីបញ្ហាអីវិញ? ប៉ះពាល់ដែរអត់? “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖
១- ធ្លាក់សធម្មតា និងធ្លាក់សដោយសារបញ្ហាសុខភាព
ធ្លាក់សបែបធម្មតា មានសភាពស្ដើង និងស្អិត ឬក្រាស់ និងអន្ធិលៗ។ តែពេលខ្លះ ក៏អាចមានសភាពថ្លា និងមានពណ៌ស ប៉ុន្តែគួរយកចិត្តទុក្ខដាក់ខ្ពស់ចំពោះរឿងនេះផង ព្រោះបើអាការៈធ្លាក់មានការប្រែប្រួលខុសប្រក្រតី អាចបញ្ជាក់ពីវត្តមានមេរោគ ឬជំងឺណាមួយ ដូចជា៖
– មានក្លិនស្អុយ
– ពណ៌បៃតង ពណ៌ប្រផេះ ឬមានសភាពដូចខ្ទុះ
– មានលក្ខណៈពពុះ ឬស្រដៀងឈីស
– ទ្វារមាសរមាស់ ក្ដៅ ហើម ឡើងក្រហម ឬមានសភាពមិនប្រក្រតី
បញ្ហាធ្លាក់សខុសប្រក្រតី អាចបណ្ដាលមកពីការឆ្លងរោគមាន ដូចជា ពពួក Vaginosis, Candidiasis (បង្ករោគដោយផ្សិត) និងមេរោគ Trichomoniasis។ បាក់តេរី Vaginosis និង Candidiasis អាចឆ្លង ទោះបីយើងមិនបានរួមភេទក្ដី ខណៈជំងឺប្រមេះ អាចធ្វើឲ្យស្រីៗធ្លាក់សខុសប្រក្រតីដូចគ្នា ហើយមេរោគមួយនេះ ឆ្លងតាមរយៈការរួមភេទមិនបានការពារ។ បើសង្កេតឃើញបញ្ហាធ្លាក់សខុសប្រក្រតី គួរទៅពិគ្រោះពេទ្យជំនាញឲ្យបានលឿន។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖

២- ពពួកមេរោគបាក់តេរីនាំឲ្យធ្លាក់សខុសប្រក្រតី
មេរោគផ្សិត អាចធ្វើឲ្យស្រីៗធ្លាក់ស មានពណ៌ស និងក្រាស់ ហើយច្រើនធ្វើឲ្យមានសភាពដូចឈីស។ បើយើងមានឆ្លងមេរោគផ្សិត Vaginosis អាចគ្មានក្លិនស្អុយខ្លាំងនោះទេ ប៉ុន្តែអាចមានបញ្ហារមាស់ និងមានអារម្មណ៍ក្ដៅខ្លាំង។
ស្រីៗឆ្លងបាក់តេរី Vaginosis នៅប្រដាប់បន្តពូជ ច្រើនធ្លាក់សមានធុំក្លិនស្អុយ និងឆ្អាបខ្លាំង មានសភាពស្ដើង និងមានពណ៌ប្រផេះ។
ឯមេរោគ Trichomoniasis ធ្វើឲ្យស្អុយខ្លាំងដូចគ្នា និងមានសភាពពពុះៗ មានពណ៌លឿងលាយបៃតង អាចធ្វើឲ្យមានបញ្ហារមាស់ និងឈឺចាប់ពេលបត់ជើងតូច។
ធ្លាក់សខុសប្រក្រតី អាចទាក់ទងបញ្ហាគ្រោះថ្នាក់ច្រើន ហេតុនេះគួរទៅជួបជាមួយគ្រូពេទ្យឲ្យបានជាប្រចាំ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។
សម្រាប់ស្រីៗធ្លាប់ឆ្លងកាត់ការរួមភេទ ឬធ្លាប់រួមភេទមិនបានប្រើស្រោមការពារ គឺប្រឈមការឆ្លងមេរោគកាមរោគកាន់តែខ្ពស់។ បើយើងគិតថា ធ្លាប់រួមភេទជាមួយដៃគូសង្ស័យមានផ្ទុកមេរោគកាមរោគ គួរទៅជួបជាមួយគ្រូពេទ្យឲ្យបានលឿនពិសេស ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ បើធ្លាក់សខុសធម្មតា មានលាយឡំជាមួយអាការៈក្ដៅខ្លួន ឈឺចាប់នៅក្នុងពោះ ឬនៅអាងត្រគាក។
អត្ថបទគួរអាន៖
៣- វិធីការពារបញ្ហាធ្លាក់សខុសប្រក្រតី
– មានអនាម័យទ្វារមាស ដោយលាងសម្អាតជាមួយសាប៊ូស្រាលៗ និងទឹកក្ដៅឧណ្ហៗ
– កាត់បន្ថយប្រើគ្រឿងសម្អាងមានក្លិន និងការងូតទឹកពពុះសាប៊ូ
– ហាមប្រើទឹកបាញ់លាងទ្វារមាស
– បន្ទាប់ពីបន្ទោបង់រួច ត្រូវជូតសម្អាតពីខាងមុខទៅក្រោយ ដើម្បីការពារកុំឲ្យមេរោគចូលទៅក្នុងទ្វារមាសបាន
– ស្លៀកខោទ្រនាប់ផលិតពីកប្បាស និងមិនត្រូវស្លៀកខោរឹបតឹងខ្លាំងទេ។
ចំណុចសំខាន់
ធ្លាក់សបែបធម្មតា មានសភាពស្ដើង និងស្អិត ឬក្រាស់ និងអន្ធិលៗ។ តែពេលខ្លះ ក៏អាចមានសភាពថ្លា និងមានពណ៌ស ប៉ុន្តែគួរយកចិត្តទុក្ខដាក់ខ្ពស់ចំពោះរឿងនេះផង ព្រោះបើអាការៈធ្លាក់មានការប្រែប្រួលខុសប្រក្រតី អាចបញ្ជាក់ពីវត្តមានមេរោគ ឬជំងឺណាមួយ ដូចជា៖
- មានក្លិនស្អុយ
- ពណ៌បៃតង ពណ៌ប្រផេះ ឬមានសភាពដូចខ្ទុះ
- មានលក្ខណៈពពុះ ឬស្រដៀងឈីស
- ទ្វារមាសរមាស់ ក្ដៅ ហើម ឡើងក្រហម ឬមានសភាព
- មានធ្លាក់ឈាម ទោះមិនមែនជាពេលមករដូវ។