backup og meta

ច្រឡំលេបទឹកកាម តើនឹងមានរឿងអ្វីកើតឡើង? គ្រោះថ្នាក់អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Apr 12, 2021

    ច្រឡំលេបទឹកកាម តើនឹងមានរឿងអ្វីកើតឡើង? គ្រោះថ្នាក់អត់?

    ទឹក​កាម​គឺ​ជា​ការ​លាយ​ចូល​គ្នា​រវាង សារធាតុ​រាវ ស្ពែម (មេជីវិត​ឈ្មោល) និងទឹក។ មនុស្ស​ប្រុសយើង​ផលិត​ស្ពែម​តាម​ការ​បាញ់​ចេញ​តាម​លិង្គ។ ​ទោះ​បី​ជា​ការ​លេប​ទឹក​កាម គឺ​មាន​សុវត្ថិភាព និង​មាន​មនុស្ស​ជា​ច្រើន​បាន​លេប​វា​ក្ដី ប៉ុន្តែ​វា​អាច​មាន​កត្តា​ប្រឈម​មួយ​ចំនួន ដែល​គ្នា​យើង​​គួរ​តែ​គិត​ដល់។

    មាន​មនុស្ស​ជា​ច្រើន​ប្រើ​មាត់ ជា​ផ្នែក​មួយ​នៃ​ការ​រួមភេទ​ ហើយ​ក្នុង​នោះ​មាន​ស្រីៗ​យើង​​មួយ​ចំនួន​ចូល​ចិត្ដ​លេប​ទឹក​កាមរបស់​ដៃគូ​ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត មិន​ហ៊ាន​លេប​ដែរ ដោយ​សារ​ខ្លាច និង​រអើម ហើយ​ពេល​ខ្លះ​ខាង​ប្រុសលះ​ក៏​មិន​សូវ​ចង់​ឲ្យ​ដៃ​គូរខ្លួន​លេប​ទឹក​កាម​របស់​ខ្លួន​ឯង​ដែរ។

    ដូច​នេះ​បាន​ជា​គេ​ណែ​នាំ ឲ្យ​ដៃ​គូ​គួរ​តែ​ពិភាក្សា​គ្នា​អំពី​រឿង​លើ​គ្រែនេះ ដើម្បី​ទទួល​បាន​អារម្មណ៍​ដែល​ខ្លួន​​ចង់​បាន ពី​ការ​រួមភេទ។

    ការ​លេប​ទឹក​កាម​ចូល​ក្នុង​ពោះ មិន​មែន​ជា​ការ​ចាំ​បាច់​សម្រាប់​ការ​រួមភេទ​ទាំង​អស់​នោះ​ទេ ដូច​នេះគ្នា​យើង​​មិន​ចាំ​បាច់​ត្រូវ​មាន​សម្ពាធ ថា​ត្រូវ​លេប ឬ​មិន​លេប​នោះ​ទេ យើង​​គួរ​តែ​ធ្វើ​តាម​អារម្មណ៍​របស់​ខ្លួន​ឯង។

    ក្នុង​អត្ថ​បទ​នេះ នឹង​ប្រាប់​គ្នា​យើង​​អំពី​គុណ​សម្បត្តិ គុណ​វិបត្ដិ ក៏​ដូច​ជា​សុវត្ថិភាព​នៃ​ការ​លេប​ទឹក​កាម​ឲ្យ​​បាន​ដឹង។

    ១- តើអ្វីជាទឹកកាម?

    ទឹក​កាម គឺ​ជា​ល្បាយ​នៃ​សារធាតុ​រាវ​ក្នុង​ខ្លួន​របស់​មនុស្ស​ប្រុស។ ក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​ផ្សេង​ៗ​ជា​ច្រើន ដែល​រាប់​ទាំង​ស្ពែម​ដែរ។ ពេល​មនុស្ស​ប្រុស​បាញ់​ទឹក​កាម​ចេញ​មក​ក្រៅ ក្នុង​ទឹក​កាម​នោះ​មាន​ផ្ទុក​ប្រូតេអ៊ីន​ និង​ស្ពែម​។

    ​ក្រពេញ​ប្រូស្តាតក៏​ផ្ដល់​សារធាតុ​មួយ​ចំនួន​ដល់​ទឹក​កាម មា​នដូចជា៖

    • អាស៊ី​ស៊ីទ្រិច
    • អាស៊ីត​ហ្វូស្វាតាស
    • អ៊ីណូស៊ីតុល
    • កាល់ស្យូម
    • ស័ង្កសី
    • ម៉ាញ៉េស្យូម

    ហើយ​ក្នុង​បំពង់​ទឹក​កាម​ក៏​មាន​ផលិត​ សារធាតុ​មួយ​ចំនួន​ដល់​ទឹក​កាម​មាន​ដូចជា៖

    • ហ្វ្រុច​តូស
    • អាស៊ីត​អាកូប៊ិក
    • ប្រូស្តាក្លង់ឌីន

    ២​- តើការលេបទឹកកាមមានសុវត្ថិភាពដែរឬទេ?

    ជា​ធម្មតា​ការ​លេប​ទឹក​កាម​ គឺ​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ។ ដោយ​សារ​រាល់​សារធាតុ​មាន​ក្នុង​ទឹក​កាម​ទាំង​អស់ មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង​ឡើយ។ ប៉ុន្តែគ្នា​យើង​​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​សម្រាប់​ករណី​មួយ​ចំនួន នៅ​ពេល​​លេប​ទឹក​កាម​ចូល​ក្នុង​ពោះ។ មាន​អ្នក​ខ្លះ​អាលែក​ហ្ស៊ី​ជាមួយ​ទឹក​កាម ទោះ​បី​វាជា​ករណី​កម្រ​ក្ដី ក៏​យើង​​គួរ​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ។

    ដោយ​សារ​តែ​ទឹក​កាម​ជា​សារធាតុ​រាវ​ផលិត​ចេញ​ពី​ក្នុង​ខ្លួន​របស់​មនុស្ស​ប្រុស ដូច​នេះ​វា​អាច​មាន​ផ្ទុក​មេរោគ​កាម​រោគ ក្នុង​នោះ​ក៏​មាន​​មេរោគ​អេដស៍​ដែរ។ ដូច​នេះ​មុន​ពេល​អ្នក​ចាប់​ផ្ដើម​ការ​រួមភេទ​តាម​មាត់​នឹង​លេប​ទឹក​កាម​ចូល​យើង​​ត្រូវ​តែ​​ទៅ​ធ្វើ​តេស្ត​ពិនិត្យ ឲ្យ​ប្រាកដ​ជាមុន​សិន​ថា ដៃគូ​​មិន​មាន​ផ្ទុក​មេរោគ​ទាំង​អស់​នោះ​ទេ។ មួយ​វិញ​ទៀត​ បើ​ត្រឹម​តែ​ការ​រួមភេទ​តាម​មាត់ យើង​​អាច​​ប្រើ​ស្រោម​អនាម័យ​ការ​ពារ​បាន។ ​

    មាន​មនុស្ស​មួយ​ចំនួន​បាន​គិត​ថា ការ​លេប​ទឹក​កាម​ចូល​ក្នុង​ពោះ អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​ផ្ទៃ​ពោះ​បាន។ ការ​លើក​ឡើង​នេះ​គឺ​ខុស​ទាំង​ស្រុង ព្រោះ​ថា​ការ​មាន​ផ្ទៃ​ពោះ​អាច​កើត​ឡើង​បាន នៅ​ពេល​ដែល​ស្ពែម​ទៅ​ជួប​គ្នា​ជាមួយ​មេជីវិត​ញី ដែល​ពេញ​វ័យ​តែ​ប៉ុណ្ណោះ​។

    ៣- តើក្នុងទឹកកាមមានផ្ទុកអ្វីខ្លះ?

    ក្នុង​ទឹក​កាម​មាន​ផ្ទុក ស្ពែម​ជា​ច្រើន ក្រៅ​ពី​នោះ​​នៅ​មាន​ប្រូតេអ៊ីន ហ្វ្រុច​តូស សារធាតុ​រំអិល អង់ស៊ីម ទឹក វីតាមីន និង​ជាតិ​រ៉ែ។

    ការ​បាញ់​ទឹក​កាម​ចេញ​មក​ក្រៅ​ម្ដង អាច​ចេញ​បាន​ប្រហែល មួយ​ស្លាប​ព្រា​កាហ្វេ​ ហើយ​ក្នុង​នោះ​មាន​កាឡូរី ប្រហែល ៥ ទៅ ៧​​កាឡូរី​តែ​ប៉ុណ្ណោះ​។ មាន​មនុស្ស​ជា​ច្រើន គិត​ថា​ក្នុង​ទឹក​កាម​មាន​ប្រូតេអ៊ីន​ច្រើន តែ​ការ​ពិត​វា​មាន​មិន​ច្រើន​ ដូចការ​គិត​នោះ​ឡើយ។

    អត្ថបទពាក់ព័ន្ធ៖

    ៤- តើទឹកកាមមានរសជាតិដូចម្ដេច?

    ដោយ​សារ​ក្នុង​ទឹក​កាម​មាន​ផ្ទុក​ប្រូតេអ៊ីន​តិច ដូច​នេះ​រសជាតិ​របស់​ទឹក​កាម គឺ​អាស្រ័យ​លើ​សារធាតុ​ផ្សេង​ៗ​ដែល​មាន​ក្នុង​នោះ។

    សារធាតុ​មួយ​ក្នុង​នោះ គឺ​ ergothioneine។ ​ផ្សិត​យើង​ញ៉ាំ ភាគ​ច្រើន​មាន​ផ្ទុក​សារធាតុ​មួយ​នេះ ដូច​នេះ​ទឹក​កាម​គឺ​មាន​រសជាតិ​ស្រដៀង​គ្នា​ជាមួយ​ផ្សិត​ដែរ។

    រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​មានភស្តតាងណា​មួយ​បញ្ជាក់​បាន​ថា ចំណី​អាហារ​ដែល​យើង​ញ៉ាំ អាច​ធ្វើ​ឲ្យ​រសជាតិ​របស់​ទឹក​កាម​ប្រែ​ប្រួល​បាន​ឡើយ។ មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ការ​ផឹក​ទឹក​ផ្លែ​ឈើ និង​ញ៉ាំ​បន្លែ អាច​ធ្វើ​ឲ្យ​ទឹក​កាម​មាន​​រសជាតិ​កាន់​តែ​ឆ្ងាញ់ ហើយ​ការ​ទទួល​ទាន​សាច់ ឈីស និង​កាហ្វេ គឺ​ធ្វើ​ឲ្យ​ទឹក​កាម​មាន​រស់ជាតិ​មិន​​ល្អ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​អាច​ដឹង​បាន​ច្បាស់​ឡើយ ដោយ​សារ​នេះ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​របស់​ក្រុម​មនុស្ស​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។

    រស​ជាតិ​របស់​ទឹក​កាម គឺ​ខុស​គ្នា​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ មាន​អ្នក​ខ្លះ​ប្រាប់​ថា​ទឹក​កាម អាច​មាន​រសជាតិ៖

    • ប្រៃ
    • ល្វីង
    • ផ្អែម
    • មានជាតិលោហៈ
    • ឈួល

    របៀប​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ អាច​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​រសជាតិ​របស់​ទឹក​កាម​បាន ដោយ​សារ​តែ​វា​ទៅ​ធ្វើ​ឲ្យ​សារធាតុ​ក្នុង​ទឹក​កាម​ប្រែ​ប្រួល។ ឧទាហរណ៍ មាន​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា មនុស្ស​មិន​សូវ​ជក់​បារី ទឹក​កាម​ល្អ​ជាង ​អ្នក​ជក់បារី​ ជា​ប្រចាំ​។

    ​មាន​មនុស្ស​មួយ​ចំនួន ជួប​​បញ្ហា​សុខភាព​ប្រចាំ​កាយ ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​​មិន​អាច​ដឹង​រសជាតិ​របស់​ទឹក​កាម​បាន​ដូច​ធម្មតា។ ​បញ្ហា​សុខភាព​ទាំង​អស់​នោះ​មាន​ដូចជា៖

    • ជំងឺ​ផ្លូវ​ដង្ហើម ឬ​រលាក​ក្នុង​ត្រចៀក
    • មាន​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ឬ​សារធាតុ​គីមី​ណាមួយ
    • មាន​ការ​ប៉ះ​ទង្គិច​លើ​ក្បាល
    • វះ​កាត់​ត្រចៀក ច្រមុះ និង​បំពង់​ក
    • បញ្ហា​​មាត់​ធ្មេញ
    • ការព្យាបាល​ជំងឺ​មហារីក​នៅ​ក្បាល និង​ក ដោយ​ប្រើ​កាំ​រស្មី

    រួមភេទ

    ៥- តើទឹកកាមមានក្លិនដូចម្ដេច?

    ​ដូច​គ្នា​​នឹង​រសជាតិ​របស់​វា​ដែរ គឺ​ក្លិន​ទឹក​កាម​អាស្រ័យ​លើ​សារធាតុ​មាន​ក្នុង​ទឹក​កាម។ ក្លិន​របស់​ទឹក​កាម​ អាច​នឹង​ប្រែ​ប្រួល​ពេល​ទៅ​ប៉ះ​ជាមួយ​សារធាតុ​រាង​ផ្សេង​ក្នុង​ខ្លួន​របស់​មនុស្ស​ប្រុស​មាន​ដូចជា​ទឹក​នោម និង​ញើស។

    មួយ​វិញ​ទៀត ក្លិន​ទឹក​កាម​អាច​ប្រែ​ប្រួល​ទៅ​តាម​កម្រិត​ pH។ ជា​ធម្មតា ទឹក​កាម​មាន​ pH​ ចន្លោះ​ពី ៧,២ ទៅ ៨,០។ ពេល​ដែល​ទឹក​កាម​ចូល​ទៅ​ក្នុង​ទ្វារ​មាស ដែល​ជា​តំបន់​មាន​ជាតិ​បាស​​ វា​នឹង​ធ្វើ​ឲ្យ​ក្លិន​របស់​ទឹក​កាម​ប្រែ​ប្រួល។

    ក្នុង​ទឹក​កាម​ភាគ​ច្រើន​ គឺ​ជា​ទឹក ដែល​វា​មិន​សូវ​មាន​ក្លិន​អ្វី​នោះ​ទេ។ ដោយ​សារ​តែ pH ជា​ប្រភេទ​បាស ដូច​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​មួយ​ចំនួន បាន​លើក​ឡើង​ថា ទឹក​កាម​របស់​គាត់​មាន​ក្លិន​ដូច ប្ល៊ិច ឬ​អាម៉ូញាក់។ ក្រៅ​ពី​នោះ​នៅ​មាន​សារធាតុ​មួយ​ចំនួន​ផ្សេង​ទៀត មាន​ដូចជា ហ្វ្រុច​តូស ម៉ាញ៉េស្យូម ឬ​កាល់​ស្យូម ដែល​សារធាតុ​ទាំង​អស់​នេះ ធ្វើ​ឲ្យ​ទឹក​កាម​មាន​រសជាតិ​ផ្អែម ជាតិ​លោហៈ ឬ​ប្រៃ។

    ក្លិន​របស់​ទឹក​កាម​ មិន​គួរ​មាន​ក្លិន​ឈួល​ខ្លាំង​ពេក​ទេ។ ក្លិន​ឈួល​ខ្លាំង ដូច​ជា​ក្លិន​ឆ្អាប អាច​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​ចម្លង​រោគ នៅ​កន្លែង​នោះ​បាន។

    ៦​- តើទឹកកាមផ្ដល់ប្រយោជន៍ដល់សុខភាពអ្វីខ្លះ?

    មាន​ការ​សិក្សា​មួយ​ចំនួន បាន​រក​ឃើញ​ថា ការ​លេប​ទឹក​កាម មាន​អត្ថ​ប្រយោជន៍​សម្រាប់​សុខភាព។ ការ​លើក​ឡើង​អំពី​​សារធាតុ​ចិញ្ចឹម ក្នុង​ទឹក​កាម គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ដោយ​សារ​តែ​ពេល​ចេញ​ទឹក​កាម​ម្ដង​ៗ គឺ​មនុស្ស​ប្រុស​អាច​បញ្ចេញ​បាន​ក្នុង​បរិមាណ​តិច​មួយ។ ដូចនេះ​វា​មិន​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​ដៃគូ​​ លេប​ចូល​ដើម្បី​ទ្រទ្រង់​សុខភាព​នោះ​ឡើយ។

    មាន​ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ២០០២ បាន​លើក​ឡើង​អំពី​ការ​ទាក់​ទង​គ្នា​រវាង ទឹក​កាម​ជាមួយ​អារម្មណ៍​របស់​មនុស្ស ដែល​គេ​បាន​រក​ឃើញ​ថា មនុស្ស​ស្រី ដែល​បាន​ប៉ះ​ផ្ទាល់​ជាមួយ​ទឹក​កាម មាន​អារម្មណ៍​ល្អ និង​មាន​សញ្ញា​របស់​បញ្ហា​បាក់​ទឹក​ចិត្ដ​តិច​តួច។

    មានការសិក្សា​មួយ​ផ្សេង​ទៀត ក្នុង​ឆ្នាំ ២០០៣ បាន​រក​ឃើញ​ថា អ្នក​ដែល​ប៉ះ​ពាល់​ជាមួយ​ទឹក​កាម គឺ​មិន​ងាយ​ប្រឈម​ជាមួយ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​សិក្សា​តែ​មួយ​ប៉ុណ្ណោះ​ វា​ត្រូវ​ការ​ ការ​សិក្សា​ច្រើន​ទៀត​ដើម្បី​បញ្ជាក់។

    ៧- តើវាមានគ្រោះថ្នាក់ដែរឬទេ?

    បើ​និយាយ​អំពី​ការ​រួមភេទ​តាម​មាត់ ដោយ​មិន​មាន​ការ​​ការ​ពារ វា​ពិត​ជាមាន​គ្រោះ​ថ្នាក់​ណាស់ ហើយ​បើ​និយាយ​ដល់​ការ​លេប​ទឹក​កាម​ចូល​​ពោះ​ទៀត​នោះ​​អាច​នឹង​នាំ​មេរោគ​កាម​រោគ ចូល​ក្នុង​ខ្លួន​បាន​យ៉ាង​ងាយ។ ​

    ខាង​ក្រោម​នេះ​​គឺ​ជា​បញ្ជី​ឈ្មោះ​មេរោគ​កាម​រោគ ដែល​អាច​ឆ្លង​តាម​រយៈ​ការ​រួមភេទ​តាម​មាត់ ដោយ​មិន​ប្រើ​វិធី​ការពារ​៖

    • ប្រមេះទឹកបាយ
    • ប្រមេះទឹកថ្លា
    • ស្វាយ
    • រើម
    • ជំងឺបង្កឡើងដោយវីរុស HPV
    • អេដស៍
    •  ទ្រីកូម៉ូណាស (trichomoniasis)

    កត្តា​ធ្វើ​ឲ្យ​យើង​​ប្រឈម​ជាមួយ​ការ​ចម្លង​មេរោគ​កាម​រោគ​កាន់​តែ​ខ្ពស់​ តាម​រយៈ​ការ​រួមភេទ​តាម​មាត់​មាន​ដូចជា៖

    • មាន​របួស​ត្រង់​ប្រដាប់​ភេទ ឬ​នៅ​មាត់
    • ធ្វើ​អនាម័យ​ត្រង់​ប្រដាប់​ភេទ​មិន​បាន​ល្អ
    • ប៉ះ​ពាល់​ជាមួយ​ទឹក​កាម​អ្នក​កើត​ជំងឺ​កាម​រោគ

    តែ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​ឆ្លង (CDC) អាមេរិក​ បាន​លើក​ឡើង​ថា ភាគ​រយ​ដែល​យើង​អាច​ឆ្លង​មេរោគ​កាម​រោគ ដូចជា​មេរោគ​អេដស៍​ជា​ដើម តាម​រយៈ​ការ​រួមភេទ​តាម​មាត់ គឺ​មាន​អត្រា​ទាប។

    គ្នា​យើង​​អាច​ការ​ពារ​ខ្លួន​ឯង​កុំ​ឲ្យ​ឆ្លង​មេរោគ​កាម​រោគ ដោយ​សារ​ការ​រួមភេទ​តាម​មាត់​បាន​ ដោយ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ការពារ។ មួយ​វិញ​ទៀត​យើង និង​ដៃគូ​​ត្រូវ​ទៅ​ពិនិត្យ​រក​មើល​មេរោគ​កាម​រោគ ឲ្យ​បាន​ញឹក​ញាប់។

    មាន​មនុស្ស​មួយ​ចំនួន​អាលែកហ្ស៊ី​ជាមួយ​ទឹក​កាម ដូច​នេះ​បើ​គ្នា​យើង​​លេប​ទឹក​កាម​ចូល​ក្នុង​ខ្លួន ក៏​​អាច​មាន​ប្រតិកម្ម​កើត​ឡើង​​បាន។ ដូច​នេះ​សម្រាប់​អ្នក​មាន​ប្រតិកម្ម​ជាមួយ​ទឹក​កាម ​អាច​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ការពារ នៅ​ពេល​រួមភេទ​តាម​មាត់។ ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ Apr 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម