backup og meta

កុំចេះតែភ្លេចខ្លួន ស្រីៗគប្បីជួបគ្រូពេទ្យផ្នែកសម្ភពនិងរោគស្រ្តីជារៀងរាល់ឆ្នាំ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

    កុំចេះតែភ្លេចខ្លួន ស្រីៗគប្បីជួបគ្រូពេទ្យផ្នែកសម្ភពនិងរោគស្រ្តីជារៀងរាល់ឆ្នាំ

    ​មនុស្ស​ស្រីយើង​​ជា​ច្រើន​នាក់ទំនង​​បាន​គិត​ថាការ​​ណាត់​ជួប​ជា​មួយ​គ្រូពេទ្យ​ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី (OB/GYN) គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​អៀន និង​គ្នា​យើ​ង​ខ្លះក៏ទំនងជា​បាន​​ព្យាយាម​គេច​វេស មិន​ព្រម​ទៅ​ជួប​ពេទ្យ​តាម​ដែលអាច​ធ្វើ​បានផង​។ គ្រូពេទ្យ​ណែ​នាំ​ឲ្យ​ស្ត្រី​គ្រប់​រូប​ធ្វើ​តេស្ត Pap (ពិនិត្យកោសិការមាត់ស្បូន) យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្ដង​ក្នុង​រយៈ​ពេល​៣​ឆ្នាំ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏យើង​​ចាំ​បាច់​ត្រូវ​ទៅជួប​ជាមួយ​គ្រូពេទ្យ ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី ឲ្យ​បាន​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​ឆ្នាំ​ ដោយ​សារ​តែ​ការ​ណាត់​ជួប​រាល់​ឆ្នាំ​បែប​នេះ ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខ​ភាព​របស់​យើង​ជា​ច្រើន។

    ១- វាជួយឲ្យអ្នកមិនមើលរំលងសុខភាព

    ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យឯក​ទេស​សម្ភព និង​រោគ​ស្ត្គ្រីមិន​មែន​គ្រាន់​តែ​ពិភាក្សា​អំពី​រឿង​ពាក់​ព័ន្ធ​ជាមួយ​ប្រដាប់​បន្ត​ពូជ​តែ​មួយ​មុខ​នោះ​ទេ។ ក្នុង​រយៈ​ពេល​នៃ​ការ​ជួប​ជាមួយ​គ្រូពេទ្យឯក​ទេស​សម្ភព និង​រោគ​ស្ត្រី​ គ្រូពេទ្យ​នឹង​ពិនិត្យ​លើ​រាង​កាយ ដើម្បី​វាយ​តម្លៃ​សញ្ញា​ជីវិត សមាមាត្រ​ទម្ងន់​នឹង​កម្ពស់ ពិនិត្យ​តំបន់​ពោះ និង​ពិនិត្យ​រក​មើល​កូន​កណ្ដុរ​ផ្សេង​ៗ​ទៀត​ផង។ គ្រូពេទ្យ​ក៏​ពិនិត្យ​អាង​ត្រគៀក និង​ធ្វើ​តេស្ត​មួយ​ចំនួន។ ប្រសិន​បើ​មាន​បញ្ហា​ណា​មួយ​​មិនប្រក្រតី​កើត​លើ​សុខ​ភាព​របស់យើង​ គ្រូពេទ្យ ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី នឹង​ជួយ​ស្វែង​រក​បញ្ហា​ទាំង​អស់​នោះ​ជូន​យើង​។

    ២- អាចជួយដល់បញ្ហាវដ្ដរដូវមិនទៀង

    ប្រសិន​បើស្រ្តី​គ្នា​យើង​​សង្កេត​ឃើញ​ថា វដ្ដ​រដូវ​របស់ខ្លួន​​មក​មិន​ទៀង​នៅ​រយៈ​ពេល​ថ្មី​ៗ​នេះ វា​ប្រហែល​ជា​ត្រូវ​ដល់​ពេល​ទៅ​ជួប​ជាមួយ​គ្រូពេទ្យឯក​ទេស​សម្ភព និង​រោគ​ស្ត្រី (OB/GYN) ហើយ។ រដូវ​មក​មិន​ទៀង​អាច​ជា​សញ្ញា​គ្រោះ​ថ្នាក់​បញ្ជាក់​អំពី​បញ្ហា​មិន​អាច​មាន​កូន។ រាល់​បម្រែ​បម្រួល​ផ្សេង​ៗ​កើត​លើ​វដ្ដ​រដូវ​ ស្រ្តីគ្នា​យើង​ត្រូវ​យកយកចិត្ត​ទុក​ដាក់ និង​ទៅជួប​គ្រូ​ពេទ្យឯក​ទេស​សម្ភព និង​រោគ​ស្ត្រី និង​ប្រាប់ពី​អការៈ​ទាំង​អស់ ដើម្បី​ឲ្យ​ពួក​គាត់​អាច​មាន​មធ្យោ​បាយ​ព្យាបាល​បាន​ទាន់​ពេល​វេលា។

    ៣- ជួយរកមើលជំងឺកាមរោគ (STDs)

    មនុស្ស​ស្រីយើង​​ដែល​ប្រឡូក​ក្នុង​រឿង​លើ​គ្រែ​ច្រើន គួរ​តែ​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​រក​មើល​ជំងឺ​កាម​រោគ ដូច​ជា​ពពួក​មេរោគ chlamydia និង gonorrhea ឲ្យ​បាន​រាល់​ឆ្នាំ។ ប្រសិន​បើ​យើង​​ទុក​បញ្ហា​ទាំង​នោះ​ចោល មិន​ព្រម​ព្យាបាល​ វា​អាច​បណ្ដាល​ឲ្យ​អ្នក​មិន​អាច​មាន​កូន​បាន។ចំពោះ​ស្រ្តី​​ដែល​​មាន​ដៃ​គូ​រួម​ភេទ​ច្រើន គួរ​តែ​យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​ជាមួយ​ការ​ធ្វើ​តេស្ដ ដោយ​សារ​តែ​​ប្រឈម​មុខ​ខ្ពស់​ជាមួយ​ជំងឺ​ទាំង​អស់​នោះ។ ក្រៅ​ពី​ពិនិត្យ​រក​មើល​ជំងឺកាម​រោគ ការ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យសម្ភពនិងរោគស្រ្តី (OB/GYN) ក៏​អាច​ជួយ​ធ្វើ​តេស្ដ​ទាក់​ទង​ជាមួយ​បញ្ហា​ប្លោក​នោម បញ្ហា​អសមត្ថិភាព​ផ្លូវ​ភេទ ជំងឺ​ក្រពះ​ពោះ​វៀន និង​ជំងឺឆ្អឹង​ដទៃ​ផ្សេង​ទៀត​បាន​ដូច​គ្នា។

    ៤- ពិនិត្យអំពីវិធីពន្យារកំណើត

    ប្រសិន​បើ​ស្រ្តីគ្នា​យើង​​ប្រើ​ប្រាស់​វិធី​ពន្យារ​កំណើត​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ មាន​ដូច​ជា​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ថ្នាំ​ចាក់ បន្ទះ​បិទ កង​​ដាក់​ក្នុង​ស្បូន និង​កងដាក់​ក្នុង​ទ្វារ​មាស នោះ​អ្នក​ចាំ​បាច់​ត្រូវ​ត្រឡប់​ទៅ​ជួប​គ្រូពេទ្យសម្ភពនិងរោគស្រ្តី (OB/GYN) វិញ​ជា​រៀង​រាល់​ឆ្នាំ។ រាល់​វិធី​ទាំង​អស់​នោះ​ត្រូវ​តែ​មាន​ការ​កែ​តម្រូវ​​យ៉ាង​ហោច​ណាស់ រៀង​រាល់​បី​ឆ្នាំ​ម្ដង បន្ទាប់​ពី​អ្នក​សម្រាល​បុត្រ​រួច ឬ​មាន​បម្រែ​បម្រួល​ទម្ងន់។ ប្រសិន​បើ​យើង​​ត្រូវ​ការ​មតិ​យោបល​ទាក់​ទង​ជាមួយ​វិធី​ពន្យារ​កំណើត ឬ​អំពី​ផែន​ការ​គ្រួសារ កន្លែង​ដែលគ្នាយើង​​ត្រូវ​ទៅ​ជួប​នោះ​គឺ​គ្រូពេទ្យសម្ភពនិងរោគស្រ្តី (OB/GYN) នេះ​ហើយ។

    ៥- ផ្ដល់​ពីព័ត៌មានសំខាន់ៗដល់យើង​

    ក្នុង​អំឡុង​ពេល​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ សម្ភពនិងរោគស្រ្តី (OB/GYN)ប្រចាំ​ឆ្នាំ យើង​​អាច​រៀន​អំពី​តិច​និក​ទាក់​ទង​ជាមួយ​សុខ​ភាព​បាន​ជា​ច្រើន មាន​ដូច​ជា​វិធី​ពិនិត្យ​សុដន់​របស់​យើង​​ដោយ​ខ្លួន​ឯង វិធី​រួម​ភេទ​ដោយ​មាន​សុវត្ថិភាព និង​តិច​និក​ជា​ច្រើន​ផ្សេង​ទៀត។ គ្រូពេទ្យ​នឹង​ជួយ​ឲ្យ​យើង​​បាន​យល់​អំពី​វិធី​ការ​ពារ​រាង​កាយ​របស់យើង​ទៀតផង​។ គ្រូពេទ្យ​ជំនាញ​ក៏​បង្ហាញ​ប្រាប់​យើង​​ថា តើ​អ្វី​ជា​រឿង​ធម្មតា និង​អ្វី​ខ្លះ​ជា​បញ្ហា​ដែល​អាច​រក​មើល​ដោយ​ខ្លួន​ឯង និង​ត្រូវ​ប្រញ៉ាប់​ទៅ​ជួប​គ្រូពេទ្យ​ក្នុង​ករណី​ណា​ខ្លះ។

    ជា​ចុង​ក្រោយ ពេល​ដែល​យើង​​និយាយ​ដល់​បញ្ហា​សុខ​ភាពយើង​​គឺ​ជា​អ្នក​ដែល​ត្រូវ​ចាប់​ផ្ដើម​មុន​គេ។ ត្រូវ​ចេះ​កត់​ចំណាំ​អ្វី​ដែល​កើត​ឡើ​ងលើ​រាង​កាយ​របស់​ខ្លួន​ឯង និង​យក​អ្វី​ដែលយើង​​កត់​ទាំង​អស់​នោះ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ សម្ភពនិងរោគស្រ្តី (OB/GYN) ពេល​យើង​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​លើក​ក្រោយ។

    រោគ​សញ្ញា​ដែល​គួរ​​កត់​ចំណាំ​រួម​មាន ការ​ធ្លាក់​ឈាម​មិន​ប្រក្រតី មាន​ការ​រលាក​ទ្វារមាស​ជា​ប្រចាំ ឈឺ​ចាប់​ពេល​រួម​ភេទ និង​មាន​ឈឺ​លើ​សុដន់

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម