គ្នាយើងមួយចំនួនអាចនឹងដឹងថាការងូតទឹកត្រជាក់ (Cold water) អាចជួយបង្កើនថាមពល និងដាស់ស្មារតីនៅពេលព្រឹកបាន។ ប៉ុន្តែគ្នាយើងដឹងទេថាក្រៅពីអត្ថប្រយោជន៍ទាំងនេះ ការងូតទឹកត្រជាក់ក៏ផ្តល់ប្រយោជន៍ដល់សម្រស់ដែរ។
១. ជួយឲ្យស្បែកភ្លឺជាងមុន
ទឹកត្រជាក់ជួយបង្កើនចលនាឈាមរត់ ជាពិសេសសម្រាប់ស្បែកមុខដែលជួយឲ្យស្បែកមើលទៅភ្លឺរលោង។ ម៉្យាងទៀត យើងមិនចាំបាច់ងូតទឹកត្រជាក់រយៈពេលយូរដើម្បីទទួលបានអត្ថប្រយោជន៍នេះទេ។
២. បង្ការភាពចាស់
ទម្លាប់ងូតទឹកត្រជាក់រាល់ថ្ងៃជួយស្បែកឲ្យមើលទៅក្មេងជាងវ័យបានយូរអង្វែង។ ទឹកត្រជាក់ភ្ញោចប្រព័ន្ធសរសៃប្រសាទឲ្យមានសកម្មភាព ហើយរាងកាយបញ្ចេញអ័រម៉ូន និងសារធាតុគីមីដែលប្រឆាំងនឹងស្ត្រេស។ ការសិក្សាជាច្រើនបានអះអាងថាស្ត្រេសក៏មានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងភាពចាស់ និងផលប៉ះពាល់អវិជ្ចមានទៅលើប្រព័ន្ធផ្សេងៗនៃរាងកាយដែរ។
៣. បង្ការបញ្ហាស្បែកបង្កដោយស្ត្រេស
ការងូតទឹកត្រជាក់អាចភ្ញោចខួរក្បាលឲ្យបញ្ចេញនូវអ័រម៉ូនអង់ដូហ្វីន (Endorphin) ដែលជាអ័រម៉ូនធ្វើឲ្យយើងសប្បាយចិត្ត។ នៅពេលបញ្ចេញអ័រម៉ូនមក កម្រិតស្ត្រេសរបស់យើងនឹងថយចុះ ហើយយើងក៏មិនងាយប្រឈមនឹងបញ្ហាស្បែកមួយចំនួនដូចជាបញ្ហាមុន ជំងឺស្បែក Psoriasis និងជំងឺរលាកស្បែក។
៤. បង្រួមរន្ធញើស
បើងូតទឹកក្ដៅអាចធ្វើឲ្យស្បែកយើងបាត់បង់ប្រេងធម្មជាតិដែលការពារស្បែករបស់យើង។ ប៉ុន្តែទឹកត្រជាក់ជួយបង្រួមរន្ធញើសរបស់យើងបានបណ្ដោះអាសន្ន ហើយក៏ជួយឲ្យស្បែកមុខមានសុខភាពល្អ និងធ្វើឲ្យស្បែកមានពន្លឺជាងមុន។ នេះមកពីទឹកត្រជាក់អាចបង្រួមសរសៃឈាមដែលធ្វើឲ្យស្បែកមុខមិនសូវក្រហម និងហើម។
៥. បន្ថយអាការៈផ្សេងៗបង្កដោយបញ្ហាស្បែក
ទឹកក្ដៅអាចធ្វើឲ្យស្បែករលាក និងបង្កអាការៈក្រហម រមាស់ និងរបក ប៉ុន្តែទឹកត្រជាក់បែរជាមានប្រសិទ្ធភាពផ្ទុយពីនេះវិញ។ សម្រាប់គ្នាយើងដែលមានបញ្ហារមាស់ស្បែក ការងូតទឹកត្រជាក់អាចជួយបន្ថយអាការៈរមាស់។ ម៉្យាងទៀត ការងូតទឹកត្រជាក់ធ្វើឲ្យស្បែកចុះត្រជាក់ និងជួយកាត់បន្ថយការរមាស់ខ្លាំងបង្កដោយជំងឺស្បែក Psoriasis។
[embed-health-tool-ovulation]