backup og meta

ការឈឺខ្នងចង្កេះ ៧ ប្រភេទ ស្រីៗឧស្សាហ៍​ជួប​ប្រទះ​បំផុត


អត្ថបទ​ដោយ Meng Vatana · កែ Nov 09, 2021

    ការឈឺខ្នងចង្កេះ ៧ ប្រភេទ ស្រីៗឧស្សាហ៍​ជួប​ប្រទះ​បំផុត

    និយាយ​ដល់​រឿង​ឈឺ​ចង្កេះ ខ្នង ស្រីៗ​មាន​បញ្ហា​ច្រើន​ជាង​ប្រុសៗ ​ដោយ​សារ​ភាព​ខុស​គ្នា​នៃ​រចនា​សម្ព័ន្ធឆ្អឹង​ត្រគាក​ ​អ័រម៉ូន ជា​ពិសេស​រឿង​សម្រាល​កូន។ “Hello គ្រូពេទ្យ’ នឹង​លម្អិត​ប្រាប់​ពី​លក្ខខណ្ឌ​ឈឺ​ខ្នង​ចង្កេះ ៧ ប្រភេទ ដែល​ស្រីៗ​ឧស្សាហ៍​កើត​មាន​បំផុត។

    ១- ឈឺ​ចាប់​ចុង​ឆ្អឹង​កញ្ចូញ​គូទ

    អាការៈ​ឈឺ​ចាប់​ចុង​ឆ្អឹង​កញ្ចូញ​គូទ អាច​កើត​ឡើង​បន្តិច​ម្តងៗ យឺតៗ ឬ​ដោយ​មិន​បាន​រំពឹង​ទុក ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​នៅ​តំបន់​នោះ។ ពេល​ខ្លះ សូម្បី​តែ​ការ​ប៉ះ​បន្តិច​បន្តួច ក៏​បណ្តាល​ឲ្យ​ឈឺ​ចាប់​ផង​ដែរ​ ហេតុ​នេះ​ពេល​អង្គុយ​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់។

    ឈឺ​ចុង​ឆ្អឹង​កញ្ចូញ​គូទ នឹង​កាន់​តែ​ខ្លាំង​ឡើង នៅ​ពេល​ស្រីៗ​មាន​បញ្ហា​ទល់​លាមក។ យ៉ាង​ណា អាការៈ​ឈឺ​ចាប់​ដោយ​សារ​ទល់​លាមក ជា​ធម្មតា នឹង​ធូរ​ស្រាល ក្រោយ​បត់​ជើង​ធំ​រួច។ ករណី​ភាគ​ច្រើន ឈឺ​ចុង​ឆ្អឹង​កញ្ចូញ​គូទ​ អាច​ឡើង​ដោយ​សារ​សម្រាល​កូន​ ឬ​ដួ​ល​អុក​គូទ​តែ​ម្តង។

    ២- បាក់​ឆ្អឹង​ខ្នង​ដោយ​កម្លាំង​សង្កត់

    ឈឺ​ខ្នង ឈឺ​ចង្កេះ អាច​បណ្តាល​ឲ្យ​ឆ្អឹង​ខ្នង​បាក់ នៅ​ពេល​រង​កម្លាំង​សង្កត់​ណា​មួយ។ បាក់​ឆ្អឹង​ខ្នង​ដោយ​កម្លាំង​សង្កត់ កើត​ឡើង​ញឹក​ញាប់​ជាង​គេ នៅ​ផ្នែក​ខាង​មុខ​ឆ្អឹង​ខ្នង។ ប៉ុន្តែ​ករណី​នេះ ពេល​ខ្លះ​ស្រីៗ​រងការ​​បាក់​ឆ្អឹង​ខ្នង អាច​មាន​ការ​ឈឺ​ចាប់ ប៉ុន្តែ​ស្រីៗ​ខ្លះ​ក៏​មិន​មាន​ការ​ឈឺ​ចាប់​អ្វី​នោះ​ដែរ។ បាក់​ឆ្អឹង​ខ្នង​ដោយ​សារ​កម្លាំង​សង្កត់ អាចឈាន​ទៅ​ដល់​គម​ឆ្អឹង​ខ្នង និង​ថយ​កម្ពស់​ជា​ដើម។

    ៣- ជំងឺ​សឹក​ឌីស​ឆ្អឹង​ខ្នង

    ជំងឺ​សឹក​ឌីស​ឆ្អឹង​ខ្នង កើត​ឡើង​ពេល​ឆ្អឹង​កង​ខ្នង​មួយ​ក្នុង​ចំណោម​ឆ្អឹង​កង​ខ្នង​នៅ​ចង្កេះ​ខាង​ក្រោម ធ្វើ​ចលនា​ផ្លាស់​ទី​ទៅ​ខាង​មុខ សង្កត់​ទៅ​លើ​ឆ្អឹង​កង​ខ្នង​នៅ​ខាង​ក្រោម​វា។ ករណី​នេះ ធ្វើ​ឲ្យ​ឈឺ​ដល់​ឫស​របស់​សរសៃ​ប្រសាទ​ឆ្អឹង​ខ្នង ជា​ហេតុ​ឆ្អឹង​ខ្នង​ខាង​ក្រោម​ និង​ជើង​រង​ការ​ឈឺ​ចាប់​ខ្លាំង។

    រោគ​សញ្ញា ជាធម្មតា ឈឺ​ចាប់ ឬ​ទន់​ខ្សោយ​ជើង​អំឡុង​ពេល​ដើរ​ ឬ​ឈរ​រយៈ​ពេល​យូរ។ អាការៈ​ឈឺ​ចាប់ អាច​នឹង​ធ្ងន់​ធ្ងរ ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ងារ​ប្រចាំ​ថ្ងៃ​យើង​ទៀត​ផង។

    ជំងឺឈឺចង្កេះឈឺខ្នង Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

    ៤- ឈឺ​ចាប់​សាច់ដុំ និង​សរសៃ​ពួរ

    ជំងឺ​ឈឺ​ចាប់​សាច់​ដុំ និង​សរសៃ​ពួរ មាន​លក្ខណៈ​ឈឺ​ចាប់​សាច់​ដុំ ពិបាក​កម្រើក​ និង​អស់​កម្លាំង​នៅ​ខ្នង​ផ្នែក​ខាង​លើ​ និង​ខាង​ក្រោម កញ្ចឹង​ក រួម​នឹង​ត្រគាក។ អាការៈ​ឈឺ​ចាប់ ជា​ញឹក​ញាប់​ ជួនមាន​ជួន​បាត់។ ជំងឺ​រលាក​សន្លាក់ បាក់ទឹក​ចិត្ត​ និង​ជំងឺ​ ប្រជុំ​រោគ​សញ្ញា​ខ្សោយ​ពោះ​វៀន ជា​ធម្មតា​កើត​ឡើង នៅ​ពេល​យើង​មាន​ជំងឺ​ឈឺ​ចាប់​សាច់​ដុំ និង​សរសៃ​ពួរ។ ស្រីៗ​ប្រមាណ ៨០-៩០% រង​ការ​ឈឺ​ចាប់​ដោយ​សារ​ជំងឺ​នេះ គឺ​ស្ថិត​នៅ​អាយុ​ចន្លោះ​ពី ៤០-៧៥ ឆ្នាំ។

    ៥- ប្រជុំ​រោគ​សញ្ញា​ឈឺ​នៅ​តំបន់​ត្រគាក

    កើត​មាន​ឡើង​ពេល​សាច់​ដុំ​ភ្ជាប់​ឆ្អឹង​កញ្ចូ​ញ​គូទ​ និង​ក្បាល​ឆ្អឹង​ភ្លៅ​ (ដែល​ទទួល​បន្ទុក​ធ្វើ​ឲ្យ​មាន​លំនឹង​សន្លាក់​ត្រគាក និង​ធ្វើ​ឲ្យ​យើង​បង្វិល​ភ្លៅ​បាន) មាន​ការ​កន្ត្រាក់​រឹង រុញ​ច្រាល ឬ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សរសៃ​ប្រ​សាទ​ស្យា​ទិច ស្ថិត​នៅ​ក្រលៀន​រហូត​ដល់​ចុង​ជើង។ ប្រការ​នេះ អាច​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ធ្ងន់​ធ្ងរ​ ឬ​ស្ពឹក​នៅ​ជើង​ និង​ប្រអប់​ជើង។ រោគ​សញ្ញា​ផ្សេង​ទៀត មាន​ដូច​ជា ចុក​ស្ទំៗ​នៅ​ក្នុង​គូទ​ ឈឺ​ចាប់​ពេល​ឡើង​ជណ្តើរ​ ឬ​ទួល​ ឈឺ​ចាប់​រាងកាយ​មួយ​ចំហៀង​ពេល​កំពុង​អង្គុយ។

    ៦- ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ខ្នង

    គ្នា​យើង​មាន​ឈឺ​ខ្នង​ខ្នង នឹង​ធ្វើ​ឲ្យ​បាត់​បង់​ឆ្អឹង​ខ្ចី​មាន​លក្ខណៈ​ជា​សរសៃពួរ​នៅ​មុខ​​សន្លាក់​ភ្ជាប់​ចង្កេះ។ ពេល​ឆ្អឹង​បាត់​បង់​ការ​ទ្រាប់ទប់​ពី​ឆ្អឹង​ខ្ចី នឹង​ធ្វើ​ឲ្យ​មាន​ការ​កកិត​ត្រដុស​ទល់​គ្នា​ បណ្តាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ភាព​រឹង​សរសៃ​ប្រ​សាទ​ស្យា​ទិច។ ជំងឺ​រលាកសន្លាក់​ឆ្អឹង​ខ្នង កើត​មាន​តាម​ពេល​វេលា ខណៈ​រោគ​សញ្ញា​ជំងឺ​នេះ​អាច​ច្រឡំ​ជាការ​​ឈឺ​ចាប់​សាច់​ដុំ។

    ៧- បញ្ហា​នៅ​សន្លាក់​ឆ្អឹង​កញ្ចូញ​គូទ និង​ឆ្អឹង​ផាល​ត្រគាក

    ដូច​គ្នា​នឹង​ឈ្មោះ​ជំងឺ បញ្ហា​សន្លាក់​ឆ្អឹង​កញ្ចូញ​គូទ​ និង​ឆ្អឹង​ផាល​ត្រគាក ​ដំណើរ​ការ​មិន​ល្អ កើត​មាន​ពេល​យើង​មាន​ភ្លាត់​អ្វី​មួយ​នៅ​នឹង​សន្លាក់​ឆ្អឹង​កញ្ចូញ​គូទ​ និង​ឆ្អឹង​ផាល​ត្រគាក​ ដែល​មាន​​នាទី​បន្ធូរ​បន្ថយ​កម្លាំង​ប៉ះ​ទង្គិច​រវាង​រាង​កាយ​ខាង​លើ​ និង​ត្រគាក។ ស្ថាន​ភាព​នេះ បណ្តាល​ឲ្យ​ឈឺ​ចាប់​នៅ​ត្រង់​ខ្នង​ខាង​ក្រោម​ និង​ជើង ស្រដៀង​ការ​ឈឺ​ចាប់មក​ពី​កៀប​សង្កត់​ទៅ​លើ​សរសៃ​ប្រសាទ​ស្យា​ទិច​។​ បញ្ហា​កើត​មានញឹក​ញាប់​លើ​ស្រី​វ័យ​ក្មេង និង​វ័យ​កណ្តាល។

    វិធី​ដោះ​ស្រាយ

    ស្រីៗ​មិន​ត្រឹម​តែ​កាន់​តែ​ឈឺ​ចាប់​ខ្នង​ប៉ុណ្ណោះ​ទេ​ រោគ​សញ្ញា​ក៏​អាច​វិវត្ត​ធ្ងន់​ធ្ងរ​ខ្លាំង​ឡើងៗ​ទៀត​ផង។ សំខាន់​បំផុត ត្រូវ​ដឹង​ពី​អាការៈ​ឈឺ​ចាប់ និង​ព្យាបាល​ឲ្យ​បាន​លឿន។ បញ្ហា​ឈឺ​​រៀប​រាប់​ទាំង​អស់ សុទ្ធ​តែ​អាច​ព្យាបាល​បាន ដោយ​ចាប់​ផ្តើម​ប្រើ​ក្រុម​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ NSAIDs មិន​មែន​ក្រុម​ស្តេរ៉ូអ៊ីត។ ក្រៅ​ពី​អាច​បន្ថយ​ការ​ឈឺ​ចាប់​ ថ្នាំ NSAIDs ក៏​ជួយ​ព្យាបាល​អាការៈ​គ្រុន​ក្តៅ និង​ការ​ហើម​ទៀត​ផង។

    បើ​កំពុង​តែ​ប្រឈម​អាការៈ​ឈឺ​ចាប់​ខ្នង ឈឺចង្កេះ អាច​សាក​ល្បង​ក្រុម​ថ្នាំ​ NSAIDs ​បាន។ យ៉ាងណា ល្អ​បំផុត​ ត្រូវ​ពិគ្រោះ​ជា​មួយ​វេជ្ជ​បណ្ឌិត ព្រោះ​រាង​កាយ​មនុស្ស​ម្នាក់ៗ​មាន​ប្រតិ​កម្ម​ឆ្លើយ​តប​ជាមួយ​ថ្នាំ​ខុសៗ​គ្នា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


    អត្ថបទ​ដោយ Meng Vatana · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម