សត្វចិញ្ចឹម ដែលភាគច្រើនជា សត្វឆ្កែ ឬឆ្មា រស់នៅ និងធ្លាប់មានទម្លាប់ប្រចាំថ្ងៃមួយចំនួនជាមួយយើង តែនៅពេលជួបនឹងអំឡុងពេលវិបត្តិ COVID-19 ពោលគឺប្តូរទម្លាប់មកនៅផ្ទះយូរម៉ោង អាចនឹងមានបញ្ហាស្រេ្តសកើតឡើងផងដែរ។ នេះបើតាមការលើកឡើងរបស់ពេទ្យជំនាញលើការព្យាបាលសត្វចិញ្ចឹម។
លោកវេជ្ជបណ្ឌិត John Howe ប្រធានសមាគមពេទ្យជំនាញអាមេរិកព្យាបាលសត្វចិញ្ចឹម បានលើកឡើងថា អំឡុងពេលតានតឹងនេះ យើងអាចកាត់បន្ថយសកម្មភាពមួយចំនួន ដោយចំណាយពេលផ្ទាល់ខ្លួនច្រើន ដើម្បីគេចពីបញ្ហាស្រ្តេស រីឯសត្វចិញ្ចឹម អាចសម្គាល់ដឹងថាបញ្ហាស្រ្តេសកើតឡើងលើម្ចាស់ ដោយសារញាណពិសេសរបស់ពួកវា។ តែយ៉ាងណាមិញ សត្វចិញ្ចឹម ពុំចេះគិតនោះទេថាយើងត្រូវការពេលផ្ទាល់ខ្លួនសម្រាក ហើយពួកវានឹងកើតមានបញ្ហាស្រ្តេសដោយខ្លួនឯង។
ជាមួយដើមហេតុនេះ សត្វចិញ្ចឹមទាំងនេះអាចកើតមានអាការៈប្លែកៗមួយចំនួន ទៅតាមលក្ខណៈផ្ទាល់របស់ពួកវាដូចជា សត្វឆ្កែមួយចំនួនអាច មិនស៊ីចំណី ភ្ញាក់ៗ រាក និងមានពេលខ្លះរហូតដល់ខាំមនុស្សទៀតផង ដែលនេះជាការគួរប្រុងប្រយ័ត្នចំពោះកុមារតូចៗ។ ចំណែកឯសត្វឆ្មា យើងអាចសម្គាល់មើលសកម្មភាពមួយចំនួននៅពេលវាស្ត្រេស ដូចជា ទៅជុះនៅលើសាឡុង ពូក មិនដេកនៅកន្លែងរបស់វា ឬជុះនោមមានឈាម (ជាបញ្ហាធម្មតានៅពេលសត្វឆ្មា ស្រ្តេស)។
បញ្ហាខាងលើនេះ លោកវេជ្ជបណ្ឌិតអាមេរិកាំង John Howe ខាងលើបានណែនាំវិធីមួយចំនួន ដើម្បីដោះស្រាយ គឺតាមរយៈការចំណាយពេលខ្លះ លេងជាមួយសត្វចិញ្ចឹមទាំងនោះវិញ ទាំងការដាក់ចំណីឱ្យពួកវា ដោយមានទម្លាប់ក្នុងពេលមួយជាក់លាក់ ដែលឆ្មា ឬឆ្កែអាចចងចាំ និងដឹងពេលវេលាបាន។ បន្ថែមពីនោះ យើងអាចនាំវាទៅទម្លាប់ពីមុនខ្លះ ដូចជាការនាំវាដើរលេង នៅទីធ្លា ឬសួនក្បែរផ្ទះជាដើម ដើម្បីចៀសពីបញ្ហាស្រ្តេសនោះ។
គួររំលឹកដែរថា តាមការឱ្យដឹងពីសារព័ត៌មាន CNN នៅសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ មាន៨សែនករណី ដែលមនុស្សត្រូវឆ្កែខាំ និងត្រូវចាំបាច់ឆ្លងការពិនិត្យពីគ្រូពេទ្យ។ មូលហេតុទាំងនោះ គឺបង្កពីបញ្ហាស្រ្តេសខ្លាំងនោះផងដែរ ដែលគួរមានវិធានការបង្ការការពារ ពិសេសទៅលើកុមារតូចៗ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕