backup og meta

ស្រីៗមានអារម្មណ៍ថា​សុដន់មានដុំពកៗ អាចមកពីការ​ប្រែ​ប្រួល​ជាលិកាមួយ​ប្រភេទនេះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Sep 10, 2020

    ស្រីៗមានអារម្មណ៍ថា​សុដន់មានដុំពកៗ អាចមកពីការ​ប្រែ​ប្រួល​ជាលិកាមួយ​ប្រភេទនេះ

    ១-តើការប្រែប្រួលជាលិកា fibrocystic លើសុដន់មានអ្វីខ្លះ?

    បម្រែ​បម្រួល​ជាលិកា Fibrocystic ក្នុង​សុដន់​ គឺ​បញ្ហា​កើត​ឡើង​ញឹក​ញាប់​លើ​ស្រ្តី​ជា​ច្រើន។ បញ្ហា​មួយ​នេះ​ធ្វើ​ស្រ្រីៗ​យើង​មាន​អារម្មណ៍ថា​នៅ​លើ​សុដន់​មាន​​ដុំ​ពក​ៗ និង​រឹង​ពេល​យក​ដៃ​ប៉ះ ឬ​ពេល​ខ្លះ​ទៀត​ឡើង​ហើម​ផង​ដែរ។ ពាក្យ​ថា​បម្រែ​បម្រួល ​ខាង​លើ​នេះគឺ​សម្ដៅ​​លើ​បញ្ហា​ចំនួន​ពីរ គឺ​ជាលិកា​សរសៃ និង​ដុំ​គីស​មិន​​មែន​ជា​សាច់​មហារីក។

    ជាលិកា​សរសៃ​ហ្វាយ​ប្រឺស (Fibrocystic)​ គឺ​ជា​​​ជាលិកា​ម្យ៉ាង​នៅ​ក្នុង​សុដន់​មាន​សភាព​រឹង ដែល​វា​នឹង​ធ្វើ​ឲ្យ​ស្រី​ៗមាន​អារម្មណ៍ថា​សុដន់​របស់​​​ខ្លួន​រឹង។ ដុំ​គីស​ស្លូត គឺ​ជា​ដុំ​ពក​ដែល​មាន​ផ្ទុក​សារធាតុ​រាវ​នៅ​ខាង​ក្នុង ដែល​វា​នឹង​ទាញ​សាច់​ជុំ​វិញ​ដោះ​ឲ្យ​យឺត​តាម​ទំហំ​របស់​វា ហើយ​​ក៏​ធ្វើ​ឲ្យ​សុដន់​របស់​យើងឈឺ​ដូច​គ្នា។

    ២-ធ្វើដូចម្ដេចទើបដឹងមានបញ្ហាប្រែប្រួលជាលិកា Fibrocystic ក្នុងសុដន់?

    បម្រែ​បម្រួល​នៃ​ជាលិការ Fibrocystic ក្នុង​សុដន់ គឺ​ធ្វើ​ឲ្យ​សុដន់​របស់​យើង​​ប្ដូរ​រូប​រាង។ ប៉ុន្តែ​ការ​ប្រែ​ប្រួល​នេះ ភាគ​ច្រើន​គឺ​មាន​សភាពប្រហាក់​ប្រហែល​គ្នា លើ​​សុដន់​ទាំង​សង​ខាង។ ពេល​ខ្លះ​យើង​អាច​សង្កេត​ឃើញ​ថា​មាន​ទឹក​រងៃ​ពណ៌​ត្នោត​ក្រម៉ៅ ឬ​បៃ​តង​លេច​ចេញ​ពី​ចុង​សុដន់។ អំឡុង​ពេលយើង​​មក​រដូវ ដុំ​ពក​ក្នុង​សុដន់ អាច​នឹង​ប្រែ​ប្រួល​ទំហំ ហើយ​មុន​ពេល​​មក​រដូវ​ យើង​ក៏​អាច​នឹង​មាន​អារម្មណ៍​ឈឺ​ក្នុង​សុដន់​ជាង​ធម្មតា និ​ងពិបាក​ជាង​រាល់​ដង។

    អត្ថបទពាក់ព័ន្ធ៖ 

    ៣-ហេតុអ្វីយើង​មានបញ្ហាប្រែប្រួលជាលិកា Fibrocystic ក្នុងសុដន់?

    មនុស្ស​ស្រី​យើង​ជា​ច្រើន​ ដែល​ស្ថិតក្នុង​វ័យ​បន្ត​ពូជ​ ភាគ​ច្រើន​ជួប​បញ្ហា​បម្រែបម្រួល​ជាលិកា fibrocystic ក្នុង​សុដន់។ បញ្ហា​មួយ​នេះ​មិន​សូវ​កើត​លើ​ស្ត្រី​អស់​រដូវ​ទេ ប៉ុន្តែ​វា​អាច​កើត​ឡើង ប្រសិន​បើ​ស្រ្តី​ទាំង​នោះ​​ទទួល​ព្យាបាល​ដោយ​ការ​ប្រើ​ប្រាស់​អ័រម៉ូន​ជំនួយ។

    ​អ្នក​វិទ្យាសាស្ត្រ​ក៏​ជឿ​ដែរថា មូល​ហេតុ​ចម្បង​នៃ​បម្រែ​បម្រួល​នេះ ​គឺ​បណ្ដាល​មក​ពី​ការ​ចូល​រួម​នៃ​អ័រម៉ូន​របស់​មនុស្ស​ស្រី។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​បាន​ថា​ អ័រម៉ូន​​ទៅ​ធ្វើ​ឲ្យ​ជាលិកា​ក្នុង​សុដន់​ប្រែ​ប្រួល​យ៉ាង​ដូច​ម្ដេច ហើយ​ក៏​មិន​ដឹង​ថា​អ្វី​ជា​កត្តា​ជំរុញ​​ឲ្យ​កើត​បញ្ហា​​នេះ​ដូច​គ្នា។ ពី​មុន​​មក​​បើ​និយាយ​អំពី​បម្រែ​បម្រួល​ជាលិកា fibrocystic ក្នុង​សុដន់ គឺ​គេ​ហៅ​វា​ថា​ជាជំងឺ​​បម្រែ​បម្រួល​ជាលិកា​ fibrocystic។ ប៉ុន្តែ​បើ​គិត​តាម​ក្បួន​ពេទ្យ បញ្ហា​មួយ​នេះ​មិន​ទាន់​ចាត់​ចូល​ជា​ជំងឺ​បាន​នៅ​ឡើយ​ទេ សូម្បី​តែ​ឈ្មោះ​របស់​វា​គឺ​គិត​ត្រឹម​ការ​បម្រែ​បម្រួល​តែ​ប៉ុណ្ណោះ​។

    ៤-អ៊ីចឹង​បានន័យថាយើង​កើតមហារីកមែនទេ?

    ការ​ប្រែ​ប្រួល​ជាលិកា fibrocystic ក្នុង​សុដន់ គឺ​មិន​មែន​ជា​ការ​វិវត្ដ​នៃ​ជំងឺ​មហារីក ឬ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព​របស់​ស្រីៗ​យើង​​នោះ​ទេ។ ប៉ុន្តែ​ការ​បម្រែ​បម្រួល​នេះ​​ធ្វើ​ឲ្យ​ការ​ពិនិត្យ​សុដន់​មាន​ការ​លំបាក។ ប្រសិន​បើ​យើង​​សង្កេត​ឃើញថា​មាន​​បម្រែ​បម្រួល​ណា​មួយ​ក្នុង​សុដន់ ត្រូវ​ប្រញ៉ាប់​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​លឿន ដើម្បី​រក្សា​សុវត្ថិភាព។

    គ្រូពេទ្យ​នឹង​ពិនិត្យ​សុដន់​របស់​យើង​​ដោយ​ដៃ​តាម​ធម្មតា​ ដើម្បី​រក​មើល​ភាព​មិន​ប្រក្រតី​ក្នុង​សុដន់។ ការ​ពិនិត្យ​ដោយ​ថត​អេកូ ឬ​ប្រើ​ម៉ាស៊ីន​ថត​ពិនិត្យ​ដោះ អាច​ធ្វើ​ឡើង​បន្ទាប់​ពី​គ្រូពេទ្យ​ពិនិត្យ​ដោយ​ដៃ​រួច។ ក្នុង​ករណី​ចាំបាច់​គ្រូពេទ្យ​ត្រូវ​ច្រឹប​សាច់​សុដន់​ យក​ទៅ​វិភាគ​បន្ថែម ដើម្បី​ប្រាកដ​ថា​វា​ជា​កោសិកា​មហារីក​មែន ​ឬ​យ៉ាង​ណា។

    ៥-វិធីដោះស្រាយជាមួយការប្រែប្រួលជាលិកា Fibrocystic ក្នុងសុដន់?

    ការ​ប្រែ​ប្រួល​ជាលិកា fibrocystic ក្នុង​សុដន់ ពេល​ខ្លះ​គឺ​មិន​ចាំ​បាច់​ត្រូវ​ការ​ការ​ព្យាបាល​ទេ។ ប្រសិន​បើយើង​​មាន​ដុំ​គីស យើង​អាច​ទៅ​ឲ្យ​គ្រូពេទ្យ​បូម​វា​ចេញ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​តឹង និង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់។ ប៉ុន្តែ​សារធាតុ​រាវ​ក្នុង​គីស​នោះ ក៏​អាច​ចេញ​មក​ក្រៅ​ដោយ​ខ្លួន​វា​បាន​ដែរ។

    មាន​ក្រុម​ស្រ្តី​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ស្ថាន​ភាព​របស់ពួក​​គាត់​បាន​ធូរ​ស្រាល បន្ទាប់​ពី​គាត់​កាត់​បន្ថយ​ការ​ទទួល​ទាន​កាហ្វេ ប៉ុន្តែ​គេ​មិន​ទាន់​មាន​ភស្ដុតាង​សម្រាប់​គាំ​ទ្រ​ការ​លើក​ឡើង​មួយ​នេះ​ឡើយ។ អ៊ីចឹងស្រីៗ​យើង​​អាច​សាក​ល្បង​ដោយ​ខ្លួន​ឯង​បាន។ ​មួយ​វិញ​ទៀត ការ​កែ​ប្រែ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​ជា​ច្រើន៖

    – កាត់​បន្ថយ​ការ​ទទួល​ទាន​អំបិល ដើម្បី​កាត់​បន្ថយ​ការ​ហើម

    – ប្រើ​ថ្នាំ​បញ្ចុះ​ទឹក​នោម ដើម្បី​នាំ​ទឹក​ចេញ​ពី​ក្នុង​សុដន់

    – ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ប្រើ​ប្រាស់​ផលិត​ផល​ណា​មួយ ដើម្បី​ការ​ពារ​ប្រតិកម្ម​ថ្នាំ និង​ផល​រំខាន​របស់​ផលិត​ផល​ទាំង​អស់​នោះ

    – ត្រូវ​គិត​ឲ្យ​ច្បាស់​មុន​ពេល​ទទួល​ការ​ព្យាបាល​ ដោយ​ប្រើប្រាស់​អ័រម៉ូន​ជំនួយ ដោយ​សារ​តែ​វា​អាច​បណ្ដាល​ឲ្យ​មាន​ផល​រំខាន​ធ្ងន់​ធ្ងរ​កើត​ឡើង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ Sep 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម