ទឹកភ្នែក កើតមាន ពេលយើងមានអារម្មណ៍កើតទុក្ខ សប្បាយរំភើប ឬមានរបស់អ្វីមួយមកប៉ះ។ ការពិត ទឹកភ្នែក មានស្រទាប់របស់វា និងមានរឿងរ៉ាវមួយចំនួនដែលយើងមិនដឹង។
១- ទឹកភ្នែកមានស្រទាប់
ទឹកភ្នែក មាន ៣ ស្រទាប់ ជាល្បាយបញ្ចូលគ្នារវាងសាធាតុទឹក ប្រេង និងសារធាតុសម្បោរអន្ធិល។ ស្រទាប់ទឹក មានផ្ទុកអេឡិចត្រូលីត្រ ប្រូតេអ៊ីន គ្លុយកូស និងសារធាតុដទៃផ្សេងទៀតជាច្រើន ធ្វើឲ្យវាជាស្រទាប់ដ៏ក្រាស់បំផុត ក្នុងចំណោមស្រទាប់ទាំងបី។ ទន្ទឹមនឹងនេះ ស្រទាប់ប្រេង មានមកជាមួយនៅខ្លាញ់មួយចំនួន មាននាទីពន្យឺតដំណើរការរំហួត។ សមាសភាគជាក់លាក់មួយចំនួនរបស់ទឹកភ្នែក មិនរក្សាដដែលៗរៀងរាល់ថ្ងៃនោះទេ គឺប្រែប្រួលទៅតាមសុខភាពរបស់យើង។
២- ការធ្វើដំណើររបស់ទឹកភ្នែក
ដំបូងឡើយ គឺចេញពីក្រពេញទឹកភ្នែក (Lacrimal Glands) ដែលជាកន្លែងដែលផលិតទឹកភ្នែកផ្ទាល់។ ក្រពេញទាំងនេះស្ថិតនៅលើជ្រុងបង្អស់នៃភ្នែក ផ្នែកខាងក្រៅ។ ពេលយើងព្រិចភ្នែក ទឹកភ្នែកនឹងបញ្ចេញពេញភ្នែក។ បន្ទាប់មក ទឹកភ្នែកទៅដល់រង្វះរន្ធបំពង់ទឹកភ្នែក ឬហៅ Puncta ជារន្ធតូចៗក្នុងត្របកភ្នែក រួចហូរតាមទៅរន្ធតូចៗចូលទៅក្នុងរន្ធច្រមុះ។ យើងអាចលេបទឹកភ្នែកនេះចូលពោះ ឬឲ្យវាក្លាយទៅជាសម្បោរ ដែលចំណុចនេះក៏អាចបញ្ជាក់ពីមូលហេតុមានហូរសម្បោរ ពេលយើងយំ។ បើទឹកភ្នែកផលិតច្រើន នោះវានឹងហៀរចេញពីត្របកភ្នែកខាងក្រោម។
អត្ថបទពាក់ព័ន្ធ៖
- លម្អិតជុំវិញមូលហេតុភ្នែកឆ្លងរោគ ឈឺឡើងក្រហម រហូតដល់ពិការ
- កូនទើបកើតរលាកកញ្ចក់ភ្នែក ម៉ាក់ប៉ាគួរធ្វើបែបណា?
៣- យើងត្រូវការទឹកភ្នែក
ទឹកភ្នែកដើរតួនាទីសំខាន់ជាច្រើននៅក្នុងរាងកាយយើង ផ្ដល់សំណើមភ្នែកឲ្យរអិល លាងបាញ់ជម្រះកម្ទេចកំទី ដឹកជញ្ជូនអុកស៊ីហ្សែន និងជីវជាតិចិញ្ចឹម និងចុងក្រោយ គឺកម្ចាត់សម្អាតកាកសំណល់ចេញ។ ដូចគ្នាដែរ ទឹកភ្នែកធ្វើឲ្យរូបភាពកកើតនៅលើស្រទាប់រ៉េទីន កាន់តែច្បាស់ ក៏ជាមូលហេតុគ្មានយើងមានភ្នែកស្ងួត និងមានគំហើញព្រិលៗ មិនច្បាស់។ ទឹកភ្នែកការពារភ្នែកពីមេរោគ ដោយសារតែអង្គបដិបក្ខ អង់ហ្ស៊ីម និងសមាសភាគភាពស៊ាំរបស់ពួកវា។
៤- ទឹកភ្នែកមាន ៣ ប្រភេទ
ទឹកភ្នែកត្រូវគេចែកចេញជា ៣ ប្រភេទដាច់ពីគ្នា មានដូចជា៖
– ទឹកភ្នែកហូរជាបន្តបន្ទាប់ (ឬទឹកភ្នែកនៅបាត)៖ ត្រូវផលិតឡើងដើម្បសម្រួលមុខងារភ្នែកជាមូលដ្ឋាន ដូចជា ធ្វើឲ្យភ្នែកមានភាពសើមរអិល។
– ទឹកភ្នែករេផ្លិច (ទឹកភ្នែកទប់ស្កាត់ការរលាក ឬក្រហាយ)៖ ត្រូវផលិតឡើងពេលភ្នែករងការរោលរាលក្រហាយដោយសារតែមូលហេតុផ្សេងៗ ដូចជា ពន្លឺ ភាពត្រជាក់ ខ្យល់ វត្ថុចម្លែកពីខាងក្រៅ។
– ទឹកភ្នែកកើតពីផ្លូវចិត្ត៖ ត្រូវផលិតឡើងពេលយើងម្នាក់ៗ ជួបប្រទះអារម្មណ៍កម្សត់ខ្លាំង។
៥- ហេតុអ្វីមនុស្សសម្រក់ទឹកភ្នែក?
ពេលនៅក្មេង យំភាគច្រើនគឺដើម្បីសម្តែងបញ្ចេញតម្រូវការរបស់ខ្លួន ហើយទាញចំណាប់អារម្មណ៍ពីអ្នកដទៃ។ ពេលខ្លះ ទឹកភ្នែកអាចប្រឹងហូរដើម្បីបញ្ចេញចោលនូវអារម្មណ៍តានតឹង។ ការស្រាវជ្រាវបង្ហាញថា ទឹកភ្នែកកើតចេញពីផ្លូវចិត្តមានសមាសភាពខុសពីប្រភេទដទៃផ្សេងទៀត ហើយអ្នកស្រាវជ្រាវជឿថា ការយំសម្រាប់ហេតុផលផ្លូវអារម្មណ៍ គឺជាវិធីដែលរាងកាយកម្ចាត់ចោលនូវជាតិគីមី មានទំនាក់ទំនងនឹងភាពតានតឹងផ្លូវចិត្ត។
៦- សត្វក៏យំដែរ
សត្វមានឆ្អឹងខ្នង ហើយរស់នៅលើគោក មានប្រភេទទឹកភ្នែកហូរជាប់បន្តបន្ទាប់ ហើយអាចនឹងមានទឹកភ្នែក ដោយសាររេផ្លិច។ មានតែមនុស្សប៉ុណ្ណោះដែលយំ ដោយសារផ្លូវអារម្មណ៍ តែមានរបាយការណ៍បង្ហាញថា សត្វដំរីបានសម្រក់ទឹកភ្នែក នៅពេលកំពុងស្ថិតក្នុងភាពសោកសង្រេងដូចគ្នា។
៧- ហេតុអ្វីហាន់ខ្ទឹមបារាំងធ្វើឲ្យហូរទឹកភ្នែក?
ពេលយើងហាន់ខ្ទឹមបារាំង ខ្ទឹមក្រហម វានឹងបញ្ចេញអង់ហ្ស៊ីមភ្ញោចការផលិតជាតិគីមីដែលដឹកនាំតាមខ្យល់ ធ្វើឲ្យក្រហាយរោលរាលភ្នែក។ អ្វីគួរឲ្យភ្ញាក់ផ្អើលនោះ អ្នកស្រាវជ្រាវញ៉ូវហ្សេឡែន ផ្សាំបានដោយជោគជ័យនូវប្រភេទខ្ទឹមបារាំង ដែលមិនអាចធ្វើឲ្យធ្វើចេញទឹកភ្នែកនោះឡើយ។
[embed-health-tool-vaccination-tool]