ដ្បិតតែឲ្យកូនមើលទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិកផ្សេងៗ អាចធ្វើឲ្យកូនរវល់ មិនរករឿងម៉ាក់ប៉ាមែន ប៉ុន្តែយើងមិនអាចបណ្ដោយឲ្យកូនអង្គុយតែនៅពីមុខអេក្រង់គ្រឿងអេឡិចត្រូនិកទេ។ ហេតុនេះហើយ ការកំណត់ពេលមើលទូរស័ព្ទ លេងហ្គេម ឬសម្លឹងមើលទូរទស្សន៍ចំពោះកូន គឺមិនមែនជារឿងងាយស្រួលទេនៅក្នុងសង្គមសម្បូរទៅដោយបច្ចេកវិទ្យាដូចសព្វថ្ងៃ។ ខាងក្រោមនេះ ជាតិចនិកងាយៗ ម៉ាក់ប៉ាអាចប្រើ ដើម្បីកាត់បន្ថយពេលអាអូនមើលអេក្រង់យូរបាន។
១. ធ្វើជាគំរូល្អ
ក្មេងៗនិយមត្រាប់តាមទង្វើដែលពួកគេឃើញមនុស្សជុំវិញខ្លួនធ្វើញឹកញយ ជាពិសេសម៉ាក់ប៉ាតែម្ដង។ បើកូនៗឃើញយើងអានសៀវភៅ ពួកគេអាចចង់អានសៀវភៅដូចម៉ាក់ប៉ា ហើយបើឃើញយើងមើលទូរស័ព្ទ និយាយដើមគេ កូនៗច្បាស់ជារៀនតាមទង្វើអស់នោះមិនខាន។
២. ធ្វើតួនាទីជាឪពុកម្ដាយ
វាជាការងាររបស់យើងជាម៉ាក់ប៉ាដែលត្រូវជំរុញឲ្យកូនមានឥរិយាបថត្រឹមត្រូវ និងកែឫកពារមិនសមរម្យចេញ ហើយយើងត្រូវពន្យល់ពីហេតុផលដល់កូន ថាហេតុអ្វីបានជាធ្វើបែបនេះល្អ ធ្វើបែបនេះមិនល្អសម្រាប់យើង។
៣.ជំរុញកូនធ្វើសកម្មភាពផ្សេង
ក្រៅពីការលេងទូរស័ព្ទ យើងអាចឲ្យកូនងាកទៅរកការអានសៀវភៅ លេងជាមួយរបស់លេង សង់ផ្ទះ គូររូប លេងកីឡា ឬអាចឲ្យកូនចូលរួមលេងជាមួយក្មេងៗដទៃដែលនៅជិតគ្នាក៏បាន។ ការដែលឲ្យកូនចូលរួមធ្វើសកម្មភាពថ្មីផ្សេងៗ អាចបង្កើនគំនិតច្នៃប្រឌិតរបស់កូន និងអាចជួយដល់សុខភាពទូទៅរបស់កូនបាន។
៤. កំណត់ម៉ោងមើលទូរស័ព្ទ
យើងអាចកំណត់ម៉ោងលេងទូរស័ព្ទ ឬទូរទស្សន៍បានដោយប្រើកម្មវិធីកំណត់នាទីនៅក្នុងគ្រឿងអេឡិចត្រូនិកនោះបាន (ឧ.បើយើងកំណត់ម៉ោងមើល២ម៉ោង នោះទូរស័ព្ទនឹងប្រាប់យើងឲ្យបិទ ឬអាចកំណត់ឲ្យបិទខ្លួនឯងតែម្ដង)។ យើងក៏អាចនិយាយដាច់ណាត់ជាមួយកូនថាមើលទូរស័ព្ទបានប៉ុនណា ត្រូវឈប់នៅពេលណាបានដូចគ្នា។
៥. លេងជាមួយកូន
មាននាមជាម៉ាក់ប៉ា មិនមែនជារឿងងាយស្រួលទេ មួយថ្ងៃៗមមាញឹកនឹងការងាររកចំណូលផង ការងារផ្ទះផង ស្ទើរតែគ្មានពេលបាននៅក្បែរកូនពេញលេញ។ ដូចនេះ គួរចំណាយពេលលេងជាមួយកូន ទោះពេលតិចក្ដី ច្រើនក្ដី វាអាចធ្វើឲ្យកូនទទួលបានភាពកក់ក្ដៅមួយពេលឃើញមុខប៉ាម៉ាក់។
តាមលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសរោគកុមារ ឲ្យដឹងថា ទោះរវល់យ៉ាងណាក៏មិនត្រូវភ្លេចផ្ដល់ភាពកក់ក្ដៅឲ្យកូនៗរបស់យើងដែរ ហើយយើងមិនចាំបាច់ចំណាយលុយច្រើនដើម្បីបង្ហាញក្ដីស្រឡាញ់មានចំពោះកូនទេ។ យើងអាច៖
- ចំណាយពេលស្ដាប់កូននិយាយ
- និទានរឿងឲ្យកូនស្ដាប់ ៥-១០នាទីរៀងរាល់ថ្ងៃ
- ចំណាយពេលពន្យល់ណែនាំកូន ទោះពេលតិចក្ដី
- ជួយបង្រៀនកូនធ្វើកិច្ចការសាលា។ល។
[embed-health-tool-vaccination-tool]