ការយល់ចិត្តគ្នារវាងប៉ាម៉ាក់ និងកូនៗ សំខាន់ណាស់នៅក្នុងការបង្កើតទំនាក់ទំនងក្នុងគ្រួសារឲ្យមានភាពចុះសម្រុង និងផ្ដល់ភាពរីករាយនៅក្នុងផ្ទះ។ ផ្ទុយទៅវិញ មានម៉ាក់ប៉ាមួយចំនួន មិនសូវចេះវិធីបង្ហាញក្ដីស្រឡាញ់ ឬមិនចូលចិត្តស្រឡាញ់កូនឲ្យយល់ចិត្ត ព្រោះគិតថា អាចធ្វើឲ្យកូនខូច ជាហេតុធ្វើឲ្យទំនាក់ទំនងរវាងខ្លួន និងកូនៗមិនស្អិតល្មួត ម៉ាក់ប៉ានៅផ្សេង កូនៗនៅផ្សេងជាដើម។
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានពន្យល់ឲ្យដឹងថា ត្បិតតែយើងជាម៉ាក់ប៉ាមែន ប៉ុន្តែពេលខ្លះ យើងមិនអាចដឹងមិនពិតប្រាកដទេថា កូនៗចង់បានអ្វីពីយើងជាឪពុកម្ដាយ។ ដូចនេះ ដើម្បីបង្កើនការយល់ចិត្តគ្នាកាន់តែប្រសើររវាងយើង និងកូន ម៉ាក់ប៉ាអាចឲ្យកូនៗ រាយរ៉ាប់ ឬសរសេរពីអ្វីដែលកូនចង់ឲ្យយើងជាឪពុកម្ដាយធ្វើ។ លោកស្រីបន្តថា ការដែលប្រើវិធីនេះ វាមានអត្ថប្រយោជន៍ដូចជា៖
ទី១. ឲ្យកូនចេះរកនឹក និងគិតដោយប្រើបញ្ញារបស់កូន
ទី២. កូនបានបង្ហាញអំពីអ្វីពួកគេចង់បាន
ទី៣. បង្កើនការយល់ចិត្តរវាងប៉ាម៉ាក់ និងកូនៗ។ល។
“ជាក់ស្ដែង ខ្ញុំបានឲ្យកូនរបស់ខ្ញុំសរសេរពីសកម្មភាពដែលកូនចង់ឲ្យខ្ញុំធ្វើឲ្យគេ ហើយកូនខ្ញុំបានសរសេរថា ម៉ាក់អានសៀវភៅឲ្យកូនស្ដាប់ ម៉ាក់ជួយកូនធ្វើលំហាត់ ម៉ាក់លេងជាមួយកូន។ល។ សកម្មភាពនេះ អាចធ្វើឲ្យខ្ញុំដឹងថាកូនចង់បានអ្វីពីយើងពិតប្រាកដ។”
ស្របគ្នានឹងការចិញ្ចឹមកូននេះដែរ វេជ្ជបណ្ឌិតសញ្ញាប័ត្រពីប្រទេសបារាំងរូបនេះ បន្ថែមទៀតថា ម៉ាក់ប៉ាក៏គួរបែរមកចិញ្ចឹមកូនតាមវិធីចិញ្ចឹមកូនតាមបែបវិជ្ជមាន(Positive Parenting) វិញម្ដង។
ចុះបើកូននិយាយមិនស្ដាប់ ខូច យំកូរយើងពេញហ្នឹង គួរចាត់ការតាមរបៀបណា? ភាពរឹងរូស និងការយំរករឿងជារឿងធម្មជាតិរបស់កុមារ ហើយអ្វីដែលយើងជាម៉ាក់ប៉ាគួរធ្វើ គឺមិនមែនឲ្យកូនឈប់យំ រករឿងនោះទេ។ ប៉ុន្តែ គឺជាវិធីសាស្ត្រមួយជួយឲ្យកូនចេញត្រួតបញ្ជាខ្លួនឯង នៅពេលដែលគេយំខូចម្ដងៗ។ នៅពេលដែលក្មេងយំ កូនក៏មានការឈឺចាប់ដែរ ហើយត្រូវការយើងជាមនុស្សចាស់ជួយគេ។
[embed-health-tool-vaccination-tool]