«កូនខ្ញុំប្ដូរម៉ាក់ទឹកដោះគោមិនក្រោម ៥ ប្រភេទនោះទេ ហើយទម្រាំតែរកត្រូវ កូនរាកស្គមសល់តែឆ្អឹងទេ»។ នេះជាការចែករំលែកអ្នកគ្រូ ស បុស្ប៉ា បង្រៀននៅអនុវិទ្យាល័យព្រះសីហនុរាជ ហើយអ្នកគ្រូវ័យ ៣៥ ឆ្នាំខាងលើថា ការឲ្យកូនម៉ឹមទឹកដោះគោ មិនមែនល្អដូចទឹកដោះម្ដាយឡើយ តែដោយសាររវល់ និងមិនសូវមានទឹកដោះគ្រប់គ្រាន់ ទើបជ្រើសឲ្យកូនបៅទឹកដោះគោទៅ។ មិនត្រឹមតែពិបាករឿងកូនម៉ឹមមិនត្រូវឡើយ ភាពហត់នឿយក្នុងការលាងសម្អាត រឹតតែមិនចង់គួរឲ្យម៉ាក់ៗដទៃដែលរវល់ការងារខាងក្រៅ ឲ្យកូនម៉ឹមទឹកដោះគោឡើយ។
៤- ចំណាយលុយលើទឹកដោះគោ និងកំប៉ុងទឹកដោះគោ
បើតាមបទពិសោធរបស់ សៀ កនិដ្ឋា ដែលកូនរបស់អ្នកនាងទាំង ២ សុទ្ធតែបៅទឹកដោះគោ បានឲ្យដឹងថា ត្រូវចំណាយលើទឹកដោះគោច្រើនណាស់ ម្យ៉ាងទៀតរយៈពេល ៦ ខែម្ដងត្រូវប្ដូរដបទឹកដោះគោចេញម្ដង ហើយម្ដងត្រូវចំណាយក្បែរ ២ រយដុល្លារ នេះរាប់តែក្បាលដោះកូនបៀម ដប សាប៊ូ និងឧបករណ៍។ អ្នកស្រុកភ្នំពេញខាងលើក៏បានបន្ថែមទៀតថា ពេលខ្លះបើទិញខុសចំណង់ចំណូលចិត្តកូន ត្រូវទិញថ្មី អស់លុយបន្ថែមទៀត។ អ្នកលក់ដូរអីវ៉ាន់នៅផ្ទះរូបនេះបន្តទៀតថា អ្នកម៉ាក់ដែលត្រៀមសម្រាលកូន ហើយចង់ឲ្យកូនម៉ឹមដោះគោ គួរតែប្ដូរការគិតចេញ ព្រោះថាកូនបៅដោះមានផលលំបាកច្រើនណាស់។