នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស(គ.ជ.ប.ជ) បានបង្ហាញភាពសោកស្ដាយចំពោះទង្វើរបស់លោកអធិការនគរបាលស្រុកសៀមប៉ាង ក្រោយហៅប៉ូលីសស្រីម្នាក់បំបៅដោះកូនម៉ោងធ្វើការ មកធ្វើកិច្ចសន្យា ថាប៉ះពាល់ដល់កិត្តិយសនគរបាល និងស្ត្រីខ្មែរ។
លោកជំទាវមានការសោកស្ដាយជាខ្លាំង ដែលលោកអធិការបានប្រើឥរិយាបទបែបនេះ និងមិនបានវែកញែកឲ្យបានច្បាស់ពីកំហុស និងពីគុណសម្បត្តិ។ ក្នុងស្ថានភាពជាស្ត្រីដែលមានភារកិច្ចទទួលខុសត្រូវទ្វេដង លើសពីបុរស គឺបំពេញការងារស្នូលក្នុងអង្គភាពស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់កូនតាំងពីនៅក្នុងផ្ទៃ ដល់ពេញវ័យ ក៏នាងមិនបានបោះបង់កូន និងការងារស្នូលដែរ បើទោះបីជាបុរស ស្វាមី ឬថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់ ឬបង្កលក្ខណៈងាយស្រួលឲ្យនាងថែទាំកូនក៏ដោយ។
“នេះជាទង្វើដែលខ្ញុំជាស្ត្រីម្នាក់ សូមគោរពកោតសរសើរ នូវឆន្ទៈ ដ៏មុះមុត ក្នុងការបំពេញភារកិច្ចរបស់មន្ត្រីជាស្ត្រី ទោះជាប្រឈមនឹងការលំបាកយ៉ាងណាក៏ដោយ។”
លោកជំទាវ ជូ ប៊ុនអេង បានអំពាវនាវឲ្យឯកឧត្តមអភិបាល លោកជំទាវអភិបាលរង លោកស្នងការ និងថ្នាក់ដឹងនាំទាំងអស់ ពិនិត្យករណីនេះ និងរិះរកវិធីលើកទឹកចិត្ត លោកស្រីអនុសេនីយទោរូបនេះ និងស្ត្រីជាមន្ត្រីរាជការដទៃទៀត តាមតែអាចធ្វើទៅបាន ដើម្បីកុំបាក់ទឹកចិត្ត និងបានជូនពរដល់ស្ត្រីគ្រប់រូបចៀសផុតពីអំពើហឹង្សា ការមាក់ងាយ មិនឲ្យតម្លៃផ្សេងៗ។
[embed-health-tool-vaccination-tool]