brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

កូនអាលែកហ្ស៊ីទឹកដោះគោ អាចចេញ​រោគ​សញ្ញាលើប្រព័ន្ធរំលាយអាហារ ស្បែក

ម្សៅទឹកដោះគោ ជាជម្រើសទឹកដោះសត្វដ៏ពេញនិយមដែលម៉ាក់ប៉ាភាគច្រើនជ្រើសរើសផ្ដល់ឲ្យកូនបៅ បន្ទាប់ពីម៉ាក់ៗផ្ដាច់ដោះ តែមិនមែនក្មេងទាំងអស់បៅទឹកដោះគោត្រូវនោះទេ។ ជួនកាលអាអូនអាចអាលែកហ្ស៊ីទឹកដោះគោ ហេតុនេះហើយម៉ាក់ប៉ាគួរដឹងពីរោគសញ្ញាអាលែកហ្ស៊ីទឹកដោះគោកើតឡើងលើកូន។

កូនអាលែកហ្ស៊ីទឹកដោះគោ អាចចេញ​រោគ​សញ្ញាលើប្រព័ន្ធរំលាយអាហារ ស្បែក

បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ កាលណាអាអូនម៉ឹមទឹកដោះគោ ឬញ៉ាំចំណីអាហារណាមួយមួយចូលក្នុងពោះមានប្រតិកម្ម នោះច្បាស់ជាអាលែកហ្ស៊ីជាមួយអាហារទាំងនោះ ហើយបើម៉ាក់ប៉ាមិនយកចិត្តទុកដាក់ទេ កូនតូចងាយនឹងខ្វះអាហារូបត្ថម្ភ។ រោគសញ្ញានៃការអាលែកហ្ស៊ីទឹកដោះគោ អាចមានពីស្រាលទៅមធ្យម​ដូច​ជា៖

រោគសញ្ញាអាលែកហ្ស៊ីទូទៅបង្កដោយប្រូតេអ៊ីនក្នុងទឹកដោះគោ

ប្រូតេអ៊ីនក្នុងទឹកដោះគោអាចបង្កជាបញ្ហាអាលែកហ្ស៊ីធ្ងន់ធ្ងរលើអាអូន ដោយរោគសញ្ញាអាលែកហ្ស៊ីអាចកើតឡើងភ្លាមៗក្រោយពីកូនបានបៅម្សៅទឹកដោះគោ ហើយរោគសញ្ញាខ្លះអាចលេចចេញច្រើនម៉ោងក្រោយបៅក៏មាន។ រោគសញ្ញាអាចមានពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ដោយអាចមានដូចជា៖

  • ហើមបរិវេណមាត់
  • ពីបាកលេបអាហារ
  • ក្អួត និងក្អែ
  • រាក
  • ឈាមក្នុងលាមក
  • មិនព្រមបៅ
  • ឈឺក្នុងពោះ
  • ឡើងកន្ទាលត្រអាក រមាស់ ឬត្រអក
  • ករណីកម្រ អាចមានប្រតិកម្មធ្ងន់ធ្ងរ

ជាមួយគ្នានេះដែរ ក្មេងខ្លះក៏អាចមាប្រតិកម្មទៅនឹងម្សៅទឹកដោះគោដែលរោគសញ្ញាអាចលេចចេញច្រើនម៉ោងក្រោយបៅ ហើយរោគសញ្ញានេះអាចមានលើប្រព័ន្ធរំលាយអាហារ ស្បែក និងសួត។

អាលែកហ្ស៊ីទឹកដោះគោ១

រោគសញ្ញាប្រតិកម្មទឹកដោះគោលើប្រព័ន្ធរំលាយអាហារ

  • ឈឺចុកពោះ
  • ហើមពោះ ឬខ្យល់ក្នុងពោះ
  • រាករូស
  • ទល់លាមក

រោគសញ្ញាប្រតិកម្មទឹកដោះគោលើសួត និងស្បែក

  • ហៀរសម្បោររ៉ាំរ៉ៃ
  • ក្អករ៉ាំរ៉ៃ
  • តឹងច្រមុះ
  • ឆ្លងមេរោគត្រចៀកញឹកញាប់
  • កើតជំងឺត្រអក
  • ឡើងកន្ទួលលើស្បែក

ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត អ៊ុន យូ អនុប្រធាននៃមន្ទីរសម្រាកព្យាបាល Maxi Care បានបន្ថែមឲ្យដឹងថា ក្នុងករណីដែលកូនមានរាកផង ឡើងកន្ទួល ហៀរសម្បោរផង ម៉ាក់ប៉ាមិនត្រូវផ្ដល់ថ្នាំផ្ដេសផ្ដាសឲ្យកូនញ៉ាំនោះទេ គឺត្រូវនាំកូនទៅពិនិត្យជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ ហើយបើកូនអាលែកហ្ស៊ីទឹកដោះគោអ៊ីចឹង គឺត្រូវតែប្ដូរទឹកដោះគោ ឲ្យកូនបៅទឹកដោះពពែ ឬទឹកសណ្ដែកវិញ ព្រោះបើបន្តឲ្យកូនបៅអាចធ្វើឲ្យកូនមានបញ្ហាធ្ងន់ធ្ងរ។

មួយវិញទៀត ដោយសារក្មេងម្នាក់ៗមិនដូចគ្នា ម៉ាក់ប៉ាគួរពិភាក្សាឲ្យបានដិតដល់ជាមួយអ្នកផ្ដល់សេវាថែទាំសុខភាព ឬគ្រូពេទ្យជំនាញពីស្ថានភាពសុខភាពកូន និងការជ្រើសរើសមធ្យោបាយបំបៅដែលស័ក្ដិសមបំផុតសម្រាប់កូន។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 01/10/2021