មានមនុស្សជាច្រើនតែងគិតថា ទឹកដោះដំបូងរបស់ម៉ាក់ៗ មានក្រោយសម្រាលកូនរួច។ តែបើតាមការបកស្រាយរបស់អ្នកជំនាញ បានបញ្ជាក់ថា ទឹកដោះបានកកើតតាំងពីម៉ាក់ៗពពោះខែទី ៤ ម្ល៉េះ តែមិនទាន់ចេញ។
លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បានធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងភាពម្ចាស់ការរបស់មាតាបិតាក្នុងការបំបៅកូនដោយទឹកដោះម្ដាយ និងតួនាទីប្រព័ន្ធផ្សព្វផ្សាយ” បានលើកឡើងថា នៅពេលស្ត្រីសម្រាលកូន ទឹកដោះមានតិច ឬច្រើនតែងមានជានិច្ច ហើយពេលកូនកើតរួចភ្លាម គួរតែឲ្យកូនប្រឹងបឺតជញ្ជក់ ដែលរិមាណទឹកដោះដំបូងមានត្រឹម ៥-៦ ដំណក់ គឺគ្រប់គ្រាន់សម្រាប់កូនទើបនឹងកើតហើយ។
អត្ថបទពាក់ព័ន្ធ៖ ឱសថទិព្វ ទឹកដោះដំបូងមានតិច តែគុណប្រយោជន៍រាប់មិនអស់
លោកអះអាងថា ទារកទើបនឹងកើត ក្រពះមានត្រឹមប៉ុន ឬតូចជាងមេដៃប៉ុណ្ណោះ។ ដូចនេះកុំបារម្ភថា កូនបៅមិនឆ្អែត ឬគិតថាគ្មានទឹកដោះ បែរជាទិញម្សៅទឹកដោះគោ ឆុងឲ្យកូនបៅជំនួសវិញ។ អនុប្រធានអង្គការ Helen Keller International បានឲ្យដឹងទៀតថា ទារកដែលទើបនឹងកើតបៅប្រហែលពី ៨-១៣ ដង/ថ្ងៃ ហើយម៉ាក់ៗគួរតែព្យាយាមឲ្យកូនបៅដោះរហូតដល់ស៊ាំ។
លោក ហ៊ូ ក្រើន បានបន្តទៀតថា អំឡុងកូនកើតមកភ្លាម ម៉ាក់ៗកុំច្របាច់ទឹកដោះដែលមានពណ៌ថ្លា ឬលឿងចេញឲ្យសោះ ព្រោះថាទឹកដោះពេលនោះ គឺជាទឹកដោះដំបូង សម្បូរសព្វជីវជាតិ មួយវិញទៀតប្រសិនបើម៉ាក់ៗគិតថា កូនមិនចេះបៅ ឬទឹកដោះចេញតិច សូមស្វែងរកជំនួយពីគ្រូពេទ្យភ្លាមៗ។
អត្ថបទពាក់ព័ន្ធ៖ គ្រាន់តែមិនបំបៅកូនដោយទឹកដោះ កម្ពុជាខាតបង់ជាង ៣០០លានដុល្លារ ក្នុង១ឆ្នាំ
[embed-health-tool-vaccination-tool]