ការលូតលាស់ និងអាកប្បកិរិយា
ភ្លេចៗខ្លួនអាអូនអាយុបាន ២ ខែបាត់ ខួរក្បាលក៏រីកធំ និងធ្វើការច្រើនជាងមុន។ ម៉ាក់ប៉ាមានសង្កេតអត់ អាអូនច្រើនតែនៅស្ងៀម លេងសើចមិនបានយូរនោះទេ ព្រោះរវល់តែភ្លឹកមួយភ្លែតមើលបរិយាកាសជុំវិញខ្លួន។ នេះជាពេលល្អបំផុតក្នុងទាក់ទងជាមួយកូនតូច ដូច្នេះយើងគួរនិយាយ ច្រៀងឬធ្វើកាយវិការពន្យល់អ្វីដែលចង់បង្ហាញប្រាប់កូន។ អាអូនអាចមិនទាន់យល់ច្បាស់អំពីអ្វីយើងកំពុងធ្វើ ប៉ុន្តែគេនឹងអាចរៀនសូត្របានច្រើនពីអ្វីសកម្មភាពអស់ទាំងនេះ។
បេប៊ីអាយុប៉ុណ្ណេះគេអាចនឹង៖
– ងើបមុខបាន ៩០ ដឺក្រេ ពេលគេងលើពោះ
– លើកដៃទាំង២បាន
– ស្ងៀមស្ងាត់ ដើម្បីសង្កេតមើលរបស់ជុំវិញខ្លួន។
១- បង្រៀនកូនពីអី?
នេះជាពេលដែលបេប៊ីរៀនសូត្រពីអ្វីគ្រប់យ៉ាង ដូច្នេះយើងគួរយកពេលនេះនិយាយ ឬលេងជាមួយកូនឲ្យបានច្រើន ដូចជានិយាយ ច្រៀង ឬយករូបភាពផ្សេងៗមកពន្យល់។ ឆ្លៀតពេលបានកាន់តែច្រើនរឹតតែល្អ មិនថាពេលបំបៅដោះ ឬប្តូរខោទឹកនោមនោះទេ។ ការធ្វើបែបនេះអាចជួយបានច្រើនដល់ការលូតលាស់បញ្ញាស្មារតី ការស្តាប់ និងមើលឃើញរបស់អូនតូច។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
មកដល់ពេលនេះ “Hello គ្រូពេទ្យ’ ជឿថា ម៉ាក់ប៉ាប្រហែលបានយកអាអូនទៅជួបគ្រូពេទ្យច្រើនដងរួចទៅហើយ។ ប៉ុន្តែសប្តាហ៍នេះគ្រូពេទ្យនឹងពិនិត្យទៅលើបញ្ហាមួយចំនួនរួមមាន៖
– ស្តាប់ និងមើលចង្វាក់បេះដូង
– ពិនិត្យដុំក្នុងពោះ ឬក្រលៀន មានភ្លាត់ឆ្អឹងឬអត់?
– ពិនិត្យការលូតលាស់ និងការបញ្ជារបស់ដៃជើង
– ពិនិត្យខ្នង ឆ្អឹងកងខ្នងរកមើលបញ្ហាមិនប្រក្រតី
– មើលប្រស្រីភ្នែក និងរន្ធទឹកភ្នែក
– ពិនិត្យត្រចៀករកមើលពណ៌ ឬមានទឹក
– ពិនិត្យរន្ធច្រមុះរកមើលបញ្ហាក្នុងច្រមុះ
– ពិនិត្យមាត់ និងបំពង់ករកមើលពណ៌ ឬដុំប៉ោង
– មើលកម្រឹតងាក ក
– ពិនិត្យក្រពេញទីរ៉ូអ៊ីត រកមើលកូនកណ្តុរជុំវិញក
– មើលកូនកណ្តុរក្រោមក្លៀក
– ពិនិត្យបង្ហើយលើក្បាល
– ពិនិត្យប្រព័ន្ធដង្ហើម
– ពិនិត្យប្រដាប់ភេទ មើលបញ្ហាមិនប្រក្រតី
– ពិនិត្យការជាសះលើផ្ចិត។
៣- ត្រូវដឹងពីអីខ្លះ?
ពីមួយថ្ងៃទៅមួយថ្ងៃបេប៊ីចេះតែវិវត្តទៅមុខឥតឈប់ឈរ ដូច្នេះហើយមានបញ្ហាជាច្រើនដែលម៉ាក់ប៉ាត្រូវដឹងតាមអាយុរបស់កូន។ នៅសប្តាហ៍នេះយើងនឹងស្វែងយល់ពីបញ្ហាថ្មីៗមួយចំនួនទៀត។
កាត់ស្បែកគ្របលើក្បាលលិង្គ(កាត់ចុង)៖ ក្មេងប្រុសអាយុប៉ុណ្ណេះអាចកាត់ចុងបានហើយ។ បងប្អូនជនជាតិអ៊ីស្លាមដែលមានបំណងកាត់ចុងលិង្គឲ្យកូនអាចកាត់បាន ដោយមានការឈឺចាប់ និងហូរឈាមតិចតួច តែមិនចាំបាច់បារម្ភពេកទេ។ ពេលវះកាត់រួចយើងគួរស្លៀកខោទឹកនោមឲ្យអាអូន ២ ជាន់ដើម្បីការពារការកកិតជាមួយភ្លៅ និងត្រូវសម្អាតលិង្គឲ្យស្អាត ស្ងួត មិនត្រូវឲ្យប៉ះជាមួយទឹករហូតមុខរបួសជាសះស្បើយ។
ត្អើក៖ អ្នកជំនាញពន្យល់ថា ត្អើកគឺជាការឆ្លើយតបរបស់បេប៊ីទៅនឹងបញ្ហាអ្វីមួយ ឬដោយសារការលេបខ្យល់ចូលក្នុងពោះច្រើនពេលបៅ។ ទោះយ៉ាងណាម៉ាក់ប៉ាមិនបាច់បារម្ភពីបញ្ហានេះទេ។
កណ្តាស់៖ បេប៊ីដែលមានបញ្ហាទឹកភ្លោះ និងជាតិរម្អិលនៅក្នុងផ្លូវដង្ហើមក្រោយពេលកើត ឧស្សាហ៍កណ្តាស់។ ដូចនេះមានតែការកណ្តាស់ទេទើបអាចយកសារធាតុរាវទាំងអស់នោះចេញពីផ្លូវដង្ហើមបាន។ ទារកកណ្តាស់ច្រើនពេលមានកម្ទេចកំទីតូចល្អិតចូលក្នុងច្រមុះ ដូចមនុស្សធំដែរ។ ឯពេលខ្លះអាអូនឃើញពន្លឺចាំង ជាពិសេសគឺពន្លឺព្រះអាទិត្យក៏អាចធ្វើឲ្យកណ្ដាស់ដូចគ្នា។
ភ្នែក៖ ម៉ាក់ប៉ាកាលបើសង្កេតឃើញថាភ្នែកកូនសំឡឹងមិនត្រង់ ច្រើនតែបារម្ភខ្លាចកូនស្រលៀងភ្នែក។ មិនមានបញ្ហានោះទេ ភាគច្រើនវាបណ្តាលមកពីកូនង៉ែតមានត្របកភ្នែកក្រាស់ទៅគ្របលើភ្នែកទើបធ្វើឲ្យភ្នែករបស់គេមិនត្រង់គ្នា។ ស្បែកនោះនឹងបាត់ទៅវិញពេលកូនយើងធំ។
ការព្រួយបារម្ភ
៤- អ្វីខ្លះត្រូវបារម្ភ?
ក្មេងៗពិបាកផ្តាច់ដោះខ្លាំងណាស់ ដូច្នេះម៉ាក់ប៉ាសម្រេចចិត្តឲ្យម៉ឹមក្បាលដោះសិប្បនិម្មិត នេះជាជារឿងត្រូវបារម្ភ។ បើឲ្យកូនបៀម តើគួរបៀមពេលណា និងរយៈពេលយូរប៉ុនណា។ យើងអាចប្រើវាដើម្បីលួងអាអូនពេលញ៉ាំ ពេលច្រៀងបំពេរ ឬដាក់បេប៊ីក្នុងរទេះបានរហូតដល់រាប់ម៉ោង។
ប៉ុន្តែក្បាលដោះអាចក្លាយជាសុបិនអាក្រក់របស់ម៉ាក់ប៉ាគ្រប់រូបនៅពេលដែលកូនយើងមិនអាចខ្វះវាបាន។ ក្បាលដោះអាចធ្វើឲ្យប៉ះពាល់ដល់ការរៀនគេងរបស់ទារក អាចឲ្យអូនតូចភ្ញាក់កណ្តាលយប់ដើម្បីរកក្បាលដោះ មិនគេងលុះត្រាតែបានបៀមក្បាលដោះនេះវិញ។ ម្យ៉ាងវិញទៀតពេលយើងឲ្យកូនប្រើក្បាលដោះយូរពេកវានឹងក្លាយជាទម្លាប់អាក្រក់ អាចធ្វើឲ្យអាអូនក្លាយជាមនុស្សឆេវឆាវបាន។
អរគុណចំពោះការតាមដានអត្ថបទនេះ យើងនឹងជួបគ្នានៅសប្តាហ៍ក្រោយទៀត អំពីការវិវិត្តរបស់ទារកក្នុងសប្តាហ៍ទី ៩។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]