backup og meta

អាយុ ៩ សប្តាហ៍៖ ក្នាញ់ណាស់! អាអូនចេះបញ្ចេញសំឡេង និងសម្លឹង​មើលម៉ាត់ម៉ាក់ប៉ានិយាយ

អាយុ ៩ សប្តាហ៍៖ ក្នាញ់ណាស់! អាអូនចេះបញ្ចេញសំឡេង និងសម្លឹង​មើលម៉ាត់ម៉ាក់ប៉ានិយាយ

ការលូតលាស់ និងអាកប្បកិរិយា

៩ សប្តាហ៍​ជា​ពេល​ដែល​អូនតូច​ចេញ​កាយ​វិការ គួរ​ឲ្យ​ក្នក់​ក្នាញ់​ ហើយ កូន​យើង​​អាច​បែង​ចែក​ប្រភេទ​សំឡេង​ដែល​ស្រដៀង​គ្នា​បាន។ ម៉ាក់ប៉ា​ត្រូវ​បន្ត​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ព្រោះ​អាអូន​អាច​សម្លឹង​មើល​មាត់​យើង​ពេល​និយាយ និង​ដឹង​អំពី​ភាព​អស្ចារ្យ​នៃ​ការ​បញ្ចេញ​សំឡេង។ អាអូន​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់ ​ពេល​​​សើច ឬ​យំ​ ដើម្បីចង់​បង្ហាញ​អារម្មណ៍​របស់​គេ​មក​យើង។

មក​ដល់​ពេល​នេះ​កូន​យើង​អាច​៖

– ញញឹម​មក​​យើង​វិញ​

– អាច​បែង​ចែក​សំឡេង​ស្រដៀង​គ្នា​

– រក​មើល​ប្រភព​សំឡេង​

– ស៊ាំ​ជាមួយ​​បរិយាកាស​ជុំវិញ​ខ្លួន

– អាច​យំ ឬ​នៅ​ស្ងៀម​ស្ងាត់​ពេល​ឮ​សំឡេង​កណ្តឹង​។

១- បង្រៀនកូនពីអី?

ម៉ាក់ប៉ា​ត្រូវ​បន្ត​ព្យាយាម​និយាយ​ទៅ​កូន​ឲ្យ​បាន​ច្រើន ​វា​ហាក់​បី​ដូច​ជា​យើង​និយាយ​តែ​ម្នាក់​ឯង​ តែ​លទ្ធផល​ច្បាស់​ជា​ស្មាន​មិន​ដល់ អាអូន​លូត​លាស់​បាន​ល្អ ព្រោះ​កូន​​រៀន​តាម​ចលនា​មាត់​យើង​ពេល​និយាយ ឬ​សំឡេង​ស្រស់​ស្រាយ​របស់​យើង។ ម៉ាក់ប៉ា​ច្បាស់​ជា​សប្បាយ​ចិត្ត​ពេល​ឃើញ​កូន​បញ្ចញ​សំឡេង​គ្រលរ សើច ឬ​ញញឹម​មក​រក​យើង។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយគ្រូពេទ្យរឿងអីខ្លះ?

ការ​ពិនិត្យ និង​ណាត់​ជួប​​ប្រែ​ប្រួល​ទៅ​តាម​​ស្ថានភាព​បេប៊ី ប៉ុន្តែ​យើង​អាច​ទៅជួប​គ្រូពេទ្យ​ពិនិត្យ​រក​មើល​បញ្ហា​មួយ​ចំនួន ដើម្បី​តាម​ដាន​ការ​លូតលាស់​របស់​កូន។

– ថ្លឹង​គីឡូ​

– វាស់កម្ពស់ និង​ទំហំ​ក្បាល

– ​ពិនិត្យ​សួត និង​បេះដូង​

– ពិនិត្យ​​ទ្រូង ​និង​ខ្នង​​

– ចាក់​វ៉ាក់​សាំង​មួយ​ចំនួន​

៣- ត្រូវដឹងពីអីខ្លះ?

​ការ​ចាក់​វ៉ាក់​សាំង៖ គ្រូ​ពេទ្យ​នឹង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ការ​ចាក់​វ៉ាក់​​សាំង​​ផ្តល់​ផល​​វិជ្ជមាន​ដោយ​អាច​ការ​ពារ​អូនតូច​ពី​ជំងឺ​ងាយ​ឆ្លង​មួយ​ចំនួន​ធំ​បាន។ ថ្វី​ត្បិត​ការ​ចាក់​វ៉ាក់​សាំង​បាន​ការពារ​បេប៊ី​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ​ពិត​មែន ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ល្អ​ឥត​ខ្ចោះ​នៅ​ឡើយ។ អូន​តូច​មួយ​ចំនួន​មាន​ប្រតិកម្ម​ជាមួយ​វ៉ាក់​សាំង ឬ​អាច​ឈឺ​ក្រោយ​ពេល​ចាក់​វ៉ាក់​សាំង​រួច ហើយ​មួយ​ចំនួន​អាច​ស្លាប់​ក្នុង​​ករណី​កម្រ​។ ដើម្បី​កាត់​បន្ថយអត្រា​គ្រោះ​ថ្នាក់​យើង​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដូច​ជា​៖​

– រក​មើល​ជំងឺ​ធ្ងន់​ធ្ងរ​ដែល​អាច​កើត​មាន​​​មុន​ចាក់​វ៉ាក់​សាំង​

– អាន​​ពត៌​មាន​អំពី​វ៉ាក់​សាំង​ដែល​គ្រូ​ពេទ្យ​នឹង​ចាក់​ឲ្យ​កូន​​

– តាម​ដាន​ស្ថាន​ភាព​កូន​ ៧២ ម៉ោង ក្រោយ​ចាក់​វ៉ាក់​សាំង

– ទាក់​ទង​ទៅ​គ្រូពេទ្យ​បើ​កូន​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​

– សួរ​គ្រូពេទ្យ​អំពី​ឈ្មោះ​ក្រុម​ហ៊ុន​ផលិត និង​លេខ​កូដ​ថ្នាំ​​

– ប្រាប់​ប្រតិកម្ម​ដែល​ធ្លាប់​កើត​លើ​កូន​មុន​ចាក់​វ៉ាក់​សាំង​​។

ទោះ​បី​ជា​ប្រតិកម្ម​ធ្ងន់​ធ្ងរ​ជា​ករណី​កម្រ តែ​យើង​​គួរ​តែ​​​ប្រញាប់​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ពេល​កូន​មាន​បញ្ហា​ដូច​ខាង​ក្រោម​៖​

– ក្តៅ​ខ្លួន​លើស​ពី ៤០ អង្សា​សេ​

– យំ​លើស​​ ៣​ម៉ោង​

– ប្រកាច់ ឬ​កន្រ្តាក់​ដៃ​ជើង

– ហើម​មុខមាត់ ពិបាក​ដក​ដង្ហើម ឬ​មាន​កន្ទួល​រមាស់

– ល្ហិត​ល្ហៃ មិន​ឆ្លើយ​តប ឬ​គេង​ច្រើន​លើស​ធម្មតា។

ការព្រួយបារម្ភ

៤- អ្វីខ្លះត្រូវបារម្ភ?

ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ៖ ម្តាយ​ជា​ច្រើន​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ដោយ​សារ​អាច​មាន​ពេលទៅ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ ឬ​មក​ពី​កូន​មិន​ឡើង​គីឡូ​ពេល​បៅ​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ។ យក​ល្អគួរ​ច្របាច់​យក​ទឹក​ដោះយើង​ដាក់​ក្នុង​ដប ទុក​ក្នុង​ទូរ​ទឹក​កក​ដើម្បី​ការ​ពារ​បញ្ហា​​មួយ​ចំនួន​ដូច​ជា​កូន​អាច​បន្ត​បៅ​ទឹក​ដោះម្តាយ​ទោះ​បី​ជា​យើង​​ឈឺ ឬ​ប្រើ​ថ្នាំ​ដែល​ប៉ះ​ពាល់​ដល់​ទឹក​ដោះក្តី។ មិនបាច់​ព្រួយ​រឿង​ទុក​យូរខូច​គុណភាព ប្រែប្រួល​រសជាតិ​នោះទេ ដោយ​សារ​តែ​ទឹក​ដោះ​ម្តាយ​ពេល​យក​ទៅ​ទុក​​ក្នុង​ដប​នៅ​តែ​​រក្សា​រសជាតិ​ដដែល ដូច​អាអូន​ធ្លាប់​បៅ​ផ្ទាល់​ពី​ដោះ។

បេប៊ី​ជា​ច្រើន​មិន​​ទម្លាប់​បៅ​ទឹក​ដោះ​​ដប ​ដូច​នេះ​យើង​គួរ​បន្ត​ឲ្យ​បៅ​ដោះ​យើង​ហូត​ដល់​មាន​អាយុ ៣ សប្តាហ៍។ ការ​ឲ្យ​កូន​បៅ​ដោះ​យើង​មាន​ភាព​ងាយ​ស្រួល ចង់​ឲ្យគេ​បៅ​ពេល​ណា​ក៏​បាន មិន​ចាំ​បាច់​ខ្វល់​ពី​បរិមាណ​ទឹក​ដោះ​ដែល​​ទារក​ត្រូវ​បៅ។ បើ​យើង​ដល់​ពេល​ចូល​ធ្វើ​ការ​វិញ​ហើយ មិន​អាច​ឲ្យ​កូន​បៅ​ដោះ​បាន​យើងគួរ​​ប្តូរ​ឲ្យ​អាអូនបៅ​ទឹក​ដោះ​គោ​វិញ ដោយ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​បាន​យ៉ាង​តិច ២ សប្តា​ហ៍​មុន​ពេល​ចូល​ធ្វើ​ការ​។ បើ​​ចង់​ឲ្យ​កូន​បៅ​ទឹក​ដោះ​យើង ត្រូវ​សម្អាត​ដប​រួច​ច្របាច់​ទឹក​ដោះ​ចូល​ក្នុង​ដប​ដោយ​ប្រុង​ប្រយ័ត្ន។

ស្នាម​ញញឹម​ដំបូង៖ មិន​ចាំ​បាច់​បារម្ភ​ថា​កូន​មិន​ញញឹម​រក​យើង​ទេ។ បេប៊ី​ខ្លះ​មិន​អាច​សើច​រហូត​​អាយុ ៦ ឬ ៧ សប្តាហ៍ ​ទោះ​បី​ជា​អាអូន​សប្បាយ​ចិត្ត​ក្តី​។ យើង​អាច​ដឹង​ថា​មួយ​ណា​ជា​ស្នាម​ញញឹម​ពិត ឬ​គ្រាន់​តែ​ជា​ការ​សើច​ចោល​ដោយ​​មើល​ទឹក​មុខ​របស់​កូន មិន​មែន​មើល​តែ​មាត់​នោះ​ទេ។ ចង់​ឲ្យ​កូន​ឆាប់​ចេះ​សើច ម៉ាក់ប៉ា​ត្រូវ​និយាយ លេង​សើច និង​ថ្នាក់ថ្នម​កូន​ឲ្យ​បាន​ច្រើន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 213-248.

កំណែ​ប្រែបច្ចុប្បន្ន

24/01/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ Jan 24, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម