ពេលដាក់កូនឲ្យពោបលើអ្វីមួយ យើងនឹងឃើញអាអូនប្រឹងលើកក្បាល និងស្មាឡើង ហើយប្រឹងយកដៃទប់។ ការប្រឹងបែបនេះធ្វើឲ្យសាច់ដុំកូនរឹងមាំ និងជួយឲ្យមើលឃើញបានច្រើនជាងមុននូវរបស់ជុំវិញខ្លួន។ អូនតូចសប្បាយចិត្តនឹងរមៀលខ្លួនទៅមក ហើយអាចជួយកូនឲ្យឆាប់ចេះរមៀលកាន់តែលឿន ដោយគ្រវីរបស់លេងនៅចំហៀងខ្លួនកូនម្តងហើយម្តងទៀត។ ទះដៃសាទរហើយញញឹមឲ្យកូនឃើញ ដើម្បីជាការជំរុញទឹកចិត្ត។
ក្នុងសប្តាហ៍ចុងក្រោយនៃខែ ទី៣ នេះអាអូនអាច៖

– ចេះដាក់ទម្ងន់នៅលើជើងពេលកាន់ឲ្យឈរ
– ចាប់យករបស់របរ
– ចាប់អារម្មណ៍រកម្ចាស់សំឡេង ពិសេសម្តាយ
– និយាយតិចៗ
– ប្រឹងងើបខ្លួនឯងពេលដាក់ឲ្យគេង ។
ដល់ពេលដែលម៉ាក់ប៉ាជំរុញកូនឲ្យក្រឡាប់ខ្លួនដោយគ្រវីតុក្កតា ឬរបស់លេងទៅខាងណាដែលកូនយើងឧស្សាហ៍ក្រឡាប់ខ្លួន។ សរសើរកូនដោយការញញឹមដាក់ ពេលខ្លះយើងត្រូវធ្វើឲ្យអាអូនមានអារម្មណ៍នឹងនរ ព្រោះកូនយើងអាចខ្លាច ឬអៀនចំពោះជំនាញថ្មីនេះ។
គ្រូពេទ្យនីមួយៗមានវិធីផ្សេងៗគ្នាក្នុងការពិនិត្យសុខភាពរបស់ទារក ដោយផ្អែកលើស្ថានភាពជាក់ស្ដែង។ ការធ្វើតេស្តលើរាងកាយទាំងមូល និងប្រភេទបច្ចេកទេសសម្រាប់ធ្វើរោគវិនិច្ឆ័យ អាស្រ័យទៅលើស្ថានភាពរបស់ក្មេងដែរ។ សប្តាហ៍នេះ គ្រូពេទ្យអាចពិនិត្យ ធ្វើតេស្តមួយចំនួនដូចជា៖
– ថ្លឹងទម្ងន់ វាស់កម្ពស់ និងរង្វង់ក្បាល
– ពិនិត្យរាងកាយ រួមទាំងបញ្ហាផ្សេងៗ
– ណែនាំអាហារដែលកូនយើងត្រូវញ៉ាំ ការគេងជាដើម។
ម៉ាក់ប៉ាមួយចំនួនតែងបារម្ភនៅពេលកូនថ្លោសខ្លាំងពេក ទើបបានប៉ុន្មានខែសោះអាអូនបីមិនចង់រួច។ តើកូនធាត់ពេក អាចមានបញ្ហាអត់?
ធាត់ខ្លាំង៖ មនុស្សធំលើសទម្ងន់ជាបញ្ហាត្រូវព្រួយបារម្ភ តែចំពោះទារកវិញហាក់មិនមានរឿងត្រូវព្រួយច្រើននោះទេ។ បេប៊ីខ្លះថ្លោសតាំងពីកំណើត ហើយខ្លះទៀតថ្លោសពេលធំឡើង វាមិនមែនមកពីការញ៉ាំរបស់មិនល្អ ឬមិនមានលំហាត់ប្រាណនោះទេ នេះមកពីសាច់ដុំអាអូនលូតលាស់មិនល្អ។ ស្ថានភាពនេះនឹងបានប្រសើរឡើងនៅពេលកូនយើងធំឡើង។ បើសិនជាយើងបារម្ភថាអាអូនអាចធាត់ខ្លាំង ត្រូវទៅជួបគ្រូពេទ្យ ដើម្បីវាស់ទម្ងន់ និងកម្ពស់តាមស្ថានអាយុ។
ប្រលែងលេងខ្លាំងៗ៖ កូនក្មេងនឹងរីករាយខ្លាំង សើចកក្អឹកពេលយើងលេងបោះកូនឡើងលើចុះឡើងៗ។ ការធ្វើបែបនេះគ្រោះថ្នាក់ចំពោះកូន អាចនឹងមានរបួសពេលបោះ ឬគ្រវី។ ដោយសារក្បាលក្មេងធំ ធ្ងន់ប្រហែលនឹងទម្ងន់ខ្លួនទាំងមូល សាច់ដុំកមិនអាចរឹងមាំ ទប់ក្បាលកូនយើងបានល្អនៅឡើយទេ។ ពេលគ្រវី ក្បាលក្មេងនឹងទោមុខទៅក្រោយដែលអាចធ្វើឲ្យខួរក្បាលបោកទៅនឹងឆ្អឹងលលាដ៍ក្បាល បណ្តាលឲ្យខួរក្បាលហើម កើនសម្ពាធក្នុងខួរក្បាល ឬខួចសរសៃប្រសាទ និងអាចយប៉ះពាល់ដល់ការវិវត្តផ្លូវចិត្ត រាងកាយរបស់ក្មេង។
ដូច្នេះយើងគួរជៀសវាងការប្រលែងលេងខ្លាំងៗ ឬរត់ពេលកំពុងពកូនឡើយ។ នេះមិនមែនមានន័យថា យើងមិនអាចលេងជាមួយក្មេងបានទេ តែត្រូវលេងដោយថ្នមៗ និងប្រកាន់ខ្ជាប់នូវសុវត្ថិភាព ព្រោះកូនយើងនៅតូច ឆ្អឹងក៏នៅខ្ចី។

ជញ្ជក់ក្បាលដោះ៖ របស់ដែលធ្វើឲ្យអូនតូចមានអារម្មណ៍ល្អ រួមមានក្បាលដោះម្តាយ ដបទឹកដោះគោ ចម្រៀងបំពេ ឬក្បាលដោះ។ ក្បាលដោះជ័រកាលណាកូនយើងទម្លាប់ខ្លួនហើយនោះ ច្បាស់ជាពិបាកផ្តាច់ណាស់។ តែបើចង់ឲ្យកូនឈប់ដោយមិនពិបាកនោះ នេះជាពេលល្អបំផុតសម្រាប់ការចាប់ផ្តើមផ្តាច់ហើយ។ នៅអាយុប៉ុណ្ណេះការចងចាំរបស់ក្មេងនៅមានកម្រិត ម្ល៉េះហើយក្មេងងាយនឹងភ្លេចក្បាលដោះ បើសិនជាអាអូនមិនបានប៉ះវាទៀតនោះ។ ដើម្បីជួយឲ្យអាអូនមានអារម្មណ៍ល្អនៅពេលគ្មានក្បាលដោះ យើងអាចយោលកូនក្នុងអង្រឹង ច្រៀងបំពេកូន ឬឲ្យកូនបៀមដៃខ្លួនឯង។ តែបើស្ថានការណ៍ពិបាកខ្លាំង យើងអាចឲ្យកូនបៀមក្បាលដោះតិចជាងមុន ឲ្យតែពេលយប់ ឬពេលគេងបានហើយ។
ផ្តាច់ដោះលឿន៖ ជាទូទៅនៅអាយុ ៣ ខែដំបូងអាអូនរីករាយ និងងាយសម្របខ្លួនណាស់ ដូចនេះបើយើងចង់ផ្តាច់ដោះកូន នេះជាពេលស័ក្តិសមបំផុត។ ទោះជាអាអូនចូលចិត្តការបៅដោះយើងក្តី តែការផ្តាច់នៅពេលនេះងាយជាងបើប្រៀបធៀបនឹងអាយុ ៦ ខែ។ មុនផ្តាច់ដោះម្តាយ យើងត្រូវឲ្យកូនចាប់ផ្តើមបៅទឹកដោះម្សៅបណ្តើរៗ ឬច្របាច់ទឹកដោះដាក់ដបឲ្យកូនបៅបាន ៥-៦ សប្តាហ៍ ឆ្លាស់គ្នាជាមួយទឹកដោះគោម្សៅ ដើម្បីឲ្យអាអូនស៊ាំ ងាយផ្តាច់។ ទោះលំបាកបន្តិច តែម៉ាក់ៗត្រូវតែព្យាយាមផ្តាច់បន្តិចៗម្តង។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 249-288.
កំណែប្រែបច្ចុប្បន្ន
19/02/2021
អត្ថបទដោយ Chamnan Amrith
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
គឹម កាណែល