ការលូតលាស់ និងអាកប្បកិរិយា
ចន្លោះពីពេលនេះដល់អាយុ ៦ ខែ កូនយើងនឹងវិវត្តសមត្ថភាពបញ្ចេញសំឡេង។ នេះបានន័យថាយើងអាចឮពាក្យដែលតែងចង់ឮបំផុត គឺ ម៉ាក់ និងប៉ា។ យើងអាចជំរុញកូនឲ្យធ្វើត្រាប់តាមទឹកមុខ និងសំឡេង អាអូននឹងធ្វើតាមយើងវិញ។ ឧទាហរណ៍យើងនិយាយថា ប៉ា បេប៊ីនឹងថាតាមដែរ។ ការធ្វើកាយវិការតបពេលកូនបញ្ចេញសំឡេង ឬនិយាយតបទៅវិញនឹងជួយកូនយើងយល់ពីការនិយាយ ហើយក៏ធ្វើឲ្យអាអូនមានការជឿជាក់លើខ្លួនឯង។
ក្នុងសប្តាហ៍ទី១ នៃខែទី ៤ កូនអ្នកអាច៖
– ងើយ ក បាន ៩០ ដឺក្រេពេលដេកពោប
– សើច
– ចេះបង្វិលខ្លួន
– យល់ពីការនិយាយខ្លះៗ
– ចេះនិយាយពាក្យខ្លះ ដូចជា ម៉ាម៉ា ប៉ាប៉ា
– ចេះសម្លឹងតាមរបស់ចម្ងាយ ១៥ សង់ទីម៉ែត្រពីខ្លួន។
១- បង្រៀនកូនពីអី?
យើងអាចជំរុញកូនឲ្យនិយាយដោយអង្គុយមុខកញ្ចក់ ឬក៏ធ្វើត្រាប់តាមទឹកមុខ និងសំឡេងរបស់កូន។ ម៉ាក់ប៉ាគួរតបទៅកូនវិញដោយការញញឹម ឬនិយាយទៅវិញដើម្បីឲ្យកូនដឹងថាអ្វីដែលគេនិយាយពិតជាសំខាន់។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
យើងអាចជួបគ្រូពេទ្យពីបញ្ហាមួយចំនួនទាក់ទងនឹងរបៀបថែទាំកូន ការរស់នៅរបស់យើង និងការគេង ការញ៉ាំ និងលូតលាស់របស់កូន មុននឹងគ្រូពេទ្យថ្លឹងទម្ងន់ វាស់កម្ពស់ និងការវិវត្តផ្សេងៗ។
៣- ត្រូវដឹងពីអីខ្លះ?
ខាងក្រោមនេះជាបញ្ហាដែលម៉ាក់ប៉ាត្រូវដឹង ដើម្បីបង្ការកូនតូចពីបញ្ហាផ្សេងៗ។
ការបង្ករោគនៅត្រចៀក៖ កើតឡើងនៅពេលបាក់តេរី និងទឹកចូលទៅដក់ក្រោយក្រដាសត្រចៀក។ ការបង្ករោគធ្វើឲ្យហើមត្រចៀក ឈឺ និងក្តៅខ្លួន។ ការរលាកត្រចៀកមានញឹកញាប់ណាស់ចំពោះក្មេងក្រោមអាយុ ១ ឆ្នាំ មានប្រមាណជាងពាក់កណ្តាលឯណោះ។ រោគសញ្ញានៃជម្ងឺនេះមាន៖
– មិនសូវឃ្លាន ព្រោះក្មេងឈឺចាប់ពេលទំពា និងលេប
– កូនទាញត្រចៀកញឹកញាប់
– ក្តៅខ្លួន ៣៨-៤០ អង្សាសេ
– មានគ្រុនផ្ដាសាយ
– ហូរខ្ទុះតាមត្រចៀក មានពណ៌លឿង ស ឬឈាម
– រាក។
ការបង្ករោគនៅត្រចៀកភាគច្រើនមកពីពួកវីរុសដែលអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។ រឿងដែលចម្លែកនោះគឺជាញឹកញាប់វានឹងជាដោយខ្លួនឯង។ យ៉ាងណាក៏ដោយគ្រូពេទ្យអាចនឹងឲ្យថ្នាំផ្សះមួយចំនួនដើម្បីជៀសវាងការវិវត្តទៅជាធ្ងន់ធ្ងរ និងជួយឲ្យអាអូនមានអារម្មណ៍ល្អ។ ពេទ្យនឹងឲ្យប្រើពួកថ្នាំប៉ារ៉ាសេតាម៉ុលសម្រាប់បំបាត់ការឈឺចាប់ និងក្តៅខ្លួន។ អូនតូចភាគច្រើននឹងជាបន្ទាប់ពីលេបថ្នាំបាន ២ថ្ងៃ។
វិធីបង្ការរលាកត្រចៀក៖
– ទុកកូននៅឲ្យឆ្ងាយពីកន្លែងមានផ្សែងបារី
– ឲ្យកូនបៅបើមិនទាន់ផ្តាច់ដោះ
– ចាក់ថ្នាំបង្ការឲ្យបានគ្រប់
– បន្ថយការប្រើក្បាលដោះ។
កូនថ្លោសពេក៖ ខុសពីការធាត់របស់មនុស្សធំ ក្មេងថ្លោសនេះមិនមែនមកពីអាហារនោះទេ។ យកល្អគួរបន្ថយការឡើងទម្ងន់របស់កូនជាជាងការសម្រកទម្ងន់។ ពេលដែលកូនយើងលូតកម្ពស់ និងលេងច្រើន អាអូននឹងមានរាងស្តើងជាងមុនដោយឯកឯង។ តិចនិកមួយចំនួនដែលយើងគួរធ្វើ បើមិនចង់ឲ្យកូនថ្លោសពេក ៖
– ឲ្យកូនបៅតែពេលឃ្លាន
– កែតម្រូវរបបអាហារ
– ឲ្យកូនផឹកទឹកបានច្រើន
– កុំផ្តាច់ដោះព្រោះចង់ឲ្យកូនគេងច្រើនជាងមុន
– ឲ្យកូនលេងច្រើនជាងមុន។
ការព្រួយបារម្ភ
៤- រឿងអីខ្លះត្រូវបារម្ភ?
កូនមិនព្រមបៅដោះ៖ បញ្ហានេះមិនសូវជាកើតមានញឹកញាប់ទេ។ វាតែងតែមានមូលហេតុច្បាស់លាស់ណាមួយ ដូចជា៖
– របបអាហាររបស់ម្តាយ
– មានជំងឺផ្តាសាយ
– ដុះធ្មេញ
– ឈឺត្រចៀក
– ពងបែកក្នុងមាត់
– ទឹកដោះចេញយឺតពេក ក្មេងនឹងបាត់បង់ភាពអត់ធ្មត់
– អ័រម៉ូនម្តាយប្រែប្រួល
– ម្តាយស្ត្រេស
– កូនជិតឈប់បៅ។
កូនមិនចង់បៅ ម៉ាក់ប៉ាច្បាស់ជាមិនស្រណុកចិត្តទេ តែទោះយ៉ាងណាយើងអាចដោះស្រាយបញ្ហានេះបាន។ តោះ! សាកល្បងតាមវិធីខាងក្រោមទាំងអស់គ្នា៖
– កុំឲ្យកូនបៅទឹកដោះផ្សេង
– ច្របាច់ទឹកដោះទុកក្នុងដប
– ព្យាយាមបញ្ចុកកូនម្តងហើយម្តងទៀត
– ឲ្យកូនញ៉ាំអាហាររឹងបន្តិចម្តងៗ
បើសិនជាកូននៅតែមិនព្រមបៅ ឬមានអាការៈផ្សេងនោះ ត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់។
ពិបាកដូរខោទឹកនោម៖ ក្មេងអាចនឹងមានអារម្មណ៍មិនល្អ ពេលត្រូវបង្ខំឲ្យស្លៀកខោទឹកនោម ណាមួយកំពុងពេញរពឹសចាប់មិនឈ្នះទៀត ដូច្នេះច្បាស់ជាពិបាកបន្តិចហើយ។ ល្បិចក្នុងការកែបញ្ហានេះ គឺដូរឲ្យលឿនដោយរៀបចំគ្រប់យ៉ាងឲ្យហើយ។ យើងក៏អាចបង្វែរអារម្មណ៍កូនដោយចាក់ចម្រៀងដែលគេចូលចិត្ត ឲ្យរបស់លេង ច្រៀង ឬនិយាយជាមួយកូនរហូតដល់ប្តូរខោរួច។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]