ការលូតលាស់ និងអាកប្បកិរិយា
ទោះជាអូនតូចយកការយំជាទំនាក់ទំនងជាមួយយើងក្តី ក៏គេចាប់ផ្តើមចេះសើចព្រមគ្នាដែរ។ កូនយើងអាចសើចពេលភ្ញាក់ផ្អើល ដូចជាការលេងពួនបិទមុខ តុក្កតាលោតចេញពីប្រអប់ជាដើម។ ម៉ាក់ប៉ាគួរជំរុញលើកទឹកចិត្តកូនឲ្យសើច ញញឹមបានច្រើនដោយធ្វើមុខកំប្លែងៗឲ្យអាអូនមើល។ ម្យ៉ាងវិញទៀត ក្មេងតូចក៏ចូលចិត្តស្តាប់សំឡេងប្លែកៗ ដូចជាសំឡេងក្តក់ ហួច ឬត្រាប់សំឡេងសត្វជាដើម។
នៅសប្តាហ៍ទី ១៩ កូនយើងអាច៖
– អង្គុយត្រង់ខ្នង
– ក្រឡាប់
– ចាប់អារម្មណ៍សំឡេង ពិសេសសំឡេងម្តាយ
– និយាយពាក្យងាយបានខ្លះៗ
– ចេះវារ។
១- បង្រៀនកូនពីអីខ្លះ?
អត់មានអីពិបាកទេ ម៉ាក់ប៉ាគ្រាន់តែនាំកូនឲ្យសើចជាមួយយើង ឬធ្វើមុខកំប្លែងៗដាក់កូន បង្ហាញអាអូនឲ្យបានឃើញ ឬលេងរបស់ថ្មីៗ ប្លែកៗឲ្យបានច្រើន។ តែកុំភ្លេចណា ពេលនេះអូនតូចក៏ចូលចិត្តស្តាប់សំឡេងដែរ យើងអាចត្រាប់តាមសំឡេងសត្វចាប សត្វមាន់ ឲ្យកូនស្តាប់ផង។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
គ្រូពេទ្យនឹងប្រើវិធីផ្សេងៗគ្នាដើម្បីពិនិត្យសុខភាពកូនយើងទៅតាមស្ថានភាពជាក់លាក់ ហើយគ្រូពេទ្យ អាចនឹងតាមដានសុខភាពអាអូនទាំងអស់ ឬគ្រាន់តែចាក់ថ្នាំបង្ការលើកទី ២ បើសិនជាកូនយើងមានសុខភាពល្អ។ មុនពេលចាក់ថ្នាំបង្ការកុំភ្លេចប្រាប់គ្រូពេទ្យ បើសិនជាអាអូនមានប្រតិកម្មអ្វីមួយពេលចាក់ថ្នាំលើកមុន។
៣- ត្រូវដឹងពីអីខ្លះ?
ទាំងនេះជាបញ្ហាខ្លះៗដែលម៉ាក់ប៉ាត្រូវដឹង ដើម្បីជាចំណេះដឹងក្នុងការថែទាំកូនបានល្អ ជៀសផុសពីគ្រោះថ្នាក់ទាំងឡាយ។
មេរោគរលាកផ្ហូវដង្ហើម (Acute respiratory virus) ៖ វាត្រូវស្គាល់ថា ជាវីរុសនៅប្រព័ន្ធផ្លូវដង្ហើម ដែលមានសញ្ញាប្រហែលនឹងគ្រុនផ្តាសាយ។ វីរុសនេះតែឯងមិនបង្កជំងឺទេ តែសម្រាប់អាអូនដែលមានការបង្ករោគនៅត្រចៀក រលាកទងសួត រលាកសួតស្រាប់នោះ វីរុសអាចជំរុញឲ្យក្មេងវិវត្តទៅជាជំងឺហឺត ឬជំងឺផ្លូវដង្ហើមផ្សេងទៀតបាន។ បញ្ហានេះងាយកើតមានលើក្មេងក្រោមអាយុ ២ ឆ្នាំ ហើយគ្រោះថ្នាក់ចំពោះក្មេងអាយុក្រោម ៦ខែ ក្មេងមានបញ្ហាសុខភាព កើតមិនគ្រប់ខែ ឬក្មេងដែលមានប្រព័ន្ធការពារចុះខ្សោយ។
ពីដំបូងអូនតូចអាចនឹងគ្មានបញ្ហាអ្វីទេ តែ ២-៣ ថ្ងៃក្រោយ ជំងឺអាចប្រែជាធ្ងន់ធ្ងរ និងបណ្តាលឲ្យពិបាកដកដង្ហើម។ សញ្ញាដែលបង្ហាញថាក្មេងមានបញ្ហាធ្ងន់ធ្ងររួមមាន រន្ធច្រមុះរីកធំ ប៉ោងទ្រូង សាច់ដុំពោះរឹង ដកដង្ហើមឮសូរ ដង្ហើមខ្លីៗ និងញាប់ បបូរមាត់ និងក្រចកពណ៌ស្វាយ ពិបាកក្នុងការញ៉ាំ។
យើងត្រូវនាំកូនទៅជួបគ្រូពេទ្យបើសិនជាមានសញ្ញាដូចខាងលើ។ គ្រូពេទ្យអាចនឹងឲ្យថ្នាំពង្រីកទងសួត ដើម្បីសម្រួលការដកដង្ហើម។ នៅផ្ទះយើងអាចឲ្យកូនញ៉ាំទឹកបានគ្រប់គ្រាន់ នៅឲ្យឆ្ងាយពីផ្សែងបារី ហើយគួរប្រើថ្នាំបន្តក់ ឬស្រ្ពៃបាញ់ច្រមុះដើម្បីឲ្យកូនដកដង្ហើមបានស្រួល ពេលគេងគួរដាក់ក្បាលអាអូនខ្ពស់ជាងខ្លួន។
ម៉ាក់ប៉ាអាចឲ្យកូនញ៉ាំពួកថ្នាំប៉ារ៉ាសេតាម៉ុលតាមការប្រាប់របស់គ្រូពេទ្យបើសិនជាអាអូនក្តៅខ្លួន។ ក្មេងកើតមិនគ្រប់ខែ ក្មេងមានជំងឺសួត ឬបេះដូង គួរចាក់ថ្នាំបង្ការពេលដល់រដូវផ្ទុះជំងឺនេះ។
សំឡេងបេះដូងមិនប្រក្រតី៖ បេះដូងជាសរីរាង្គដ៏សំខាន់ ដូចនេះបញ្ហាបេះដូងគ្រោះថ្នាក់ណាស់ជាពិសេសចំពោះក្មេងៗ។ តែកុំបារម្ភអី ភាគច្រើននៃបញ្ហាសំឡេងបេះដូងមិនប្រក្រតីនេះនឹងបាត់ទៅវិញនៅពេលអាអូនធំ។ វាកើតឡើងដោយសារលំហូរឈាមក្នុងបេះដូងមិនប្រក្រតី ហើយគ្រូពេទ្យអាចរកមូលនៃសំឡេងនេះឲ្យយើងដឹង។ ស្ទើរគ្រប់ពេលដែលក្មេងមានសំឡេងបេះដូងមិនប្រក្រតី គឺដោយសារបេះដូងមានរូបរាងមិនធម្មតា គ្រូពេទ្យអាចពិនិត្យដោយស្តេតូស្កុប ហើយវាមិនមានគ្រោះថ្នាក់ ឬត្រូវការការព្យាបាលអ្វីឡើយ។ ក្មេងមួយចំនួនមានសំឡេងនេះពេញកុមារភាព តែបាត់ទៅវិញនៅពេលដែលបេះដូងលូតលាស់ពេញលេញ។ បើយើងមានកង្វល់ចំពោះបញ្ហានេះ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងច្បាស់ពីស្ថានភាព និងការវិវត្តទៅអនាគតនៃបេះដូងកូនយើង។
ការព្រួយបារម្ភ
៤- អ្វីខ្លះត្រូវបារម្ភ?
ការម៉ាស្សាខ្លួន៖ ការម៉ាស្សាមិនមែនសម្រាប់តែមនុស្សធំនោះទេ ប៉ុន្មានឆ្នាំចុងក្រោយនេះហាក់មានការនិយមលើក្មេងៗ វាជាការព្យាបាលដ៏ល្អចំពោះសុខភាព។ ការម៉ាស្សានឹងជួយឲ្យកូនយើងធំលឿន គេង និងដកដង្ហើមបានស្រួល និងរវៀសជាងមុន។
បើសិនជាម៉ាក់ប៉ាចង់ចេះពីរបៀបនៃការម៉ាស្សាកូន យើងអាចរៀនតាមសៀវភៅ មើលតាម Youtubeនិងទៅរៀនជាមួយអ្នកជំនាញម៉ាស្សាក៏បាន។ Hello គ្រូពេទ្យនឹងបង្ហាញជាជំហានៗសម្រាប់ម៉ាក់ប៉ាដែលមានបំណងម៉ាស្សាឲ្យកូន មានដូចខាងក្រោមនេះ៖
– រកពេលវេលាសមរម្យសម្រាប់យើង និងកូន
– រកកន្លែងដែលមានផាសុកភាព
– ប្រើសារធាតុរម្អិល បើសិនជាយើងចង់
– មើលការឆ្លើយតបរបស់កូន តើពេញចិត្តអត់?
តេស្តចលនា៖ ជាទូទៅក្មេងៗចូលចិត្តការប៉ះថ្មមៗ។ ទាំងនេះជាគំនិតខ្លះៗ ដែលយើងអាចចាប់ផ្តើមម៉ាស្សាបាន៖
– ដាក់ដៃទាំង ២ ទប់ក្បាលកូន ២-៣ វិនាទី
– យកដៃទៅអង្អែលមុខ រួចបន្តទៅខ្លួន និងចុងជើង
– ប៉ះទ្រូងកូនថ្នមពីក្នុងមកក្រៅ
– រឹតពោះចុះឡើងៗ ហើយសង្កត់ម្រាមដៃយើងលើពោះកូនតិចៗ
– ញីដៃ និងជើងកូន
– លើកជើងកូនចុះឡើងៗម្តងទៀត ហើយម៉ាស្សាបាតជើងកូន
– ដាក់កូនឲ្យគេងផ្កាប់ ហើយម៉ាស្សាខ្នងពីម្ខាងទៅម្ខាង ពីលើទៅក្រោម
– ច្រៀង ឬនិយាយជាមួយកូនពេលកំពុងម៉ាស្សា
– យើងនឹងភ្ញាក់ផ្អើលពេលឃើញកូនមានប្រតិកម្ម
– ម៉ាស្សាជារង្វង់ដោយម្រាមដៃយើងដាក់ត្រង់ក្បាលកូន រួចយកដៃទៅប៉ះថ្នមៗត្រង់ថ្ងាសពីចំណុចកណ្តាលមកក្រៅ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]