home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាយុ ៣៧ សប្តាហ៍៖ កើន ១ អាទិត្យទៀតបាត់ កូនយើងប្លែកយ៉ាងណា?

ការលូតលាស់ និងអាកប្បកិរិយា|សុខភាព និងសុវត្ថិភាព|ការព្រួយបារម្ភ
អាយុ ៣៧ សប្តាហ៍៖  កើន ១ អាទិត្យទៀតបាត់ កូនយើងប្លែកយ៉ាងណា?

ការលូតលាស់ និងអាកប្បកិរិយា

ឈាន​ចូល​សប្តាហ៍​ថ្មី​នេះ អាអូន​ប្រែ​ប្រួល​យ៉ាង​ណា​ទៅ? មិន​ប្រាប់​ក៏​ម៉ាក់ប៉ា​អាច​ដឹង​ថា កូន​ចេះ​ជាង​មុន ថែម​ទាំង​រពឹស​ចាប់​មិន​ចង់​ឈ្នះ។ ក្នុង​សប្តាហ៍​ទី ៣៧ នេះ កូន​យើង​អាច​នឹង៖

– ឈោង​យក​របស់​លេង​នៅ​ឆ្ងាយ​ពី​ដៃ

– រក​មើល​របស់​ដែល​ជ្រុះ​បាត់។

១- បង្រៀ​នកូនរបៀបណា?

បើ​​ម៉ាក់​ត្រូវ​ធ្វើ​ដំណើរ​តាម​ខេត្ត ឬ​ដើរ​កម្សាន្ត​ជាមួយ​មិត្តភក្តិ ក្រុមការងារ ដោយ​យក​កូន​ទៅ​ជាមូយ អាច​នឹង​ពិបាក​បន្តិច ព្រោះ​អាអូនខ្លាច​មនុស្ស​ប្លែក​មុខ តាម​តែ​យើង​តែ​ម្នាក់។ ទោះ​យ៉ាងណា​យើង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នេះ ដោយ​ប្រាប់​មិត្តភក្តិ​ដែល​ចង់​លេង​ជាមួយ​កូន​យើង​ឲ្យ​ចូល​មក​ជិត​បន្តិច​ម្តងៗ ហើយ​ចាំ​ឲ្យ​កូន​យើង​ជា​អ្នក​នាំ​លេង។

នៅ​វ័យ​នេះ អូន​តូច​ពុំ​ទាន់​យល់​ពី​ការ​ធ្វើ​ដំណើរ​ទេ តែ​ពួកគេ​ដឹង និង​ស្គាល់​ថា​វា​ជា​កន្លែង​ថ្មី ឬ​កន្លែង​ប្លែក ដូច្នេះ​យើង​គួរ​ត្រៀម​របស់​លេង​មាន​សំឡេង សៀវភៅ​រូបភាព​ និង​របស់​ដែល​គេ​ចូលចិត្ត​ទុក​ជិត​ខ្លួន ដើម្បី​លួង​កូន ព្រោះ​អាអូន​​ឆាប់​មួម៉ៅ ​មិន​ងាយ​តាម​អ្នកណា​ទេ​ ​យក​ល្អ​កុំ​ឲ្យ​កូន​នៅ​ជាមួយ​អ្នក​មិន​ស្គាល់​ច្រើន​ពេក ធ្វើ​ឲ្យ​កូន​ខ្លាច។

សុខភាព និងសុវត្ថិភាព

២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?

គ្រូពេទ្យ​មាន​តិចនិច​ក្នុង​ការ​ពិនិត្យ​អាអូន​ផ្សេងៗ​ពីគ្នា ​ហើយ​របៀប​និង​បែបបទ​ក្នុង​ការពិនិត្យ​ក៏​ទៅ​តាម​ក្មេង​នីមួយៗ​​ដែរ។

– ថ្លឹង​ទម្ងន់ វាស់កម្ពស់ និង​ទំហំ​ក្បាល

– សួរ​សំណួរ​ពី​ការ​ថែទាំ​កូន និង​របប​អាហារ

– សួរ​ពី​ការ​គេង និង​ការ​លូតលាស់ -ល-។

៣- ចំណុចត្រូវដឹង?

ជំងឺ​ផ្តាសាយ៖ ក្មេងៗ​ភាគ​ច្រើន​មាន​ជំងឺ​នេះ ៨-១០ ដង/២ ឆ្នាំ​ដំបូង។ អ្វី​ដែល​យើង​គួរ​ធ្វើ​ដើម្បី​ឲ្យ​កូន​ឆាប់​ជា​គឺ​ ៖

– ឲ្យ​កូន​គេង​គ្រប់​គ្រាន់ (អាអូន​ត្រូវ​ការ​គេង​ច្រើន​ជាង​ធម្មតា)

– ដាក់​កន្សែង​កល់​ក្បាល​កូន​ឲ្យ​ខ្ពស់​បន្តិច​ ដើម្បី​ស្រួល​ដក​ដង្ហើម​

– មុជ​ទឹក​ក្តៅ​ឧណ្ហៗ​ឲ្យ​កូន​

– ឲ្យ​កូន​បៅ​ទឹកដោះ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

– បន្តក់​សេរ៉ូម​ប្រៃ​ ហើយ​យក​សឺរ៉ាំង​បូម​ស្លេស្ស​ចេញ​ពី​ច្រមុះ​កូន

– ដាក់​ម៉ាស៊ីន​ចំហាយ​ទឹក​ក្នុង​បន្ទប់​ ឬ​

– យក​កូន​ទៅ​មុជ​ទឹក​ក្នុង​បន្ទប់​ឆ្ពង់​ប្រហែល​ជា ១៥ នាទី។

ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ឲ្យ​ថ្នាំ​លេប ឬ​ថ្នាំ​បាញ់​ច្រមុះ​កូន។ មិន​ត្រូវ​ឲ្យ​ពពួក​ថ្នាំ Aspirin Ephedra​ Ephedrine ឬ​ថ្នាំ​ដែល​មាន​លាយ​ជាតិ​ទាំងអស់​នេះ។ យើង​អាច​ឲ្យថ្នាំ Acetaminophen​ និង Ibuprofenតែ​ត្រូវ​ប្រយ័ត្ន​ពី​បរិមាណ​ដែល​ត្រូវ​ប្រើ បើ​មិន​ច្បាស់​ សូម​សួរ​គ្រូពេទ្យ​ជាមុន។

សួរ​គ្រូពេទ្យ​ភ្លាម​បើ​រោគ​សញ្ញាកូន​ធ្ងន់ជាង​មុន​ក្នុង​រយៈពេល ៥ ថ្ងៃ ឬ​ឈឺ​យូរ ១០-១៤ ថ្ងៃ​ហើយ​មិន​ជា។ ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម បើ​សំឡេង​ដង្ហើម​កូន​ឮ​ងឺតៗ ពិបាក​ដកដង្ហើម យំ​ពេល​បញ្ចុក​អាហារ ឬ​ពេល​ដាក់​ឲ្យ​គេង​ យក​ដៃ​ទាញ​ត្រចៀក​ ឬ​មាន​កម្តៅ​លើស​ពី​ ៣៨,៣ អង្សាសេ

ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជំងឺ​ផ្តាសាយ​ត្រូវ​លាង​ដៃ​យើង ​និង​កូន​ឲ្យ​បាន​ទៀងទាត់ ហើយ​កុំ​ភ្លេច​ប្រាប់​អ្នក​ផ្សេង​​ឲ្យ​លាង​ដៃ​មុន​ពេល​ប៉ះ​កូន​។ កុំ​យក​កូន​ទៅ​ជិត​អ្នក​ឈឺ ឬ​អ្នក​ជក់​បារី​ឲ្យ​សោះ។ បើ​អាអូន​នៅ​ម៉ឹម​ដោះ គួរ​តែ​បន្ត​បំបៅ​ដោះ​កូន​រហូត​ដល់​ជា។

ការ​គេង៖ ទោះ​បី​កូន​គេង​បាន​ច្រើន​ម៉ោង​ប៉ុនណា​ក៏ដោយ​ បើ​អាអូន​ងើប​ឡើង​ហើយ​មួម៉ៅ​យំ​ក៏​មិន​ល្អ​ដែរ គួរ​លួង​កូន​ឲ្យ​គេង​បន្ថែម​ទៀត​ទោះបី​មិន​ចង់​គេង​ក៏ដោយ។ វិធី​ជួយ​ឲ្យ​កូន​ឆាប់​គេង​លក់ យើង​ត្រូវ​ដាក់​កូន​ឲ្យ​គេង​ក្នុង​បន្ទប់​ងងឹត​ ហើយ​ចាក់​បទ​ភ្លេង​តិចៗ ទោះ​កូន​​មិន​ព្រម​គេង ក៏​ព្យាយាម​ធ្វើ​បែប​នេះ​ឲ្យបាន​យូរ​បន្តិច​ទៅ ព្រោះ​ឲ្យ​ក្មេង​គេង​ពេល​ថ្ងៃ​ពិបាក​បន្តិច​ហើយ។

ការព្រួយបារម្ភ

៤- រឿងអ្វីខ្លះត្រូវបារម្ភ?

បញ្ចុក​កូន​នៅ​តុ​អាហារ​រួម៖ មិន​មែន​ជា​រឿង​ចម្លែក​ទេ ម៉ាក់ប៉ា​គួរ​តែ​ឲ្យ​កូន​តូច​ចូល​ញ៉ាំ​បាយ​ជុំគ្នា​ជាមួយ​មនុស្ស​ចាស់ ដោយ​រៀបចំ​តុ កៅអី​តូច​ឲ្យ​កូន​ និង​អាហារ​ដែល​កូន​អាច​ចាប់​ញ៉ាំ​បាន។ ធ្វើ​បែប​នេះ​អូន​តូច​នឹង​មាន​ឱកាស​និយាយ ឬ​ស្តាប់​សំឡេង​ពី​សមាជិក​គ្រួសារ​បាន​គ្រប់ៗ​គ្នា។

មិន​ចង់​បៅ​ដោះ៖ បើ​កូន​មិន​ចង់​បៅ​ដោះ​ទៀត​ទេ អាច​ជិត​ដល់​ពេល​ផ្តាច់​ហើយ ប៉ុន្តែ​យើង​អាច​ព្យាយាម​ធ្វើ​តាម​វិធី​ខាង​ក្រោម​នេះ៖​
– បំបៅ​កូន​នៅ​កន្លែង​ស្ងាត់ ឱប បបោសអង្អែល​កូន​ថ្នមៗ
– មុន​ទៅ​ធ្វើការ​ ត្រូវ​ឆ្លៀត​បំបៅ​ដោះ​កូន
– ក្រោយ​ពី​ភ្ញាក់​ពី​គេង​ត្រូវ​បំបៅ​ដោះ​កូន​ម្តង​ទៀត
ម៉ាក់ៗ​គ្រប់​រូប​គួរ​តែ​បូម​ទឹកដោះ​ឲ្យ​កូន​បៅ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១ ឆ្នាំ តែ​បើ​មិន​ចង់​បូម​ទេ​អាច​ប្រើ​ទឹកដោះគោ​កំប៉ុង​ក៏បាន​ដែរ។ ​ទឹកដោះ​ម្តាយ​អាច​ដាក់​ក្នុង​ដប​ទឹក​ដោះ​គោ​បាន​ ប៉ុន្តែ​យក​ល្អ​យើង​គួរ​តែ​ដាក់​កែវ​វិញ ព្រោះ​កូន​យើង​ដល់​វ័យ​រៀន​ប្រើ​កែវ​ហើយ។

ឥលូវ​កូន​យើង​អាយុ ៣៧ សប្តាហ៍​ហើយ ជួបគ្នា​ក្នុង​សប្តាហ៏​ទី​ ៣៨​បន្ត​ទៀត!

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Murkoff, Heidi. What to Expect, The First Year. New York: Workman Publishing Company, 2009. Print version. Page 416-434.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Duk Panharat កែសម្រួល​ចុងក្រោយ 23/01/2019
ត្រួតពិនិត្យដោយ គឹម កាណែល