ការលូតលាស់ និងអាកប្បកិរិយា
កូនយល់ច្រើនជាងមុន យល់ពាក្យថា ១ម៉ាត់ថា “ទេ” ម៉ាក់ប៉ាញញឹមបិទមាត់មិនជិតទេ ច្បាស់ជាអួតប្រាប់សមាជិកគ្រួសារ ឬអ្នកស្គាល់មិនខាន។
នៅក្នុងសប្តាហ៍ទី ៣៩ កូនយើងអាចនឹង៖
– លេងទះដៃ ឬគ្រវីដៃចុះឡើងៗ
– និយាយបានតិចៗ តែអត់ច្បាស់
– ដើរបានដោយតោងគ្រឿងសង្ហារិម
– យល់ពាក្យថា “ទេ” ប៉ុន្តែមិនធ្វើតាមគ្រប់ពេលទេ។
១- បង្រៀនកូនដោយរបៀបណា?
កូនយល់ច្រើនពីអ្វីដែលម៉ាក់ប៉ានិយាយ អាអូនខំប្រឹងស្តាប់តាមការបញ្ចេញសំឡេង ជាជាងយល់ពាក្យ។ កូនអាចដឹងថាពេលណាយើងខឹង ឬសប្បាយចិត្ត។ ម៉ាក់ប៉ាត្រូវនិយាយទៅកូនឲ្យបានច្រើន នោះកូនយើងឆាប់មានទំនាក់ទំនងជាមួយអ្នកដទៃ។ បេប៊ីចាប់ផ្តើមយល់ច្បាស់នូវពាក្យថា “ទេ’ ទោះបីជាមិនធ្វើតាមគ្រប់ពេលក៏ដោយ។ ឧទាហរណ៍ ពេលកូនគេប៉ះអ្វីដែលយើងហាម គួរតែប្រាប់កូនគេថា “ទេ’ហើយយករបស់នោះចេញពីកូន រួចឲ្យលេងអ្វីផ្សេងជំនួសវិញ។
សុខភាព និងសុវត្ថិភាព
២- ពិភាក្សាជាមួយពេទ្យរឿងអីខ្លះ?
ជាទូទៅក្រៅពីការសាកសួរ គ្រូពេទ្យអាចនឹងចាក់វាក់សាំង បើមិនទាន់បានចាក់កាលពីលើកមុន ឬអាចធ្វើតេស្តមើលអេម៉ូក្លូប៊ីន និងអេម៉ាតូក្រីត ដើម្បីពិនិត្យរកមើលជំងឺស្លេកស្លាំង ដោយចាក់ចុងម្រាមដៃអាអូន។
៣- ត្រូវដឹងពីអីខ្លះ?
សប្តាហ៍នេះ យើងមកដឹងទាំងអស់គ្នាពីបញ្ហាសំខាន់ចំនួន៣ ដែលអាចកើតមានលើកុមារតូច ទី១ បញ្ហារលាកបំពង់ក ទី២ បាតជើងអាអូនរាបស្មើ តើគួរឲ្យបារម្ភទេ និងចុងក្រោយ តើកូនយើងឆាប់រៀនដើរពេកអាចខូចរាងទេ?
រលាកបំពង់ក៖ កូនក្មេងមិនងាយរលាកបំពង់កទេ ប៉ុន្តែបើកូនបងកើតមានជំងឺនេះ យើងត្រូវតាមដានមើលអាការៈកូនប្អូនផង។
- កូនមានហើម ឬឡើងក្រហមបំពង់កទេ?
- ឈឺកលើសពី ៣-៤ ថ្ងៃ
- ឡើងកម្តៅដល់ទៅ ៣៨ អង្សាសេ
- រងារញាក់ ឡើងកូនកណ្តុរក្រោមថ្គាម។
ទៅជួបគ្រូពេទ្យបើយើងឃើញមានចេញរោគសញ្ញាខាងលើ ឬកូនពិបាកលេបអាហារ ពិបាកដកដង្ហើម។ គ្រូពេទ្យអាចឲ្យថ្នាំអង់ទីប៊ីយ៉ូទីកទៅកូនយើង តែត្រូវចាំណា ទោះជាកូនជាវិញក៏ដោយ ត្រូវបន្តប្រើរហូតដល់គ្រប់ចំនួនកំណត់ ដើម្បីកុំឲ្យមានផលប៉ះពាល់នៅថ្ងៃក្រោយ។
បាតជើងរាបស្មើ៖ មានឆ្ងល់ទេ កូនក្មេងខ្លះមានជើងរាបស្មើ មិនមានរូបរាង។ នេះជារឿងធម្មតាទេ ដោយសារតែមូលហេតុមួយចំនួនដូចជា អាអូនអត់សូវបានដើរច្រើន ដូចនេះសាច់ដុំបាតជើងមិនសូវធ្វើការ ឬអាចមកពីកូនយើងធាត់សម្បូរជាតិខ្លាញ់ ដូចនេះពេលដើរ ច្រើនតែកន្ធែកជើង ដោយដាក់ទម្ងន់ខ្លួនទៅចំកណ្តាលបាតជើងជាហេតុនាំឲ្យបាតជើងរាបស្មើ។ ម៉ាក់ប៉ាមិនបាច់បារម្ភទេ ពេលកូនធំទៅ បាតជើងនឹងចេញទម្រង់ដោយខ្លួនឯង លើកលែងតែមួយចំនួនតូចប៉ុណ្ណោះដែលបាតជើងនៅរាបស្មើ។
ឆាប់រៀនដើរ៖ ការឆាប់រៀនដើរគ្មានផលប៉ះពាល់ធ្វើឲ្យជើងកោង ឬបញ្ហាខូចរូបរាងអីនោះទេ។ តាមពិតទៅ ការដែលកូនឆាប់ចេះដើរ អាចជួយធ្វើឲ្យសាច់ដុំរឹងមាំ ពិសេសពេលរៀនដើរដោយខ្លួនឯង។ ប៉ុន្តែបើកូនមិនទាន់ចង់ដើរទេ សូមកុំបង្ខំអី។
ការព្រួយបារម្ភ
៤- រឿងអ្វីខ្លះគួរបារម្ភ?
កូនក្មេងខ្លាចមនុស្សប្លែកមុខ តាមតែម៉ាក់ប៉ា មិនព្រមតាមមនុស្សប្លែកមុខ ដែលចាស់ៗចំណាំនិយាយថា កូននេះកំណាញ់ខ្លួនណាស់។ ធម្មតាទេអំឡុងប៉ុន្មានខែដំបូង កូនតាមតែម៉ាក់ និងប៉ាប៉ុណ្ណោះ រហូតដល់អាយុ ៦ ខែទើបអាអូនតាមអ្នកនៅជុំវិញខ្លួន។ ទោះបីជាកូនយើងមិនកំណាញ់ខ្លួនដូចមុនក្តី ក៏អាអូននៅចូលចិត្តតាមអ្នកមើលថែគេដែរ។
ការខ្លាចមនុស្សប្លែកមុខនេះនឹងបាត់ទៅវិញដោយឯកឯង ពេលកូនអាយុ ១ ឆ្នាំ។ ក្មេង ២ នាក់/១០ នាក់ ពុំបានឆ្លងកាត់ដំណាក់កាលនេះទេ ឬឆ្លងកាត់លឿនពេកដោយយើងមិនបានទាំងចាប់អារម្មណ៍ផង។
បើសិនកូនយើងមានលេចចេញនូវអាការៈនេះ ចូរកុំបង្ខំអី ព្រោះដល់ពេលមួយជាក់លាក់អាអូននឹងវិលមកធម្មតាវិញ។ ដោយឡែក អ្វីដែលយើងគួរតែធ្វើ គឺប្រាប់អ្នកនៅជុំវិញខ្លួន កុំធ្វើឲ្យកូនខ្លាច គួរតែសើចឬនិយាយលេងជាមួយអាអូន រួចចាំចូលទៅឱប ឬបី។ បើម៉ាក់ប៉ានៅតែមិនអាចលួងលោមកូនឲ្យនៅជាមួយអ្នកមើលក្មេងបាន ត្រូវចាប់អារម្មណ៍ថាដោយសារតែអ្នកនៅជាមួយនោះមិនយកចិត្តទុកដាក់ចំពោះកូនយើង ឬដោយសារតែកូនយើងមានបញ្ហាខ្លាចមនុស្សប្លែកមុខធ្ងន់ធ្ងរ។ ក្នុងករណីនេះ យើងគួរតែឆ្លៀតពេលនៅជាមួយកូនឲ្យបានច្រើនរហូតដល់ផុតដំណាក់កាលមួយនេះ។
ចុះកូនយើងលូតលាស់បែបណានៅសប្តាហ៍ទី ៤០ ជួបគ្នាពេលក្រោយ!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]