ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
មានប៉ាម៉ាក់មួយចំនួនធំគិតថា ការដែលបណ្ដោយឲ្យកូនធ្វើតាមចិត្ត ដូចបង្រៀនកូនឲ្យខូចអ៊ីចឹង ព្រោះបើធ្វើដូចនេះកូននឹងលែងខ្លាចហើយ។ តែបើតាមអ្នកជំនាញ ការដែលឲ្យកូនលេងអ្វីដែលកូនចង់លេង មានប្រយោជន៍ច្រើនជាងរឹតត្បិតការសប្បាយរីករាយរបស់កូន។
បើតាមលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ ម៉ាកប៉ាមិនគួរយល់ច្រឡំរវាងការលេងដោយសេរីជាមួយនឹងការដែលមានការបង្ហាត់បង្ហាញ។ ក្មេងៗត្រូវការជាចាំបាច់នូវការលេងដោយសេរី ហើយបើយើងបណ្ដោយឲ្យកូនលេងអ្វីដែលកូនចង់លេង នឹងមានប្រយោជន៍ដូចជា៖
– កាត់បន្ថយអត្រាដែលកូនរញ៉េរញ៉ៃជាមួយយើងបានច្រើន (ម៉ាក់ប៉ាអាចមានពេលធ្វើកិច្ចការផ្សេងទៀត)
– បង្វែរចំណាប់អារម្មណ៍ពីការមើលទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិកផ្សេងៗ
– ជាឱកាសឲ្យកូនស្វែងយល់ពីខ្លួនឯង (ស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ខ្លួន)
– បង្កើនគំនិតច្នៃប្រឌិតខ្ពស់
– បង្រៀនខួរក្បាលឲ្យចេះដោះស្រាយបញ្ហា
– រក្សាសុខភាពផ្លូវចិត្តកុមារ
បន្ថែមពីលើនេះ ការជំរុញកូនៗឲ្យធ្វើអ្វីដែលកូនចង់ នឹងធ្វើឲ្យកូនៗសប្បាយចិត្ត ជាហេតុដែលបណ្ដាលឲ្យខួរក្បាលបញ្ចេញដូប៉ាមីន ដែលជាសារធាតុគីមីម៉្យាងធ្វើឲ្យយើងសប្បាយចិត្ត។ ម៉្យាងទៀត កូនអាចដឹងពីអ្វីដែលខ្លួនចង់បាន ឬអាចចាប់ផ្ដើមដឹងពីជំនាញដែលខ្លួនមានក៏ថាបាន។
វេជ្ជបណ្ឌិតទទួលសញ្ញាប័ត្រពីបារាំងរូបនេះបន្តថា ការដែលបណ្ដោយឲ្យកូនលេងតាមចិត្តចង់មិនមានបញ្ហាអ្វីទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ ការលេងរបស់កូនខ្លះអាចនឹងប្រឡូកប្រឡាក់រញ៉េរញ៉ៃ។ ហើយម៉ាក់ប៉ាជាច្រើនខឹងកូននៅពេលដែលកូនធ្វើឲ្យផ្ទះរញ៉េរញ៉ៃ ឬប្រឡាក់ប៉ូកប៉ាកក្នុងផ្ទះ។
ទោះយ៉ាងនេះក្ដី អ្វីដែលម៉ាក់ប៉ាត្រូវធ្វើគឺជួយរៀបចំកន្លែងលេងឲ្យកូន ដើម្បីកាត់បន្ថយការប្រឡាក់រញ៉េរញ៉ៃនោះ ឬយើងអាចបង្រៀនកូនឲ្យសម្អាតក្រោយខ្លួនឯងបន្ទាប់ពីរាយបាយហើយ។ នេះក៏ដូចជា យើងបង្រៀនកូនឲ្យមានទំនួលខុសត្រូវលើបញ្ហាដែលខ្លួនឯងបង្កឡើងដែរ។
[embed-health-tool-vaccination-tool]