backup og meta

វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 18, 2021

    វិធីសាស្រ្ត ៧យ៉ាងបង្រៀនកូនតូចឱ្យចេះអត់ធ្មត់

    ភាពអត់ធ្មត់គឺជាជំនាញមួយដែលជួយកុមារឱ្យចេះគិត និងជួយកុមារបង្កើត​ទំនាក់ទំនងក្នុងសង្គម ព្រមទាំងជួយដល់ការសិក្សាកុមារទៀតផង។ ការបង្រៀនកូនឱ្យ ចេះអត់ធ្មត់ពីតូច​នឹងជួយ​កូន​ច្រើន​នៅថ្ងៃអនាគត។ តើ​មានវិធីសាស្រ្តអ្វីខ្លះដែលអាចជួយប៉ាម៉ាក់ក្នុងបង្រៀនកូនតូចឱ្យចេះ​អត់ធ្មត់?

    ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង ៧ ក្នុងការជួយប៉ាម៉ាក់បង្រៀនភាពអត់ធ្មត់ដល់អូនតូច៖

    ១. ចាប់ផ្តើមពីតូចនិងចាប់ផ្តើមពីរយៈពេលខ្លី

    ប៉ាម៉ាក់អាចចាប់ផ្តើមបង្រៀនកូនឱ្យមានការអត់ធ្មត់បន្តិចបន្តួចតាំងពីកូននៅតូច។ មុនពេលប៉ាម៉ាក់​ឱ្យ​ទឹកដោះគោកូនញុំា ប៉ាម៉ាក់អាចគ្រាន់​តែ​សុំឱ្យអូនតូចរង់ចាំដោយស្ងៀមស្ងាត់រយៈពេល ១-២ នាទី។ នៅពេលកូនធំបន្តិច ប៉ាម៉ាក់អាចបន្ថែមពេលវេលា​រងចាំ​ដើម្បី​ហ្វឹកហាត់​ចិត្តអត់ធន់របស់​អាអូន។

    ២. បង្រៀនឱ្យអូនតូចចេះគ្រប់គ្រងខ្លួនឯង

    សម្រាប់កុមារ ភាពអត់ធ្មត់គឺជាការរៀនគ្រប់គ្រងអារម្មណ៍ និងសកម្មភាពខ្លួនឯង ទោះបីជាពួកគេ​មាន​ការព្រួយបារម្ភ អន្ទះសា ឬអស់កម្លាំងក៏​ដោយ​។ ប៉ាម៉ាក់ត្រូវឱ្យអាអូនគ្រប់គ្រងអារម្មណ៍ ខ្លួន​ឯង​ឡើង​វិញ មុនពេលអ្នកបំពេញតាមការ​សុំ​របស់អូនតូច។ ការធ្វើដូច្នេះ នៅពេល​អូនតូចបញ្ចេញ​​​អាកប្បកិរិយា​មិនល្អ បង្រៀនអូន​តូចថាការ​មិនមានភាពអត់ធ្មត់មិនមែន​ជាវិធីដើម្បី​ទទួលបាន​អ្វីដែល​អូន​តូច​ចង់បាននោះទេ។

    ៣. ពន្យារពេល

    ការឱ្យកូនរង់ចាំបន្តិចមុនពេលផ្តល់អ្វីដែលកូនចង់បាននឹងបង្រៀនកូន​ឱ្យ​ចេះអត់ធ្មត់។  ឧទាហរណ៍ ប្រសិនបើម៉ាក់កំពុងលាងចាន ហើយអាអូន​សុំឱ្យម៉ាក់ទៅលេងជាមួយ ម៉ាក់អាចប្រាប់ឱ្យអាអូន​រង់ចាំ​រហូតដល់ម៉ាក់​លាង​​ចានរួចសិន។

     ៤. បង្រៀនកូនឱ្យរង់ចាំវេន

    ការបង្រៀនកូនតូចឱ្យចេះរង់ចាំវេនជាមធ្យោបាយដ៏ល្អក្នុងការបង្រៀនភាព​អត់ធ្មត់។ ប្រសិនបើ​អា​អូន​មិនអាចរង់ចាំដល់វេនខ្លួនក្នុងការជិះទោង ប៉ាម៉ាក់ត្រូវឧស្សាហ៍​នាំអូនតូចទៅលេងសួន​ដើម្បី​ពង្រឹង​ភាពអត់ធ្មត់របស់​អូនតូច។ ការហ្វឹកហាត់ដដែលៗនឹងជួយឱ្យអូនតូចទម្លាប់នឹងការរង់ចាំយូរ។

    ជិះទោង

    ៥. ឱ្យកូនធ្វើសកម្មភាពខ្លះខណៈរង់ចាំវេន

    លោកស្រី Annie Fox អ្នកនិពន្ធសៀវភៅ “បង្រៀនកូនឱ្យក្លាយជាមនុស្សល្អ” “Teaching Kids to Be Good People” បានលើកឡើងថា ប៉ាម៉ាក់គួរឱ្យកូនតូចធ្វើសកម្មភាពខ្លះខណៈពេលកំពុងរង់ចាំវេន។ ប៉ាម៉ាក់អាចឱ្យអាអូន ឈរ​ដូចទាហាន លោតដូចកង្កែប ឬរេចុះរេឡើង​ដូចដើមឈើ​ត្រូវខ្យល់ជា​ដើម​​ដើម្បីបង្វែរអាម្មណ៍អូនតូចពីការរងចាំយូរ។

    ៦. ឱ្យកូនលេងល្បែងរង់ចាំ

    ការលេងល្បែងដូចជា “ វេនរបស់អ្នក! វេនខ្ញុំ!” គឺជាវិធីដ៏ល្អដើម្បីធ្វើឱ្យកូនតូចរង់ចាំ។

    ៧. សរសើរភាពអត់ធ្មត់របស់កូន

    នៅពេលអាអូនបង្ហាញភាពអត់ធ្មត់ ប៉ាម៉ាក់អាចសរសើរអាអូន​ដើម្បីលើកទឹក​ចិត្តអាអូនក្នុង​ការធ្វើ​វា​ម្តងទៀត។ ឧទាហរណ៍ ប្រសិនបើប៉ាម៉ាក់នាំ​អា​អូន​ទៅពេទ្យ ហើយអាអូនអង្គុយផាត់​ពណ៌ក្នុងខណៈ​រង់ចាំវេនខ្លួន ដោយមិន​រអ៊ូ ប៉ាម៉ាក់អាចប្រាប់អាអូនថា ប៉ាម៉ាក់សប្បាយ​ចិត្ត​ចំពោះការ​អត់​ធ្មត់ និង​អាកប្បកិរិយាល្អរបស់អាអូនណាស់។

    ភាពអត់ធ្មត់ត្រូវការពេលវេលាដើម្បីបណ្តុះ ដូច្នេះប៉ាម៉ាក់ត្រូវបង្រៀនអូនតូចសន្សឹមៗ កុំបង្ខំ។ ភាព​អត់ធ្មត់ត្រូវការការហ្វឹកហាត់ដដែលៗម្តងហើយម្តងទៀត មិនមែនមួយថ្ងៃពីរចេះទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម