ជាធម្មតាការរលាកត្រចៀក ឬអំបៅអំបែកច្រើនកើតលើកុមារដែលមានអាយុ ៥ឆ្នាំ ឬទាបជាងនេះ ដែលបណ្តាលឱ្យកុមារឈឺ និងហើមក្រដាសត្រចៀក។ តើប៉ាម៉ាក់ត្រូវធ្វើដូចម្តេចដើម្បីការពារកូនតូចពីការរលាកត្រចៀក?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជាធម្មតាការរលាកត្រចៀក ឬអំបៅអំបែកច្រើនកើតលើកុមារដែលមានអាយុ ៥ឆ្នាំ ឬទាបជាងនេះ ដែលបណ្តាលឱ្យកុមារឈឺ និងហើមក្រដាសត្រចៀក។ តើប៉ាម៉ាក់ត្រូវធ្វើដូចម្តេចដើម្បីការពារកូនតូចពីការរលាកត្រចៀក?
ការរលាកត្រចៀក ឬអំបៅអំបែកកើតឡើងនៅពេលមានបាក់តេរី ឬវីរុសឆ្លងចូលក្នុងក្រដាសត្រចៀក និងបណ្តាលឱ្យមានទឹកដក់នៅពីក្រោយក្រដាសត្រចៀក។ ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលប៉ាម៉ាក់អាចប្រើដើម្បីការពារកូនតូចពីការរលាកត្រចៀក៖
ម៉ាក់ៗគួរបំបៅកូនដោយទឹកដោះរហូតដល់អូនតូចមានអាយុយ៉ាងតិច ៦ខែ ឬលើសពីនេះ ព្រោះអង់ទីករក្នុងទឹកដោះម្តាយអាចកាត់បន្ថយអត្រានៃការរលាកត្រចៀកបាន។
ការសិក្សាបានបង្ហាញថា ក្មេងដែលប៉ះពាល់នឹងផ្សែងបារីងាយរលាកត្រចៀកណាស់។ សូម្បីតែផ្សែងបារីដែលជាប់លើសក់ ឬសម្លៀកបំពាក់របស់ប៉ាម៉ាក់ក៏អាចប៉ះពាល់ដល់អាអូនដែរ។
ប៉ាម៉ាក់គួរបង្ការកូនពីជំងឺផ្តាសាយក្នុងអំឡុងឆ្នាំដំបូងនៃជីវិត ព្រោះភាគច្រើននៃការរលាកត្រចៀកបណ្តាលមកពីជំងឺផ្តាសាយ។ កុំចែករំលែករបស់ក្មេងលេង អាហារ ពែងទឹក ឬឧបករណ៍ប្រើប្រាស់របស់អូនតូចជាមួយក្មេងដទៃ។ ប៉ាម៉ាក់ត្រូវលាងដៃ និងឱ្យកូនលាងដៃបានញឹកញាប់ និងចៀសវាងឱ្យអូនតូចនៅជិតអ្នកមានជំងឺផ្តាសាយ។
ពេលបំបៅទឹកដោះគោ ម៉ាក់ៗគួរដាក់អាអូនបញ្ឈរបន្តិច (ដាក់ក្បាលឱ្យខ្ពស់ជាងពោះ)។ ការឱ្យអូនតូចគេងពេលបៅទឹកដោះគោអាចបណ្តាលឱ្យទឹកដោះគោហៀរចូលទៅក្នុងរន្ធខ្សល់ដែលភ្ជាប់បំពង់អាហារទៅនឹងត្រចៀកកណ្តាល។
ប្រសិនបើអូនតូចស្រមុក ឬដកដង្ហើមតាមមាត់ជាប្រចាំ នោះអាចបណ្តាលមកពី adenoids (ដុំសាច់ស្ថិតនៅខាងក្រោយបំពង់ក) រីកធំ ឬហើមដែលអាចបណ្តាលឱ្យអូនតូចរលាកត្រចៀកដែរ។
ប៉ាម៉ាក់គួរនាំអូនតូចទៅចាក់វ៉ាក់សាំងផ្តាសាយ ពេលអូនតូចមានអាយុចាប់ពី ៦ខែឡើងទៅ។
ប្រសិនបើប៉ាម៉ាក់សង្កេតឃើញអូនតូចមានអាការៈនៃការរលាកត្រចៀកឬអំបៅអំបែក ប៉ាម៉ាក់គួរនាំអូនតូចទៅជួបគ្រូពេទ្យកុមារដែលជំនាញខាងត្រចៀក ច្រមុះ និងបំពង់ក។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕