backup og meta

ចិញ្ចឹមកូនឲ្យលូតលាស់បានល្អ និងមានអនាគតភ្លឺស្វាងគួររៀប ៤ ចំណុច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 20, 2020

    ចិញ្ចឹមកូនឲ្យលូតលាស់បានល្អ និងមានអនាគតភ្លឺស្វាងគួររៀប ៤ ចំណុច

    ប៉ាម៉ាក់មួយចំនួនលើកឡើងថា ពេលដែលកូនលូតលាស់ដល់វ័យជំទង់ ជាវ័យដែលពិបាកចិញ្ចឹម ព្រោះជាវ័យដែលកូនៗចាប់ផ្ដើមចង់ដឹងថាខ្លួនចង់បានអ្វី ចង់សប្បាយច្រើន ចង់ស្វែងយល់ពីអ្វីដែលកើតឡើងក្នុងពិភពខាងក្រៅ។ ឈានចូលដល់វ័យជំទង់ ក្មេងខ្លះ ច្រើនជ្រើសយកមិត្តភក្ដិសំខាន់ជាងសមាជិកគ្រួសាររបស់ខ្លួន ជាហេតុអាចបណ្ដាលឲ្យដើរផ្លូវខុសក្នុងជីវិតក៏ថាបាន។ ដូចនេះ យើងជាម៉ាក់ប៉ាត្រូវចេះតិចនិកចិញ្ចឹមកូនៗវ័យជំទង់ ដើម្បីដើរផ្លូវល្អ រីករាយ ស្គាល់ពិភពខាងក្រៅ និងចេះគិតគូរពីអនាគត។

    ១. ក្លាយជាគំរូល្អ

    តាំងពីតូចរហូតមកដល់វ័យចេះគិតជ្រៅជ្រះ កូនៗរៀនត្រាប់តាមទង្វើពីមនុស្សជុំវិញខ្លួន ជាពិសេសនោះគឺម៉ាក់ប៉ា។ យើងត្រូវចាំថា សកម្មភាពបង្ហាញច្បាស់ជាងពាក្យសម្ដី។ យើងត្រូវបង្ហាញឲ្យកូនៗពីរបៀបគ្រប់គ្រងស្ថានការណ៍អ្វីមួយតាមបែបវិជ្ជមាន មិនថាភាពសប្បាយ ឬភាពពិបាកទេ និងត្រូវចេះអត់ធន់។ បែបនេះ កូនៗអាចយកគំរូតាមពេលដែលពួកគេលូតលាស់ធំទៅៗ។

    ២. បង្ហាញក្ដីស្រឡាញ់

    ម៉ាក់ប៉ាត្រូវបង្ហាញក្ដីស្រឡាញ់ឲ្យដូចកាលពីកូនៗនៅតូច ទោះពួកគេលូតលាស់ធំដឹងក្ដីក៏ដោយ ហើយកូនៗក៏ត្រូវការក្ដីស្រឡាញ់ពេញលេញដដែលនេះដូចគ្នា។ ការទទួលបានក្ដីស្រឡាញ់ និងភាពកក់ក្ដៅពីម៉ាក់ប៉ា អាចជាកម្លាំងចិត្តមួយភាគធំសម្រាប់ពួកគេ ឲ្យមានភាពវិជ្ជមានក្នុងខ្លួន ហើយក៏អាចបញ្ជាក់ថា យើងនឹងឈរនៅក្បែរកូនជានិច្ច។

    ៣. បង្រៀនកូនឲ្យចេះអភ័យទោស

    ការអភ័យទោសជាមេរៀនសំខាន់មួយដែលនាំឲ្យកូនលូតលាស់ដោយភាពរីករាយ មិនមានចិត្តគុំគួន។ តាមការលើកឡើងរបស់វេជ្ជបណ្ឌិតជំនាញចិត្តសាស្ត្រជនជាតិអាមេរិកលោក Martin Seligman ឲ្យដឹងការមិនចេះអភ័យទោស ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបាក់ទឹកចិត្ត និងការថប់បារម្ភ។ លើសពីនេះ ក្មេងដែលចេះអធ្យាស្រ័យ ងាយរកភាពវិជ្ជមាននៅក្នុងជីវិតពេលកាន់តែលូតលាស់ធំទៅ និងមិនមានភាពស្មុគស្មាញច្រើន។

    ៤. បង្រៀនកូនយល់ពីភាពសំខាន់នៃសុខភាព

    ក្នុងវ័យជំទង់ គឺជាពេលដែលត្រូវការលូតលាស់ និងវិវត្តទៅមុខយ៉ាងឆាប់រហ័ស។ ដូចនេះ យើងត្រូវជំរុញកូនឲ្យយល់ដឹងពីសារៈសំខាន់នៃការមានសុខភាពល្អ និងត្រូវមានរបបរស់នៅប្រកបដោយផាសុកភាព ក្នុងនោះមានការហាត់ប្រាណ និងរបបអាហារសម្បូរជីវជាតិខ្ពស់ប្រចាំថ្ងៃ សមស្របនឹងកម្លាំងដែលកូនៗត្រូវបញ្ចេញមកដូចជា បន្លែ ផ្លែឈើ នំបុ័ង បាយ ស៊ុត សាច់ ដែលអាហារអស់នេះ ពោរពេញដោយប្រូតេអ៊ីន ជាតិរ៉ែ និងវីតាមីនដែលកូនត្រូវការ។ លើសពីនេះ បើយើងអាចឲ្យកូនប្រើផលិតផលវីតាមីនបន្ថែមទៀត សម្រាប់ការលូតលាស់ ក្នុងករណីដែលកូនមិនចូលចិត្តញ៉ាំបន្លែ ឬផ្លែឈើ។ល។

    ៥. ឲ្យកូនរៀនសម្រេចចិត្តដោយខ្លួនឯង

    ចំពោះក្មេងៗវ័យជំទង់ ម៉ាក់ប៉ាមិនអាចអង្គុយចាំតែប្រាប់ឲ្យធ្វើនេះ ធ្វើនោះតទៀតទេ ព្រោះកូនធំហើយ អាចសម្រេចចិត្តបានដោយខ្លួនឯង។ ដោយបណ្ដោយឲ្យកូនធ្វើបែបនេះ ពួកគេនឹងស្គាល់ពីលទ្ធផលល្អ ឬអាក្រក់ដែលទទួលបានពីការសម្រេចចិត្តដោយខ្លួនឯងនោះ ពេលទៅថ្ងៃអនាគត កូនៗនឹងចេះថ្លឹងថ្លែងពីលទ្ធផលដែលទទួលបានពីការសម្រេចចិត្តរបស់ខ្លួន។

    ប៉ុន្តែ យើងជាម៉ាក់ប៉ា អាចធ្វើជាទីប្រឹក្សា ចង្អុលបង្ហាញផ្លូវណាល្អ ឬផ្លូវណាមានឧបសគ្គច្រើនជាមួយកូន មុនពួកគេសម្រេចចិត្តចុងក្រោយ។ មួយវិញទៀត បើកូននិយាយរឿងរ៉ាវនៅក្នុងចិត្តប្រាប់យើងកាន់តែល្អ ព្រោះនេះជាន័យបញ្ជាក់ថា កូនជឿជាក់លើយើង បានជាហ៊ាននិយាយអ្វីក្នុងចិត្តឲ្យយើងដឹង ហើយអ្វីដែលយើងគួរធ្វើពេលនោះ គឺត្រូវអង្គុយស្ដាប់មតិរបស់កូនឲ្យបានល្អ។

    ក្មេងជំទង់សុខភាពផ្លូវចិត្ត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម