ម៉ាក់ប៉ាមួយចំនួនអាចនឹងគិតថាទំពាំងបាយជូរក្រៀមគឺជាអាហារសម្រន់ល្អសម្រាប់ក្មេងៗ ប៉ុន្តែទំពាំងបាយជូរក្រៀមមានជាតិស្ករច្រើនដែលអាចបង្កឲ្យក្មេងមានដង្កូវស៊ីធ្មេញ។ យោងតាមវិទ្យាស្ថានជាតិផ្នែកស្រាវជ្រាវជំងឺមាត់ធ្មេញសហរដ្ឋអាមេរិក ក្មេងអាយុ ១១ ឆ្នាំ ជាង ៤០% មានបញ្ហាដង្កូវស៊ីធ្មេញមួយ ឬច្រើនជាងនេះ។ យ៉ាងណាមិញការញ៉ាំទំពាំងបាយជូរក្រៀមមិនមែនជាមូលហេតុបង្កផ្ដាច់មុខនោះទេ។ កត្តាបង្ករួមមានការមិនដុសធ្មេញ ផឹកទឹកផ្លែឈើ ឬទឹកដោះគោច្រើន ញ៉ាំពពួកនំកញ្ចប់ច្រើនពេក និងមិនទៅពិនិត្យធ្មេញឲ្យបានទៀងទាត់។ ការសិក្សាក៏មិនបានបង្ហាញថាការញ៉ាំទំពាំងបាយជូរក្រៀមបង្កឲ្យមានបញ្ហាដង្កូវស៊ីធ្មេញដែរ។ តើទំពាំងបាយជូរក្រៀមល្អ ឬមិនល្អសម្រាប់ក្មេង?
ផលប្រយោជន៍នៃទំពាំងបាយជូរក្រៀម
ទំពាំងបាយជូរក្រៀមមានសារធាតុចិញ្ចឹមច្រើនដែលត្រូវបានគេចាត់ទុកថាជាអាហារសម្រន់ល្អ ជាពិសេសសម្រាប់ក្មេងៗ។ ទំពាំងបាយជូរក្រៀមមាន៖
- ជាតិខ្លាញ់ទាប
- កូលេស្តេរ៉ូលទាប
- ជាតិសរសៃខ្ពស់ដែលល្អសម្រាប់ក្មេងទល់លាមក
- ជាតិដែក និងកាល់ស្យូម
- ប៉ូតាស្យូម។
ប៉ុន្តែទំពាំងបាយជូរក្រៀមមានជាតិស្ករច្រើនដែលស្ករទាំងនោះជាស្ករធម្មជាតិ និងល្អជាងពពួកស្ករបន្ថែម។ ការស្រាវជ្រាវមួយចំនួនបានសន្និដ្ឋានថាទំពាំងបាយជូរក្រៀមមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងបាក់តេរីដែលអាចបង្ការបញ្ហាដង្កូវស៊ីធ្មេញបាន។ ទោះបីជាទំពាំងបាយជូរក្រៀមមានជាតិផ្អែម និងស្អិតក៏ដោយ ប៉ុន្តែពេលញ៉ាំទៅមិនជាប់ធ្មេញយូរទេ។ អាហារសម្រន់ដែលអាចបង្កបញ្ហាដង្កូវស៊ីធ្មេញគឺការញ៉ាំអាហារមានជាតិស្ករបន្ថែមច្រើនដូចជានំឃុកគី និងស្ករគ្រាប់។
គុណវិបត្តិនៃទំពាំងបាយជូរក្រៀម
យ៉ាងណាមិញ ទន្តពេទ្យបានចាត់ទុកទំពាំងបាយជូរក្រៀមទៅក្នុងប្រភេទពពួកនំកញ្ចប់ដែលក្មេងញ៉ាំ។ យោងតាមសមាគមជំងឺមាត់ធ្មេញសហរដ្ឋអាមេរិក (ADA) អាហារមានជាតិស្អិតដូចជាផ្លែឈើក្រៀមរួមទាំងទំពាំងបាយជូរក្រៀមអាចបង្កការខូចខាតដល់ធ្មេញព្រោះវាស្អិតជាប់នឹងធ្មេញយូរជាងប្រភេទអាហារផ្សេងៗ។ ប្រសិនជាក្មេងញ៉ាំទំពាំងបាយជូរក្រៀម និងផ្លែឈើក្រៀមញឹកញាប់ពេក ADA ណែនាំឲ្យក្មេងខ្ពុរមាត់ជាមួយនឹងទឹកក្រោយពីញ៉ាំរួច និងដុសធ្មេញឲ្យបានត្រឹមត្រូវដើម្បីកម្ចាត់កាកសំណល់ទំពាំងបាយជូរក្រៀមនោះ។
ទំពាំងបាយជូរក្រៀមគឺជាអាហារសម្រន់ល្អសម្រាប់ក្មេងព្រោះមានវីតាមីន និងរ៉ែដែលក្មេងត្រូវការ ប៉ុន្តែពេលឲ្យកូនញ៉ាំម៉ាក់ប៉ាត្រូវថែទាំធ្មេញកូនផង។
[embed-health-tool-vaccination-tool]