១- ត្រអកកើតឡើងដោយសារអ្វី?
ត្រអក ជាជំងឺសើស្បែកម្យ៉ាង ឧស្សាហ៍កើតលើទារក ប៉ុន្តែក៏អាចកើតមានលើមនុស្សពេញវ័យដូចគ្នា ខណៈមូលហេតុពិតប្រាកដនាំឲ្យកើតជំងឺនេះ អ្នកស្រាវជ្រាវនៅមិនទាន់បានរកឃើញនៅឡើយទេ ប៉ុន្តែគេដាក់ការសង្ស័យទៅលើហ្សែនជាចម្បង។ ប៉ុន្តែករណីភាគច្រើន ជំងឺត្រអក ត្រូវគេរកឃើញថា មានទំនាក់ទំនងជាមួយជំងឺប្រតិកម្មមួយចំនួន ដូចជា ជំងឺហឺត និងផ្តាសាយដោយសារប្រតិកម្ម (រលាកច្រមុះ) ដែលកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ជំងឺត្រអក បង្កឲ្យស្បែកស្ងួត និងរមាស់ បញ្ហានេះឧស្សាហ៍កើតមានបំផុតលើក្មេងតូចៗ ដោយសារប្រព័ន្ធការពារខ្លួន មានប្រតិកម្មខ្លាំងពេកជាមួយសារធាតុណាមួយដែលបង្កឲ្យមានបញ្ហាអាលែកហ្ស៊ី។ ប៉ុន្តែក្នុងករណីខ្លះ ការរលាកស្បែកលើក្មេងៗ ក៏អាចបណ្តាលមកពីប្រតិកម្មជាមួយសារធាតុគីមីមួយចំនួន រកឃើញក្នុងសាប៊ូដុះខ្លួន សាប៊ូបោកគក់ ទឹកសម្អាតផ្សេងៗ ក៏ដូចជាសារធាតុគីមីលើកំណាត់ជាដើម។
ដើម្បីគ្រប់គ្រងអាការៈជំងឺត្រអកលើទារក ឬក្មេងតូចៗ យើងគួរប្រើសាប៊ូដុះខ្លួនប្រភេទទឹកគ្មានជាតិគ្រឿងសម្អាង (Non-Cosmetic) ដូចជាពពួក Emollients ដើម្បីកុំឲ្យអាការៈស្បែកក្មេងកាន់តែធ្ងន់ធ្ងរ និងប្រើសាប៊ូបោកគក់គ្មានសារធាតុគីមី ជំនួសសាប៊ូធម្មតា រួចត្រូវតាមដានការធ្វើបែបនេះ អាចជួយឲ្យបញ្ហាជំងឺត្រអកលើកូនយើង ធូរស្រាលដែរឬទេ។