លោកស្រីវេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ នៃមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា ត្បិតការញ៉ាំជាតិផ្អែមជួយឲ្យការធ្វើមេតាប៉ូលីសបានប្រសើរក៏ពិតមែន តែសម្រាប់ជាប្រភេទស្ករគ្រាប់វិញ ពេទ្យមិនណែនាំឲ្យកូនក្មេងតូចញ៉ាំវាឡើយ ព្រោះកូនអាចកើតមានជំងឺ និងបញ្ហាមួយចំនួនទៀត។
អត្ថបទពាក់ព័ន្ធ៖វិធីថែធ្មេញកូន មិនឲ្យខូចដោយសារញ៉ាំស្ករគ្រាប់ ឬចំណីផ្អែមៗ

អ្នកគ្រូពេទ្យរូបនេះបានបញ្ជាក់បន្ថែមទៀតថា កុមារដែលញ៉ាំស្ករគ្រាប់ច្រើន អាចនឹងលែងចង់ញ៉ាំចំណីអាហារផ្សេង ព្រោះមិនឃ្លាន។ ការមិនឃ្លានចំណីអាហារផ្សេង ដោយសារតែស្ករគ្រាប់មានជាតិផ្អែម ដែលធ្វើឲ្យមានអារម្មណ៍ថាឆ្អែត ហើយមួយវិញទៀតការញ៉ាំស្ករគ្រាប់ច្រើនមិនល្អចំពោះរាងកាយឡើយ ព្រោះវាមិនសម្បូរសារធាតុចិញ្ចឹម ហើយមានតែជាតិផ្អែមមួយមុខ។ ក្រោយញ៉ាំយូរៗទៅអាចនាំឲ្យកុមារមានជំងឺផ្សេង ឬប្រឈមមុខនឹងជំងឺទឹកនោមផ្អែមទាំងវ័យក្មេង ឬប៉ះពាល់ដល់មុខងារលំពែងដទៃទៀត។