សម្រាប់ម៉ាក់ប៉ាដែលរវល់គ្មានពេលនៅមើលថែកូនខ្លួនឯង ហើយគ្មានចាស់ៗចាំជួយ ប្រហែលជាជ្រើសរើសយកវិធីរកអ្នកមើលថែ មកនៅជាមួយដើម្បីបញ្ចុកបាយទឹក។ ការទុកកូនឲ្យគេមើលថែ មានទាំងផលល្អ និងមិនល្អ។ ថ្ងៃនេះ Helloគ្រូពេទ្យ នឹងចែករំលែកទុក្ខលំបាកមួយចំនួនដែលម៉ាក់ៗផ្ញើកូននឹងអ្នកមើលថែ រហូតបន្សល់ជាវិប្បដិសារីមួយជីវិត។
១- កូនមានបញ្ហាសុខភាព
បើតាមសម្ដី ផល ស្រីពៅ បុគ្គលិកធនាគារបានឲ្យដឹងថា គ្រួសារអ្នកនាង និងស្វាមីសុទ្ធតែអ្នករស់នៅខេត្ត ហើយគ្មាននរណានៅភ្នំពេញឡើយ។ បន្ទាប់ពីសម្រាកពេលសម្រាលកូនបាន ៣ ខែ ដល់ពេលចូលធ្វើការវិញ ដោយមិនមែនកន្លែងអាចទុកចិត្តយកកូនទៅផ្ញើបាន ក៏រកអ្នកមើលថែមកពីស្រុក ហើយលទ្ធផលដែលទទួលបានមកវិញ កូនសុខភាពធ្លាក់ចុះងាកឈឺៗ ដោយគ្មានមូលហេតុ។ ម៉ាក់ៗរូបនោះបានបន្តទៀតថា កូនឧស្សាហ៍ឈឺបំផុតគឺរាករូស រលាកបំពង់ក និងច្រាំងអណ្ដាតជាដើម។ ម៉ាក់ៗវ័យ ២៨ ឆ្នាំបានបន្ថែមថា ទម្រាំតែដឹងថា មូលហេតុមកពីអ្នកមើលខ្វះអនាម័យ កូនវិះនឹងក្លាយជាក្មេងខ្វះអាហារូបត្ថម្ភបាត់ទៅហើយ ព្រោះកូនមិនញ៉ាំរបស់អ្វីដែលអ្នកមើលថែបញ្ចុក ហើយម៉ឹមក៏មិនបាន ព្រោះកំប៉ុងមិនបានលាងដុស។
២- កូនខ្លាចអ្នកដទៃ
ម៉ាក់ៗ ស៊ន វិជ្ជនី បានចែករំលែកបទពិសោធន៍ឈឺចាប់មួយដែលធ្វើឲ្យកូនបាក់ស្បាត និងខ្លាចពេលឮសំឡេងខ្លាំង។ អតីតបុគ្គលិកផ្នែកលក់បានឲ្យដឹងថា ព្រោះតែចង់ផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ អ្នកនាងបានចេញទៅធ្វើការវិញ ក្រោយសម្រាលកូនបាន ៦ ខែ ហើយអ្វីដែលនឹកស្មានមិនដល់ គឺកូនមានបញ្ហាផ្នែកស្មារតី ព្រោះតែអ្នកនៅជាមួយតែងតែស្រែកសម្លុត និងវាយធ្វើបាបកូនតាំងពីតូចៗ រហូតដល់វ័យជាង ២ ឆ្នាំ ទើបអ្នកជិតខាងលួចប្រាប់ថា ម៉ែដោះមើលថែតែងតែស្រែកគំហក និងបង្អត់ចំណី ទឹកដោះគោ ប្រសិនបើកូនហ៊ានតែយំ។ អ្នករស់នៅក្រុងតាខ្មៅបន្ថែមទៀតថា បន្ទាប់ពីឮអ្នកជិតខាងប្រាប់ ទើបអ្នកនាងចាប់ផ្ដើមស៊ើប រហូតដល់ឃើញផ្ទាល់ភ្នែកថា អ្នកមើលថែ ហ៊ានទះតប់ក្មេងទាំងមិនដឹងអ្វី ខណៈដែលនាងមិនដែលចាប់អារម្មណ៍ ព្រោះពេលចូលផ្ទះកូនចូលគេងបាត់ដែរ។
អត្ថបទពាក់ព័ន្ធ៖ ការវិវត្តអារម្មណ៍ក្មេងៗ ពេលកើត ដល់១០ឆ្នាំ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់
៣- មិនក្លាហាន
សម្រាប់អ្នកម៉ាក់ ឈិន ជេនី វិញបានចែករំលែករឿងឈឺចាប់មកថា បន្ទាប់ពីខ្លួនលែងលះ និងត្រូវរ៉ាប់រងកូនតែម្នាក់ឯង ក៏សម្រេចចិត្តជួលស្ត្រីម្នាក់មកមើលថែ ព្រោះត្រូវចេញទៅធ្វើការ។ រឿងដែលធ្វើឲ្យម៉ាក់វ័យ ២៤ ឆ្នាំខ្លោចចិត្ត គឺកូនអាយុ ២ ឆ្នាំរបស់នាង មិនហ៊ានលេងជាមួយក្មេងដទៃ មិនហ៊ានធ្វើអ្វី ហើយបើធ្វើឲ្យបែកបាក់អ្វីមួយ គឺញ័រខ្លួនដូចកូនសត្វ។ មុនដំបូងអ្នករស់នៅភ្នំពេញរូបនេះមិនចាប់អារម្មណ៍ណោះទេ តែពេលកូនបញ្ចេញអាការៈខ្លាចអ្នកនៅជាមួយរហូតដល់យំ ពេលខ្លួនទៅធ្វើការ ទើបចាប់ផ្ដើមសង្ស័យ រហូតសួរអ្នកនៅជិតផ្ទះ ហើយឈានដល់ការឃាត់ខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍ប៉ូលិសតែម្ដង ព្រោះឃើញខ្នងកូនមានរបួសគ្រប់កន្លែង។
៤- លែងហ៊ាននិយាយស្ដី
បទពិសោធន៍ជូរចត់របស់ រស់ សាវនី គឺកូនតាំងពីជាក្មេងរពឹស និងសួរនាំមិនឈប់បែរជាលែងហ៊ាននិយាយស្ដី សួរនាំអ្វីទាំងអស់ ព្រោះត្រូវអ្នកនៅជាមួយសម្លុត វាយធ្វើបាបពេលគេរត់លេងមិនឈប់។ ដំបូងៗអ្នកគ្រូបង្រៀនរូបនេះមិនដឹងថា មកពីអ្វីបានជាកូនប្រែជាស្រពាប់ស្រពោន ហើយ ១ ឆ្នាំក្រោយសឹងតែលែងនិយាយរកនរណាទាំងអស់ ព្រោះម៉ែដោះប្រាប់គេថា ប៉ាម៉ាក់ឲ្យវ៉ៃ សម្លុត ហើយបើហ៊ានប្រាប់នឹងបង្អត់អាហារ និងចាក់សោឃុំក្នុងបន្ទប់។ ទម្រាំតែលួងកូនឲ្យហ៊ាននិយាយ គឺពិតជាចំណាយពេលច្រើនណាស់ ព្រោះគេខ្លាចម៉ែដោះ រហូតដល់ម៉ាក់ៗវ័យ ៣៦ ឆ្នាំរូបនេះយកកូនទៅដើរលេងនៅខេត្ត ហើយគ្មានអ្នកមើលថែទៅជាមួយ។
៥- កូនមានគ្រោះថ្នាក់
ម៉ាក់ៗ កែ សានីតា បានឲ្យដឹងថា ព្រោះតែអ្នកមើលថែកូនមិនប្រុងប្រយ័ត្ន ហើយខ្វះការថែទាំដិតដល់ធ្វើឲ្យកូនអ្នកនាងវិះបាត់បង់ជីវិត ២ ដងមានទាំងលង់ទឹកធុង និងឆក់ខ្សែភ្លើង។ អ្នករស់នៅខេត្តកណ្ដាលរូបនេះបន្តទៀតថា អ្នកនាង និងស្វាមីត្រូវមកធ្វើការនៅភ្នំពេញ ដូចនេះហើយទើបតម្រូវឲ្យកូនវ័យ ១ ឆ្នាំនៅផ្ទះជាមួយឈ្នួល តែគេរវល់លេងទូរស័ព្ទមិនបានមើលក្មេងបានល្អ ទើបបណ្ដាលឲ្យជួបហេតុការណ៍នេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]