តើ EQ មានសារៈសំខាន់បែបណា?
EQ មានសារៈសំខាន់សម្រាប់យើងទាំងនៅសាលា និងនៅកន្លែងធ្វើការ។ EQ អាចជួយឲ្យយើងដើរចូលក្នុងសង្គម ឬកន្លែងការងារដែលមានស្ថានភាពរញ៉េរញ៉ៃ និងក៏ជួយឲ្យយើងលើកទឹកចិត្ដអ្នកជុំវិញខ្លួន ឬជួយឲ្យយើងក្លាយជាបុគ្គលិកគម្រូនៅកន្លែងធ្វើការជាដើម។ នាពេលបច្ចុប្បន្ននៅកន្លែងសម្ភាសន៍ការងារ ក្រុមហ៊ុនជាច្រើន ជ្រើសរើសបុគ្គលិកដោយមើលសំខាន់លើ EQ របស់បេក្ខជនដាក់ពាក្យ និងប្រើតេស្ដវាស់ស្ទង់ EQ របស់ពួកគេ មុនពេលសម្រេចចិត្ដជួលបុគ្គលនោះ។
EQ ជួយដល់សុខភាពរាងកាយរបស់យើង៖ ប្រសិនបើយើងមិនចេះគ្រប់គ្រងអារម្មណ៍បានទេ យើងក៏ប្រហែលជាមិនអាចគ្រប់គ្រងស្រ្តេសក្នុងខ្លួនរបស់យើងបានដែរ។ បញ្ហាស្ត្រេសនេះ អាចបណ្ដាលឲ្យសុខភាពរបស់យើងចុះទ្រុឌទ្រោម។ ពេលយើងមិនអាចគ្រប់គ្រងស្ត្រេសបាន អាចបណ្ដាលឲ្យកើតជាជំងឺលើសសម្ពាធឈាម ប្រព័ន្ធការពារក្នុងខ្លួនធ្លាក់ចុះ អាចប្រឈមជាមួយជំងឺគាំងបេះដូង ឬស្ទះដាច់សរសៃឈាមក្នុងខួរក្បាល មិនអាចមានកូន ឬអាចបណ្ដាលឲ្យយើងឆាប់ចាស់មុនអាយុជាដើម។ ដូចនេះវិធីជួយបង្កើនសមត្ថិភាព EQ ដំបូងគេ គឺត្រូវរៀនគ្រប់គ្រង និងកាត់បន្ថយស្ត្រេសចេញពីក្នុងខ្លួនជាមុនសិន។
EQ ជួយដល់សុខភាពផ្លូវចិត្ដ៖ អារម្មណ៍មិនអាចគ្រប់គ្រងបាន ជាមួយបញ្ហាស្ត្រេស អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ដ ធ្វើឲ្យយើងប្រឈមមុខជាមួយជំងឺថប់បារម្ម ឬជំងឺបាក់ទឹកចិត្ដខ្ពស់។ ប្រសិនបើយើងមិនអាចយល់ ឬពិបាកក្នុងការសម្រប ឬមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាន យើងនឹងប្រឈមមុខពិបាកបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ដែលវានឹងបណ្ដាលឲ្យកើតជាអារម្មណ៍ឯកា និងមិនមានអ្នកណានៅជាមួយ។
EQ ជួយក្នុងទំនាក់ទំនងរបស់យើង៖ ពេលយើងអាចយល់ និងអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន យើងក៏អាចបញ្ចេញអារម្មណ៍ ឬយល់អំពីអារម្មណ៍របស់មនុស្សជុំវិញខ្លួនបានកាន់តែប្រសើរ។ ដូចនេះយើងអាចប្រាស្រ័យទាក់ទងជាមួយអ្នកដទៃបានល្អ មិនថានៅកន្លែងធ្វើការ ឬទំនាក់ទំនងក្នុងក្រុមគ្រួសារក៏ដោយ។