កូនប្រកាច់ដោយសារក្ដៅខ្លួន ជាស្ថានភាពដែលកើតឡើងនៅពេលកូនចាប់ក្តៅខ្លួនខ្លាំងភ្លាមៗ ពេលខ្លះប៉ាម៉ាក់មិនអាចដឹងថាកូនក្តៅខ្លួនទៀតផងដោយសារសីតុណ្ហភាពក្នុងខ្លួនកូនកើនឡើងរហ័សពេក។ បន្ទាប់ពីក្តៅខ្លួនដល់កម្រិតមួយហើយ កូនយើងក៏ឈប់ប្រកាច់ភ្លាមដែរ។ ភាគច្រើនក្មេងដែលប្រកាច់តែងក្តៅខ្លួនដល់ទៅ ៣៩ អង្សាសេ ។
ការប្រកាច់ដែលមានមូលហេតុទាក់ទងនឹងការក្តៅខ្លួនមាន៖
- ប្រកាច់ក្នុងកំឡុងពេល ២៤ម៉ោង
- រយៈពេលប្រកាច់តិចជាង ១៥នាទី
- ប្រកាច់ទូទាំងដងខ្លួន មិនមែនតែមួយចំហៀង
- ក្មេងអាយុចន្លោះពី ៦ខែ ទៅ ៥ឆ្នាំ
- ក្មេងមិនមានបញ្ហាប្រព័ន្ធប្រសាទ
- ក្មេងធ្លាប់ប្រកាច់ដោយសារក្តៅខ្លួនពីមុនមក។
យើងជាប៉ាម៉ាក់ប្រាកដជាភ័យខ្លាចពេលឃើញកូនមានស្ថានភាពនេះ តែថាអាការៈនេះមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូន និងមិនធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល បញ្ញារបស់កូននោះទេ។
យើងទំនងជាអាចនិយាយបានថាក្មេង ២ភាគរយ ទៅ៥ភាគរយ នៃក្មេងទាំងអស់ អាចមានបញ្ហាក្តៅខ្លួនប្រកាច់បែបនេះ ក្រៅពីនោះក្មេងអាចប្រកាច់ដោយសារបញ្ហាផ្សេងៗទៀត។ អាការៈក្ដៅខ្លួននេះ ក៏អាចរើឡើងម្តងទៀតអាស្រ័យលើអាយុរបស់ក្មេងដែរ តែប្រហែលជា ៣០ភាគរយ ទៅ៥០ភាគរយ ក្មេងអាចជួបបញ្ហាក្តៅខ្លួនប្រកាច់បែបនេះម្តងទៀតបាន។ ជាការល្អប៉ាម៉ាក់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យបើកូនមានបញ្ហាបែបនេះ។