backup og meta

ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំ មានប្រយោជន៍ចំពោះសុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 01, 2021

    ផឹកទឹកក្ដៅឧណ្ហៗលាយទឹកឃ្មុំ មានប្រយោជន៍ចំពោះសុខភាព

    គ្នា​យើង​ដឹង​ហើយ​ថា​ការ​ផឹក​ទឹក​គឺ​សំខាន់​សម្រាប់​សុខភាព​ណាស់។ ចុះ​បើយើង​បាន​​បន្ថែម​ទឹក​ឃ្មុំ​ទៅ​ក្នុង​ទឹកក្ដៅ​ឧណ្ហៗ​ និង​ផឹក​រាល់ថ្ងៃ​ តើ​ទឹក​ឃ្មុំ​អាច​ផ្តល់​ប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាពយើង? តោះស្វែង​យល់​ទាំងអស់​គ្នា។​

    . បន្ថយ​ឧស្ម័ន​ក្នុង​ពោះវៀន

    ប្រសិន​ជា​យើង​មាន​បញ្ហា​ហើមពោះ ឬ​មាន​អារម្មណ៍​ថា​មាន​ឧស្ម័ន​ក្នុង​ពោះ​ជា​ប្រចាំ​ ការ​ផឹក​ទឹកក្ដៅឧណ្ហៗ​លាយ​ជាមួយ​ទឹក​ឃ្មុំ​អាច​ជួយ​បន្សាប​ឧស្ម័ន​ចេញ​ពី​ពោះវៀនបាន។

    . ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

    ទឹក​ឃ្មុំ​អាចជួយ​​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​របស់​យើង​បាន​យ៉ាង​ល្អ។ ទឹកឃ្មុំ​ធម្មជាតិ​គឺ​អាច​ផ្តល់​ប្រយោជន៍​កាន់តែ​ច្រើន​ដល់​សុខភាព​ដោយសារ​ទឹកឃ្មុំ​ធម្មជាតិ​សំបូរ​ដោយ​អង់ស៊ីម វីតាមីន និង​ជាតិរ៉ែ​ដែល​អាច​ការពារ​យើង​ពី​បាក់តេរី​ផ្សេងៗ។

    . បញ្ចេញ​ជាតិ​ពុល

    ទឹក​ក្ដៅឧណ្ហៗ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ​គឺ​ជា​ជម្រើស​ដ៏​ល្អ​ដើម្បី​បញ្ចេញ​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​យើង។ យក​ល្អ​​យើងអាច​បន្ថែម​ក្រូចឆ្មារ​បន្តិច​ព្រោះ​អាច​ជួយ​ដល់​ការ​បញ្ចុះ​នោមបាន។

    . ស្បែក​ភ្លឺ​រលោង

    ទឹកឃ្មុំ​គឺ​ជា​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម​ធម្មជាតិ​ដែល​អាច​កម្ចាត់នូវ​កាកសំណល់​ផ្សេងៗ ហើយ​ទឹក​ឃ្មុំ​ក៏​ជា​សារធាតុ​ប្រឆាំង​បាក់តេរី​ដែល​អាច​ជួយ​រក្សា​ស្បែក​យើង​ឲ្យ​ស្អាត និង​ភ្លឺរលោង។

    ទឹកឃ្មុំ១

    . ជួយ​សម្រក​ទម្ងន់

    ​យើង​អាច​បារម្ភ​ពី​ជាតិ​ស្ករ​ក្នុង​ទឹកឃ្មុំ ប៉ុន្តែ​ជាតិស្ករ​ក្នុង​ទឹកឃ្មុំ​គឺ​ខុស​ពី​ពពួក​ស្ករ​ស ព្រោះ​ស្ករ​ក្នុង​ទឹកឃ្មុំ​ជា​ស្ករ​ធម្មជាតិ។ ស្ករ​ធម្មជាតិ​អាច​ជួយ​ឲ្យ​​យើង​មិន​ឃ្លាន​អាហារ​មាន​ជាតិស្ករ​ផ្សេងៗ​ដូចជា​នំខេក សូកូឡា និង​ភេសជ្ជៈ​ផ្អែមផ្សេងទៀត។ បើ​​យើង​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​មក​ផឹក​ទឹក​ឃ្មុំ​ យើងអាច​បន្ថយ​កាឡូរី​ដែល​រាងកាយ​ទទួល​បាន​រហូត​ដល់ ៦៤%

    . សម្រួល​ដល់​អាការៈ​ឈឺ ក

    ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ​អាច​ជួយ​សម្រាល​អាការៈ​ឈឺ ក​បាន។ ទឹកឃ្មុំ​ជា​ឱសថ​ធម្មជាតិ​សម្រាប់ជួយ​ព្យា​បាល​​ការ​ឆ្លង​មេរោគ​នៅ​ផ្លូវ​ដង្ហើម និង​អាការៈ​ក្អក។

    . រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម

    ដូច​បាន​លើក​ឡើង​ខាងលើ​ថា​ស្ករ​ក្នុង​ទឹកឃ្មុំ​ជា​ស្ករ​ធម្មជាតិ​ដែល​ជា​ fructose និង glucose។ ស្ករ​ពីរ​ប្រភេទ​នេះ​អាច​ជួយ​រាងកាយ​រក្សា​កម្រិត​ជាតិស្ករ​ក្នុង​ឈាម​ និងបញ្ចុះ​កូលេស្តេរ៉ូល​ដែរ។

    . បង្ការ​ជំងឺ​បេះដូង

    សារធាតុ flavonoids និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ទឹកឃ្មុំ​ជួយ​ការពារ​ និង​បន្ថយ​ហានិភ័យ​ជំងឺបេះដូង។ ការសិក្សា​បង្ហាញ​ថា​ទឹកឃ្មុំ​ពន្យឺត​ដំណើរ​អុកស៊ីតកម្ម​នៃ​ខ្លាញ់​អាក្រក់​នៅ​ក្នុង​ឈាម​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​បេះដូង​ និង​ឈាន​ទៅ​រក​ការគាំង​បេះដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម