ករណីពុលស្រាសនៅកំពង់ឆ្នាំង បើមនុស្ស​ពេញ​វ័យហ៊ានផឹក ៣០០ មិល្លីលីត្រឡើងទៅអាចស្លាប់បាន

    ករណីពុលស្រាសនៅកំពង់ឆ្នាំង បើមនុស្ស​ពេញ​វ័យហ៊ានផឹក ៣០០ មិល្លីលីត្រឡើងទៅអាចស្លាប់បាន

    អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ បាន​រក​ឃើញ​វត្តមាន​សារធាតុ​មេតាណុល​ក្នុង​ស្រា ករណី​ពុល​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​សង្ស័យ​ថា​បណ្តាល​មកពី​ការ​ទទួល​ទាន​ស្រា។

    កាលពី​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២០ មន្ត្រី​ជំនាញ ក.ប.ប នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន បាន​ចុះ​ប្រតិបត្តិ​ការ​ត្រួតពិនិត្យ ស្រាវជ្រាវ និង​ស៊ើបអង្កេត នៅ​ទីតាំង​កើត​ហេតុ​ស្ថិត​ក្នុង​ភូមិ​ជី​ប៉្រង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង និង​សិប្បកម្ម​ផលិតផល​ស្រា​ចំនួន ០៨ កន្លែង ៣ កន្លែង ស្ថិត​ក្នុង​ស្រុក​ទឹក​ផុស និង ៥ កន្លែង​ទៀត​ក្នុង​ស្រុក​កំពង់​ត្រឡាច។

    ក្នុង​ប្រតិបត្តិការ​នេះ​មន្ត្រី​ជំនាញ បាន​ការ​សាកសួរ​ព័ត៌មាន សាវតារ ពាក់ព័ន្ធ​នៃ​ការ​ពុលបាន​ប្រមូល និង​ដក​យក​គំរូ​សំណាក​ស្រា​សរុប​ចំនួន ៧៣ គំរូ ១៨ គំរូ​ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង និង ៥៥ គំរូ ទទួល​បាន​ពី​ទី​តាំង​សិប្បកម្ម ៨ កន្លែង មក​ធ្វើ​ការ​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​របស់​អគ្គនាយកដ្ឋាន ក.ប.ប.។លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​គំរូ​សំណាក​រួមមាន៖

    – ៥ គំរូ​នៃ​ស្រា​ចំនួន ១៦ គំរូ ដែល​ទទួល​បាន​ពី​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត មាន​វត្តមាន​មេតាណុល​ក្នុង​កម្រិត​ខ្ពស់​ចាប់ពី ១០.៥% រហូត​ដល់ ១៧.២៥ % លើស​កម្រិត​អនុញ្ញាត​ដែល​ឲ្យ​ខ្ពស់​បំផុត​ត្រឹមតែ ០.១៥% ប៉ុណ្ណោះ។
    – ៥៥ គំរូ​ដក​ហូត​ពី​សិប្បកម្ម​ចំនួន ៨ កន្លែងផ្សេងគ្នា កំពុង​ធ្វើ​ការ​វិភាគ​បន្ត។

    តាម​រយៈ​លទ្ធ​ផល​ខាងលើ និង​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ ស​បញ្ជាក់​ឲ្យ​ឃើញ​ថា គំរូ​ស្រា​ចំនួន ០៥ ក្នុង​ចំណោម គំរូ​ស្រា​ចំនួន១៦ ខាង​លើ មាន​កម្រិត​មេតាណុល លើស​ពី ១០ ក្រាម ក្នុង ១០០ មីលីលីត្រ​ស្រា ដែល​មាន​ន័យ​ថា៖

    • ក្មេង​ជំទង់​អាច​ពុល​ស្លាប់​បាន ប្រសិនបើ​ទទួល​ទាន​ចាប់​ពី ១០០ មីលីលីត្រ ឡើង​ទៅ
    • មនុស្ស​ពេញ​វ័យ​អាច​ពុល​ស្លាប់​បាន ប្រសិនបើ​ទទួល​ទាន​ចាប់ពី ៣០០ មីលីលីត្រ​ឡើង។

    មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការ​ទទួល​ទាន​ស្រា ដែល​មិន​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ មិន​មាន​ប្រភព​ច្បាស់លាស់ និង​មាន​តម្លៃ​ទាប​ហួស​ហេតុ (មិន​សម​ស្រប​តាម​តម្លៃ​ទីផ្សារ) ដែល​អាច​ជា​ហានិភ័យ បង្ក​គ្រោះ​ថ្នាក់ និង​មិន​មាន​ការ​ទទួល​ខុសត្រូវ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 01/12/2020
    ត្រួតពិនិត្យដោយ ដេត ធន្នី