អាការៈឈឺត្រចៀក គឺពិតជាគួរឲ្យធុញទ្រាន់ខ្លាំងណាស់ ហើយវាក៏អាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ។ ប៉ុន្តែ យើងអាចកាត់បន្ថយបញ្ហានេះបាន តាមរយៈវិធីសាស្ត្រងាយៗតាមបែបធម្មជាតិ។ យ៉ាងណាមិញ ប្រសិនបើការឈឺចាប់នេះ នៅតែបន្តរហូតដល់រយៈពេល២៤ម៉ោងឡើងទៅ យើងគួរតែទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ដើម្បីស្វែងរកមូលហេតុឲ្យបានច្បាស់លាស់ ទើបជាការប្រសើរ។
១.ស្អំទឹកកក
ការស្អំទឹកកក ឬកន្សែងត្រជាក់នៅត្រចៀកដែលឈឺ ប្រមាណ២០នាទី នឹងជួយបន្ថយការឈឺចាប់ ក៏ដូចជាការរលាកណាមួយបានយ៉ាងមានប្រសិទ្ធភាព។
២. ស្អំកន្សែងក្តៅឧណ្ហៗ
ការស្អំកន្សែងក្តៅឧណ្ហៗនៅត្រចៀក ប្រហែល២០នាទី អាចកាត់បន្ថយអាការៈឈឺចាប់ជាបណ្ដោះអាសន្នបាន។ នៅពេលដែលសីតុណ្ហភាពត្រជាក់ អាចជួយសម្រួលដល់ការឈឺចាប់ស្ពឹក និងកាត់បន្ថយការរលាកបានយ៉ាងស័ក្ដិសិទ្ធិ ការស្អំកន្សែងក្តៅអាចជួយបន្ធូរសាច់ដុំ ក៏ដូចជាជួយឲ្យធ្វើឲ្យលំហូរឈាមមានដំណើរការល្អផងដែរ។
៣. គេងដោយមិនដាក់សម្ពាធលើត្រចៀក
ឥរិយាបថគេងមួយចំនួន អាចបង្កឲ្យមានការឈឺចាប់ពីការបង្ករោគនៅត្រចៀកបាន។ ដូច្នេះហើយ នៅពេលដែលយើងមានអាការៈឈឺត្រចៀក ចូរចៀសវាងគេងដោយផ្អឹបត្រចៀកដែលឈឺទៅនឹងខ្នើយ។ ម្យ៉ាងវិញទៀត យើងក៏អាចគេងលើកក្បាលឡើងខ្ពស់ ដោយកើយខ្នើយបន្ថែមផងដែរ។
៤.លំហាត់ប្រាណក
នៅពេលខ្លះ ការឈឺត្រចៀកអាចកើតឡើងបណ្ដាលមកពីសាច់ដុំតឹងណែននៅចង្អូរត្រចៀក ដែលបញ្ចេញសម្ពាធទៅលើបរិវេណនោះ។ នៅក្នុងករណីនេះ លំហាត់ប្រាណកសាមញ្ញៗ ក៏អាចកាត់បន្ថយអាការៈឈឺចាប់ដូចគ្នាដែរ។
ការហាត់ប្រាណទាំងនោះមានដូចជា បង្វិលក និងក្បាលបន្តិចម្តងៗ និងលើកស្មាឡើងខ្ពស់តម្រង់ទៅរកត្រចៀក ជាដើម។
៥. ខ្ញី
ខ្ញីមានសារធាតុប្រឆាំងនឹងការរលោកពីធម្មជាតិ ដែលអាចជួយបន្ធូរការឈឺចាប់ត្រង់ត្រចៀកបាន។ ចូរលាបទឹកខ្ញីនៅបរិវេណខាងក្រៅនៃចង្អូរត្រចៀក ប៉ុន្តែ ចូរកុំលាបវាដោយផ្ទាល់ទៅក្នុងត្រចៀកឲ្យសោះ។
៦. ខ្ទឹមស
ជាមួយគ្នានេះដែរ ខ្ទឹមសមានសារធាតុអង់ទីប៊ីយ៉ូទីក និងបំបាត់ការឈឺចាប់ដែលអាចជួយបន្ថយនូវការឈឺចាប់ផ្សេងៗបាន។ ចូរត្រាំខ្ទឹមសដែលបុកម៉ត់នៅក្នុងប្រេងអូលីវ ឬប្រេងល្ងបីបួននាទី រួចត្រងយកខ្ទឹមសចេញ បន្ទាប់មកទើបយកប្រេងមកលាបនៅក្នុងចង្អូរត្រចៀក។
[embed-health-tool-heart-rate]