ប្តីប្រពន្ធទើបរៀបការ មានត្រឹម ២៥ ភាគរយប៉ុណ្ណោះ ជោគជ័យបង្កកំណើតនៅអំឡុងខែដំបូង ពេលសម្រេចចិត្តយកកូន ខណៈ ៩០ ភាគរយទៀត ជោគជ័យក្នុងអំឡុងពេលមួយឆ្នាំកន្លះ ក្រោយរៀបការ។ មានន័យថា បើយើងចង់បានកូន ហើយ ប្រើពេលអស់ ១ ឆ្នាំកន្លះ នៅតែមិនទាន់មានកូនទៀត គឺអាចប្ដី ឬប្រពន្ធ មានបញ្ហាបង្កកំណើត ពិបាកយកកូន។
ករណីនេះ ទាមទារឲ្យមានការពិនិត្យសុខភាពជាបន្ទាន់ ដោយក្រោយការវាយតម្លៃរួច ពេទ្យអាចចេញវេជ្ជបញ្ជាថ្នាំបង្កកំណើតខ្លះជួយភ្ញោចការបញ្ចេញអ័រម៉ូន ឬធ្វើឲ្យអ័រម៉ូនយើងមានតុល្យភាព និងបញ្ចេញអូវុលបានទៀងទាត់ ដើម្បីបង្កើនឱកាសមានកូន។
ប្រភេទថ្នាំជួយបង្កកំណើត
– ថ្នាំភ្ញោចអូវែ Clomifene citrate (CC)៖ ថ្នាំនេះប្រើចំពោះស្រីៗមានវដ្ដរដូវមិនទៀងទាត់ និងមិនប្រក្រតី។ Clomifene citrate ជាថ្នាំគេនិយមប្រើជាងគេដើម្បីព្យាបាលវិបត្តិអត់កូន ហើយស្រីៗភាគច្រើនតែងប្រើថ្នាំនេះសិន មុននឹងគ្រូពេទ្យចេញវេជ្ជបញ្ជាថ្នាំផ្សេងទៀត ក្នុងករណីថ្នាំនេះគ្មានលទ្ធផល។