ការសម្រាលកូនគឺជាកត្តាធម្មជាតិមួយដែលស្ត្រីត្រូវជួបប្រទះ ហើយរាល់បទពិសោធន៍នៃការសម្រាលកូនរបស់ម៉ាក់ៗពពោះគ្រប់រូបក៏មិនដូចគ្នាដែរ។ ភាគច្រើនស្ត្រីពពោះកូនដំបូងៗ តែងមានអារម្មណ៍ភ័យអរៗ ព្រោះមិនដឹងមានអ្វីនឹងកើតឡើងខ្លះនៅពេលសម្រាល។ ការសម្រាលកូនត្រូវបានចែកចេញជា ៣ ដំណាក់កាល គឺដំណាក់កាលដំបូង ដំណាក់កាលឈឺពោះកើតកូន និងដំណាក់ការសម្រាល។ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ។
១. ដំណាក់កាលដំបូង
ការកន្ត្រាក់ស្បូនតែងមានរយៈពេលចន្លោះពី ៣០-៦០ វិនាទី។ ធម្មតា វាចាប់ផ្ដើម ២០ នាទី/ម្ដង បន្ទាប់មក ផ្លាស់ប្ដូរមក ៥ នាទី/ម្ដង។ ត្រូវសម្គាល់ក្រោយធ្វើចលនាចុះឡើងនៅតែកន្ត្រាក់ ឬយ៉ាងណា អាចនឹងខ្លាំងឡើង ចាប់ផ្ដើមឈឺពីខ្នង រួចផ្លាស់ទីមកខាងមុខវិញ។ សញ្ញាកន្ត្រាក់ដល់ពេលសម្រាល រយៈពេល ៦-៨ ម៉ោងមុន សម្រាប់គ្នាយើងមានកូនដំបូង និង ពី ២-៥ ម៉ោង សម្រាប់គ្នាយើងមានផ្ទៃពោះលើកទី ២ ឬច្រើនជាងនេះ។ ដើម្បីជួយបំបាត់ការឈឺចាប់ ម៉ាក់ៗអាចសម្រាក ងូតទឹក ញ៉ាំអាហារបន្តិចបន្តួច ដើរ និងហាត់ដកដង្ហើមយឺតៗ។