ឡើងមុនក្បាល​ខ្មៅពេលពពោះ ដោះស្រាយ​តាមវិធីនេះ

    ឡើងមុនក្បាល​ខ្មៅពេលពពោះ ដោះស្រាយ​តាមវិធីនេះ

    ស្រីៗ​ច្បាស់​ជា​ឆ្ងល់​ហើយ ពិសេស​អ្នក​ធ្លាប់​ឆ្លង​កាត់​រឿង​ពពោះ និង​សម្រាល​កូន ឆ្ងល់​ជាង​គេ​ជាង​ឯង​តែម្តង មិន​ដឹង​វា​កើត​អី គ្រាន់​ពពោះ​ភ្លាម មុខ​ស្រាប់​តែ​ចេញ​មុន​ក្បាល​ខ្មៅៗ​ពេញ​មុខ។ មុន​ប្រភេទ​នេះ ហៅ​ថា មុន​អ័រម៉ូន “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​មូលហេតុ ​វិធី​ព្យាបាលសម្រាប់​ស្រីៗ​ទាំង​កំពុង​មាន​ផ្ទៃ​ពោះ ក៏​ដូច​ជា​ត្រៀម​ពពោះ​បាន​ដឹង​ទាំង​អស់​គ្នា។

    ១- មូលហេតុ​បណ្តាល​ឲ្យ​ឡើង​មុន​អ័រម៉ូន

    អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អ័រម៉ូន អង់​ដ្រូ​ហ្សែន ​កើន​ឡើង​​ខ្លាំង ហើយ​ការ​ប្រែប្រួល​នេះ​ធ្វើ​ឲ្យ​ក្រពេញ​ជាតិ​ខ្លាញ់​កើន​ឡើង បង្កើត​ជាតិ​ខ្លាញ់ Sebum ច្រើន​ជាង​មុន ទៅ​បាំង​រន្ធ​ញើស នាំ​ឱ្យ​មាន​ការ​រលាក និង​បែក​ចេញ​មក​ក្រៅ។ មុន​អ័រម៉ូន (មុន​ក្បាល​ខ្មៅ) លើ​ស្ត្រី​មាន​ផ្ទៃពោះ ធម្មតា​ចេញ​មក​នៅ​អំឡុង​ត្រីមាស​ទី ១ និង​ត្រីមាស​ទី ២ នៃ​ការ​ពពោះ។

    ២- វិធី​សាស្ត្រ​ថែទាំ

    – មិន​ត្រូវ​លាង​មុខ​ញឹកញាប់​ពេក​ទេ៖ ការ​លាង​សម្អាត​ជ្រុល​ពេក នឹង​ធ្វើ​ឲ្យ​បាត់បង់​ជាតិ​ប្រេង​ធម្មជាតិ​លើ​ផ្ទៃ​មុខ។ ក្រពេញ​ជាតិ​ខ្លាញ់​នឹង​ធ្វើ​ការ​កាន់​តែ​ធ្ងន់ ផលិត​ប្រេង​កាន់​តែ​ច្រើន​ជាង​មុន។ ជាតិ​ប្រេង​លើស​កម្រិត ធ្វើ​ឲ្យ​ធ្លាយ​ចេញ​មក​ក្រៅ ជា​ហេតុ​បង្ក​ឲ្យ​បិទ​រន្ធ​ញើស។ លើស​ពី​នេះ មិន​ត្រូវ​ប្រើ​ទឹក​ក្តៅ​លាង​មុខ​ទេ ព្រោះ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត។ គួរ​លាង​សម្អាត​មុខ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ មិន​មាន​ជាតិ​សាប៊ូ ឬ​ប្រេង។

    – កុំ​ដុស​ខាត់៖ ដុស​ខាត់​មុខ នឹង​កាន់​តែ​ជំរុញ​ក្រ​ពេញ​ខ្លាញ់​ធ្វើ​ការ​កាន់​តែ​ខ្លាំង​លើស​ដើម។ ប្រើតិច​និក​លាង​មុខ​ថ្នមៗ ដើម្បី​កម្ចាត់​ភាព​កខ្វក់​លើ​ស្បែក​វិញ។ ប្រើ​កំណាត់​ទន់ៗ​ដើម្បី​សម្អាត​មុខ​ ដោយ​ដុស​រាង​ដូច​រង្វង់។ ដើម្បី​កម្ចាត់​មេរោគ សូម​ជ្រើស​យក​ផលិត​ផល​ណាគ្មាន​ជាតិ​ប្រេង និង​កុំ​ត្រដុស​មុខ​ឲ្យ​សោះ ​គួរ​ទះ​តិចៗ ឬលាប​សើៗ​វិញ។

    ៣- វិធី​ព្យាបាល​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ

    – ទឹក​ខ្មេះ​ផ្លែ​ប៉ោម Apple cider vinegar៖ យើង​អាច​បង្កើត​ភាព​ម៉ត់​រលោង​ជាមួយ​អង់ស៊ីម​ពី​ធម្មជាតិ និងអាល់ហ្វាអ៊ីដ្រូ​ហ្ស៊ីអាស៊ីដ តាម​រយៈ​ការ​​ប្រើ​ទឹក​ខ្មេះ​ផ្លែ​ប៉ោម​ជាប្រចាំ ដោយ​លាយ​ទឹក ៣ ភាគ ជា​មួយ​ទឹក​ខ្មេះ​ផ្លែ​ប៉ោម មួយភាគ។ ឬ​អាច​ប្រើទឹក​ខ្មេះ​ផ្លែប៉ោម ត្រាំសម្លី​មូលៗ ហើយ​ដាក់​លើ​ផ្ទៃ​មុខ​ដើម្បី​បញ្ចេញ​ចោល​ប្រេង ដែល​យើង​មិន​ត្រូវ​ការ។

    – Baking soda៖ យក Baking soda មួយ​ស្លាប​ព្រា​កាហ្វេ លាយ​ជាមួយ​ទឹក​មួយ​ស្លាព្រា​កាហ្វេ ដើម្បី​​ព្យាបាល​អុជ​ខ្មៅៗ​ទាំង​នោះ។ បន្តក់​លើ​មុន​នីមួយៗ ហើយ​ទុក​ចោល​ឲ្យ​ស្ងួត សឹម​លាង​ចេញ។ Baking soda អាច​ជួយ​កម្ចាត់​ប្រេង​ដែល​លើស ជួយ​ដំណើរការ​ព្យាបាល​កាន់​តែ​មាន​ប្រសិទ្ធភាព។

    – ទឹក​ឃ្មុំ៖ ទឹកឃ្មុំ​ត្រូវ​ពិភពលោក​ទទួល​ស្គាល់​យូរ​ណាស់​មក​ហើយ មាន​ប្រសិទ្ធភាព​ព្យាបាល ការពារ​បាក់តេរី​ និង​ការ​បង្ក​រោគ​ផ្សេងៗ។ វិធី​ប្រើ​​ទឹក​ឃ្មុំ គឺ​ដំបូង​លាង​មុខ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​លាប​ទឹកឃ្មុំ​លើ​មុន ទុក​ចោល​ប្រហែល​ជា ២០-៣០ នាទី បន្ទាប់​មក​លាង​ចេញ​ជាមួយ​ទឹក​ស្អាត។ ទឹក​ឃ្មុំ​នឹង​កម្ចាត់​កន្លែង​មាន​បញ្ហា ធ្វើ​ឲ្យ​ស្បែក​ម៉ត់​រលោង។

    – ប្រេង​ដូង៖ ប្រេង​ដូង មាន​ប្រសិទ្ធភាព​កម្ចាត់​ស្បែក​ស្ងួត។ យក​ប្រេង​ដូង​សុទ្ធ លាប​ស្តើងៗ​មុន ពេល​ចូល​គេង នឹង​ធ្វើ​ឲ្យ​​ស្បែក​ស្អាត។ ប្រេង​ដូង ប្រឆាំង​ពពួក​ផ្សិត និង​បាក់តេរី។

    – ស្រូវ​សាលី និង​ត្រសក់៖ ត្រសក់ និង​ស្រូវ​សាលី នាំ​ធ្វើ​ឲ្យ​ស្បែក​ត្រជាក់ និង​កម្ចាត់​កន្លែង​មាន​បញ្ហា។ កិន​ត្រសក់​ជា​មួយ​ស្រូវ​សាលី យក​ដាក់​ក្នុង​ទូ​ទឹកកក បន្ទាប់​មក​លាប​វា​លើ​ស្បែក ១០-១៥ នាទី ចាំ​លាង​ចេញ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Pregnancy Acne: 6 All-Natural Treatments. http://www.healthline.com/health/pregnancy/acne-remedies Accessed April 17, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Khlaut Rithy កែសម្រួល​ចុងក្រោយ 29/12/2020
    ត្រួតពិនិត្យដោយ គឹម កាណែល