តារាស្រីល្បីៗដែលមានកូនហើយ ដូចជា តារាម៉ូដែល Kim Kardashian តារាចម្រៀង Hilary Duff ហើយសូម្បីតែភរិយាតារាបាល់ទាត់អង់គ្លេស Wayne Rooney បានបង្កើតទម្លាប់ថ្មី គឺ៉ញ៉ាំសរីរាង្គសុករបស់ខ្លួនឯង ក្នុងទម្រង់ជាថ្នាំគ្រាប់ ឬចម្អិនឲ្យឆ្អិន។
តាមសារព័ត៌មានអង់គ្លេស Daily Mail ទំនោរថ្មីនេះ ក៏ព្រោះតែតារាល្បីៗខាងលើ ឮ និងជឿតៗគ្នាថា ញ៉ាំសរីរាង្គក្នុងខ្លួន នឹងជួយជំរុញជាតិដែកក្នុងខ្លួន ជួយអារម្មណ៍បានប្រសើរ និងធ្វើឲ្យសម្បូរទឹកដោះសម្រាប់បំបៅកូន។
ទោះជាយ៉ាងណា ទាក់ទិននឹងដំណឹងខាងលើ ដែលថាធ្វើឲ្យមានជាតិដែក និងជំនួយដល់រាងកាយនោះ សមាគមក្រុមគ្រូពេទ្យឯកទេសផ្នែកសម្ភព និងក្រុមគ្រូពេទ្យជំនាញ ផ្នែកសិក្សាប្រព័ន្ធសរីរាង្គបង្កកំណើតស្រ្តី បានច្រានចោលទាំងស្រុង ដោយអះអាង សរីរាង្គនោះពុំបានផ្តល់ប្រយោជន៍អ្វីនោះទេ ហើយថែមទាំងបង្កគ្រោះថ្នាក់ទៅវិញ ព្រោះពួកគេរកឃើញថា នៅក្នុងសុកមនុស្សមានផ្ទុកបាក់តេរី អាចបង្កឲ្យឆ្លងរោគពីម្តាយទៅកូនទៀតផង តាមរយៈការបំបៅដោះ។