១- បន្លែស្លឹកពណ៌បៃតង
ញ៉ាំបន្លែបៃតង គឺដើម្បីការពារភ្នែកពីជំងឺខូចបាតភ្នែក (ខូចស្រទាប់រ៉េទីន ធ្វើឲ្យមើលលែងឃើញបន្តិចម្តងៗ) ដោយបន្លែពណ៌បៃតងចាស់ ដូចជា ខាត់ណា ពពួកស្ពៃខ្មៅ សាលាដ សុទ្ធតែជាបន្លែត្រូវមានលើតុអាហារប្រចាំ ដោយសារវាសម្បូរទៅដោយសារធាតុ Lutein និង Zeaxanthin ដែលជាសារធាតុសំខាន់ ប្រឆាំងអុកស៊ីតកម្មក្នុងខ្លួន និងការពារការខូចខាតកោសិកា។
បន្លែស្លឹកពណ៌បៃតងនេះ ក៏សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ជួយភ្នែកមានសុខភាពល្អផងដែ រួមមាន វីតាមីន C ប្រឆាំងជំងឺខូចស្រទាប់បាតភ្នែកពេលចាស់ និងភ្នែកឡើងបាយ និងសារធាតុបេតាកូរ៉ូទែន (Beta carotene) ដែលជាទម្រង់មួយរបស់វីតាមីន A ជួយការពារជំងឺខូចស្រទាប់បាតភ្នែកពេលវ័យកាន់តែចាស់ និងភ្នែកឡើងបាយ ក៏ដូចជា ជំងឺខ្វាក់មាន់ ផងដែរ។
សារធាតុ Lutein និង Zeaxanthin សុទ្ធតែសំខាន់សម្រាប់សុខភាពភ្នែក ព្រោះវាមានច្រើននៅក្នុងស្រទាប់បាតភ្នែក និងស្រទាប់សម្រាប់ទទួលគំហើញកណ្តាលទៀតផង។
ជាងនេះទៅទៀតសារធាតុ Lutein មាននៅក្នុងសារធាតុពណ៌នៃស្រទាប់បាតភ្នែក (Macular) ជួយការពារគំហើញកណ្តាល និងជួយស្រូបយកពន្លឺពណ៌ខៀវ ហើយសារធាតុ Zeaxanthin វិញ មាននៅក្នុងស្រទាប់រ៉េទីន។
២- ដំឡូងជ្វា
បន្លែ និងផ្លែឈើ ពណ៌ទឹកក្រូចស្រស់ ជាពិសេសដំឡូងជ្វាពណ៌ទឹកក្រូច គឺបញ្ជាក់ថា សម្បូរសារធាតុ បេតាកូរ៉ូទែន ដែលជាសារធាតុដើមនៃវីតាមីន A ជំនួយដល់សុខភាពភ្នែក។ ពពួកអាហារនេះ ជាប្រភពដ៏ល្អនៃវីតាមីន A និង C ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារភ្នែកពីជំងឺខូចបាតភ្នែកពេលចាស់ទៅ និងជំងឺភ្នែកឡើងបាយ។