ជាតិខ្លាញ់លើអណ្តាតច្រើន ជាមូលហេតុអ្នកធាត់ៗស្រមុក ឬស្ទះដង្ហើមពេលគេង
តាមលទ្ធផលស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ជាតិជាលិកាខ្លាញ់ផ្តុំជាប់លើសេរីរាង្គអណ្តាតច្រើន ជាដើមហេតុមួយបង្កឱ្យមានបញ្ហា ស្រមុក ឬស្ទះដង្ហើមនៅពេលគេង ពិសេសកើតមានលើអ្នកធាត់ៗ។

ការសិក្សាមួយធ្វើឡើងដោយសាលាវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ Pennsylvania បានរកឃើញថា អ្នកដែលមានបញ្ហាលើសទម្ងន់ច្រើន កើតមានជាតិជាលិកាខ្លាញ់ទៅប្រមូលផ្តុំលើសេរីរាង្គអណ្តាត ជាហេតុនាំឱ្យអ្នកទាំងនោះភាគច្រើនជួបបញ្ហា ស្ទះដង្ហើមនៅពេលគេង ឬភាសាបច្ចេកទេសហៅថា Obstructive Sleep Apnea (OSA)។ អាការៈសម្គាល់សញ្ញា នៃ OSA មានដូចជា ការគេងស្រមុកឮៗ និងក្រោកឡើងនៅមានអារម្មណ៍អស់កម្លាំង ទោះបីបានគេងពេញម៉ោងក៏ដោយ។
ដើម្បីរកដំណោះស្រាយពីបញ្ហា ក្រុមការងារនៃសាលាវេជ្ជសាស្រ្តខាងលើ បានពិសោធសាកល្បងលើអ្នកស្ម័គ្រចិត្ត៦៧នាក់ ដែលជាអ្នកជួបបញ្ហាស្ទះដង្ហើម និងលើសទម្ងន់។ តាមរយៈការពិសោធ ក្រុមអ្នកស្ម័គ្រចិត្តបានតម្រូវឱ្យសម្រកទម្ងន់ក្នុងរយៈពេល៦ខែ ជាលទ្ធផលសម្រេចបានពួកគេបានស្រក១០%នៃទម្ងន់ខ្លួន។
អត្ថបទពាក់ព័ន្ធ៖
ក្រោយពីក្រុមអ្នកស្ម័គ្រចិត្តសម្រកទម្ងន់រួច ក្រុមការងារបានប្រើបច្ចេកទេស ស្កេន MRI តាមដានពីបម្រែបម្រួលឃើញថា ពេលទម្ងន់ក្រុមអ្នកស្ម័គ្រចិត្តស្រក ក៏មានបម្រែបម្រួលជាលិកាជាតិខ្លាញ់លើអណ្តាតថយចុះផងដែរ ដែលបានធ្វើឱ្យប្រព័ន្ធដង្ហើមពួកគេបានប្រសើរជាងមុនបាន៣០%នៅពេលគេង។
ឃើញពីលទ្ធផលវិជ្ជមានដូច្នេះ លោកវេជ្ជបណ្ឌិត Richard Schwab ជាសាស្រ្តាចារ្យដឹកនាំការស្រាវជ្រាវបានជំរុញទឹកចិត្ត ឱ្យមនុស្សគ្រប់គ្នាយកចិត្តទុកដាក់ ថែរក្សាទម្ងន់ខ្លួន មិនឱ្យឡើងលើសទម្ងន់ពេក ដើម្បីចៀសឆ្ងាយពីបញ្ហាដង្ហើមខាងលើ ដែលការរក្សាទម្ងន់នោះ មានដូចជាវិធីសាមញ្ញ ក្នុងជីវភាពរស់នៅដូចជា ការហាត់ប្រាណ ការញ៉ាំអាហារល្អសម្រាប់សុខភាពជាដើម៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕