១- ជាតិដែកជាអ្វី?
ជាតិដែក ជាសារធាតុរ៉ែនៅក្នុងរាងកាយ ជាផ្នែកមួយនៃហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាសារធាតុនៅក្នុងកោសិកាឈាមក្រហម នាំឈាមមានអុកស៊ីហ្សែន ទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ។
ហេម៉ូក្លូប៊ីន មិនអាចបង្កើតបានទេ បើរាងកាយយើងខ្វះជាតិដែក បណ្ដាលឲ្យយើងមាន ស្លេកស្លាំង នេះឯង។ ជំងឺស្លេកស្លាំងប្រភេទនេះ កើតឡើងនៅពេលរាងកាយផលិតហេម៉ូក្លូប៊ីនមិនគ្រប់គ្រាន់ ដោយកង្វះនូវជាតិដែក វីតាមីនសំខាន់មួយចំនួន និងកត្តាមួយចំនួនទៀត។ ក្នុងករណីខ្លះ យើងអាចមានរោគសញ្ញា ដូចជា អស់កម្លាំង ឆាប់ខឹង ដង្ហើមខ្លី សន្លប់ដោយគ្មានអុកស៊ីហ្សែនគ្រប់គ្រាន់ក្នុងឈាម។
២- គុណសម្បត្តិនៃជាតិដែក
មុខងារសំខាន់ជាតិដែក គឺនាំអុកស៊ីហ្សែនទៅចិញ្ចឹមកោសិកាពេញរាងកាយ និងជាធាតុផ្សំចម្បង ដែលដឹកជញ្ជូនអុកស៊ីហ្សែនពីសួត ទៅគ្រប់ផ្នែកនៃរាងកាយ ខណៈថ្លើម និងសាច់ដុំ ជាកន្លែងស្តុកទុកជាតិដែកនេះ។
ជាតិដែក មានច្រើននៅក្នុងអាហារ ដោយចែកចេញជា ២ទម្រង់ ដូចជា ជាតិដែកទម្រង់ Haem មានផ្ទុកនៅក្នុងសាច់សត្វ ដូចជា ត្រី និងសាច់សុទ្ធចំណែកជាតិដែកទម្រង់ Non-haem ភាគច្រើនមាននៅក្នុងសណ្ដែក និងបន្លែបៃតង។ រាងកាយស្រូបយកជាតិដែក Haem ងាយជាងជាតិដែក Non-haem។ អាហារមួយចំនួនផ្សេងទៀត ដូចជា នំប៉័ង គ្រាប់ធញ្ញជាតិ និងម្សៅ សុទ្ធតែមានផ្ទុកជាតិដែក។