មេឃក្ដៅម្លឹងៗ បើខ្សោះជាតិទឹកខ្លាំង ប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤ យ៉ាង

    មេឃក្ដៅម្លឹងៗ បើខ្សោះជាតិទឹកខ្លាំង ប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរ ៤ យ៉ាង

    ពេល​ថ្ងៃ​ឡើង ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​មក​ធ្វើ​ឲ្យ​មេឃ​ក្ដៅ​ហែង គ្នា​យើង​ចេញ​ទៅ​ក្រៅ​ម្ដង​ៗ ធុញ​ទ្រាន់​នឹង​បែក​ញើស​ពេញ​ខ្លួន​តែ​ម្ដង។ ចំណែក​ខ្លះ​ទៀត ធុញ​នឹង​ត្រូវ​ចូល​បន្ទប់​ទឹក​ច្រើន​លើក ដោយសារ​ញ៉ាំ​ទឹក​ច្រើន ខ្លាច​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ព្រោះ​អាកាសធាតុ​ក្ដៅ​ពេក។ ប៉ុន្តែ បើ​យើង​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​ក្នុង​រាងកាយ សុខភាព​យើង​នឹង​ប្រឈម​បញ្ហា​ច្រើន។

    ពេល​ខ្លះ បញ្ហា​ខ្សោះ​ជាតិ​ទឹក​កើត​ឡើង​ដោយ​សារ​ហេតុ​ផល​សាមញ្ញៗ​ដូច​ជា អាកាសធាតុ​ក្ដៅ​ខ្លាំង ឬ​យើង​ញ៉ាំ​ទឹក​មិន​គ្រប់​គ្រាន់​ដោយសារ​យើង​រវល់​ពេក ភ្លេច​ញ៉ាំ​ទឹក​ក៏​ថា​បាន។ ក្រៅ​ពី​នេះ ខ្សោះ​ជាតិ​ទឹក​អាច​កើត​ឡើង​បាន​ដោយ​សារ​រាករូស ក្អួត​ខ្លាំង គ្រុន​ក្ដៅ ឬ​នោម​ញឹក​ញាប់​ពេក ហើយ​បើ​យើង​មិន​ខ្វាយ​ខ្វល់​បំពេញ​ជាតិ​ទឹក​ក្នុង​រាងកាយ​គ្រប់​គ្រាន់​ទេ ច្បាស់​ជា​ប្រឈម​គ្រោះ​ថ្នាក់។

    គណនា BMI នៅទីនេះ

    បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ៤យ៉ាង បង្ក​ដោយ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង

    ១. រងប៉ះពាល់ដោយកម្ដៅថ្ងៃ ៖ ប្រសិន​បើ​យើង​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់​ទេ ហើយ​យើង​ហាត់ប្រាណ ឬ​បែក​ញើស​ច្រើន​នោះ អាច​ប្រឈម​នឹងរងប៉ះពាល់ដោយកម្ដៅថ្ងៃដៅ​ក្នុង​រាងកាយ ចាប់​ពីរ​មួល​សាច់​ដុំ ទៅ​ហត់ ល្ហិតល្ហៃ ឬ​អាច​សន្លប់​ដោយ​កម្ដៅថែម​ទៀត​ផង។

    ២. បញ្ហា​ផ្លូវទឹក​នោម និង​តម្រង​នោម៖
    ការ​ខ្វះ​ជាតិ​ទឹក​យូរ ឬ​ម្ដង​ហើយ​ម្ដង​ទៀ​អាច​បណ្ដាល​ឲ្យ​មាន​រលាក​បំពង់​ទឹក​នោម កើត​ក្រួស​ក្នុង​តម្រង​នោម និង​អាច​បណ្ដាល​ឲ្យ​ខ្សោយ​តម្រង​នោម។

    ៣. ប្រកាច់៖ អេឡិច​ត្រូ​លីត​ដូច​ជា ប៉ូតាស្យូម និង​សូដ្យូម​ជួយ​បញ្ជូន​សញ្ញា​អគ្គិសនី​ពី​កោសិកា​មួយ​ទៅ​កោសិកា​មួយ​ទៀត។ ប្រសិន​បើ​អេឡិច​ត្រូ​លីត​មិន​មាន​តុល្យភាព​សារ​អេឡិច​ត្រូ​និក​ធម្មតា​អាច​លាយ​បញ្ចូល​គ្នា​ដែល​អាច​នាំ​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់ដុំ​ដោយ​ឯកឯង​ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​បាត់​បង់​ស្មារតី។

    ៤. ស្ហុកដោយសារបាត់បង់ជាតិទឹក៖ បើ​យើង​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​រហូត​ដល់​ដំណាក់​កាល​នេះ វា​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​បាន។ វា​កើត​ឡើង​នៅ​ពេល​ដែល​បរិមាណ​ជាតិទឹក​ធ្លាក់​ចុះខ្លាំង បណ្ដាល​ឲ្យ​សម្ពាធ​ឈាម​ក៏​ធ្លាក់​ចុះ ជា​ហេតុ​កម្រិត​អុកស៊ីសែនក្នុង​រាងកាយ​ធ្លាក់​ចុះ។

    តិចនិក​ថែ​សុខភាព​ពេល​អាកាសធាតុ​ក្ដៅ ចៀស​វាង​ខ្សោះ​ជាតិ​ទឹក

    • ផឹក​ទឹក​ឲ្យ​បាន​ច្រើន​​ ទោះបី​ជា​មិន​ស្រេក​ទឹក​ក៏​ដោយ
    • ចៀសវាង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន និង​អាល់កុល
    • ផឹក​ទឹក​ ឬភេសជ្ជៈត្រជាក់ និង​ញ៉ាំ​អាហារ​ត្រជាក់​ដូចជា សាឡាត់ និងផ្លែឈើ
    • ស្លៀក​ពាក់​ខោ​អាវ​ដែល​មាន​ពណ៌​ស្រាល ស្ដើងៗ និង​រលុង
    • កុំ​នៅ​ក្រោម​កម្ដៅ​ថ្ងៃយូរពេក និងរក​កន្លែង​មាន​ម្លប់​។

    ខ្សោះ​ជាតិ​ទឹក​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 23/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត