ចាស់ៗពីដើម ចូលចិត្តត្រងទឹកភ្លៀងទុកប្រើប្រាស់ ឲ្យតែរដូវភ្លៀងចូលមកដល់ ត្រៀមពាង ត្រៀមប៉ោត ទឹកឆៅ ក្មេងជំនាន់ឆ្នាំ ៨០ ទើបដឹងច្បាស់រឿងនេះ។ ចុះទឹកឆៅ សម្តៅលើទឹកធម្មជាតិ ទឹកហូរចូលបឹង ទឹកអណ្តូង ដែលទទួលបានពីទឹកភ្លៀង មិនទាន់បានចម្រោះ ឬដាំឲ្យឆ្អិន ដែលអ្នកស្រុកស្រែចម្ការចំណាំផឹក មានផលប៉ះពាល់ ឬគុណប្រយោជន៍អីខ្លះ? ស្វែងយល់ជាមួយ “Hello គ្រូពេទ្យ’ ទាំងអស់គ្នា។
១- គុណសម្បត្តិទឹកឆៅ
– សម្បូរជាតិរ៉ែ៖ ទឹកឆៅពីធម្មជាតិ “ទឹកភ្លៀង’ សម្បូរទៅដោយសារធាតុរ៉ែជាច្រើន បើប្រៀបទៅនឹងទឹកក្បាលរ៉ូប៊ីនេ ព្រោះទឹកភ្លៀងនៅមានសារធាតុរ៉ែពីធម្មជាតិ ពុំបានឆ្លងកាត់ការបន្សុទ្ធ ឬត្រូវការដាក់ថ្នាំ Fluoride នោះទេ។ ថ្នាំ Fluoride នេះត្រូវបានគេប្រើបង់នៅក្នុងប្រភពទឹកញ៉ាំចាប់តាំងពីឆ្នាំ ១៩៤៥ (នៅសហរដ្ឋអាមេរិក)។
– មានជាតិក្បុង (Alkaline)៖ ជាតិក្បុង ឬអាល់កាឡាំង (Alkaline) សម្តៅទៅលើកម្រិត pH ខ្ពស់នៅក្នុងទឹក។ កម្រិត pH មានចាប់ពី ១-១៤ បង្ហាញពីកម្រិតជាតិអាស៊ីដ និងជាតិក្បុងក្នុងអាហារ ឬទឹក។ កម្រិត pH ត្រឹមលេខ៧ ចាត់ទុកថាធម្មតា pH មានកម្រិតទាប បង្ហាញថាមានជាតិអាស៊ីដខ្លាំង ខណៈ pH មានកម្រិតខ្ពស់ មានន័យថាមានជាតិក្បុងខ្លាំង។
កាលណាទឹកសម្បូរជាតិក្បុងខ្លាំង គឺជួយបន្សាបជាតិអាស៊ីដនៅក្នុងរាងកាយ ប្រឆាំងភាពចាស់ ជួយជំរុញប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ប្រឆាំងជំងឺមហារីក។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តនៅកំពុងសិក្សាស្រាវជ្រាវលើករណីនេះនៅឡើយ។
– មានបាក់តេរីល្អ៖ ទឹកឆៅពីទឹកភ្លៀងធម្មជាតិ អាចមានផ្ទុកបាក់តេរីល្អ តែក៏អាស្រ័យទៅតាមតំបន់ផងដែរ ជាឧទាហរណ៍ទឹកភ្លៀងធម្មជាតិនៅប្រទេសអ៊ីស្លង់ អាចហូបបានដោយសុវត្ថិភាព តែយ៉ាងណា នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន តួយ៉ាងប្រទេស យ៉េមែន ការផឹកទឹកភ្លៀងធម្មជាតិ ពិតជាគ្រោះថ្នាក់ដល់សុខភាព ព្រោះវាសម្បូរបាក់តេរីមិនល្អ។
![ទឹកភ្លៀង១](https://cdn.hellokrupet.com/wp-content/uploads/2019/06/ទឹកភ្លៀង១_Helloគ្រូពេទ្យ.jpg)
២- គុណវិបត្តិ
ទន្ទឹមនឹងគុណសម្បត្តិពីទឹកឆៅ ទឹកភ្លៀងធម្មជាតិ វាក៏មានគុណវិបត្តិដូចគ្នា ដោយទឹកភ្លៀងធម្មជាតិមានផ្ទុកបាក់តេរី វីរុស និងសមាសធាតុគីមីលាយឡំជាមួយផង។
– ទឹកភ្លៀងធម្មជាតិមានដោយបាក់តេរីបង្កមេរោគ៖ ដោយគ្មានការចម្រោះសម្អាត និងបន្សុទ្ធត្រឹមត្រូវ ទឹកភ្លៀងធម្មជាតិ មានដោយហានិភ័យបង្កមេរោគ ប្រកបដោយគ្រោះថ្នាក់។ មេរោគទាំងនោះ អាចបង្កឲ្យរាករូស អាសន្នរោគ ឆ្លងមេរោគក្នុងឈាម អាចបង្កគ្រោះថ្នាក់ដល់បាត់បង់ជីវិតទៀតផង។
ការសិក្សា ៣ ករណីនេះ នៅប្រទេសកូរ៉េខាងត្បូង និងម៉ុងហ្គោលី ឃើញថា ទឹកភ្លៀងធម្មជាតិមានផ្ទុកបាក់តេរីអ៊ីកូឡាយ (E.Coli) ដែលបង្កជាជំងឺ ធ្វើឲ្យប្រព័ន្ធស៊ាំការពាររាងកាយមនុស្សចុះខ្សោយ។
– ផ្ទុកសារធាតុគីមី៖ ទឹកភ្លៀងធម្មជាតិ អាចមានសមាសធាតុគីមី ដូចជា អាស៊ីដអាសេនិច ទង់ដែង វិទ្យុសកម្ម ក៏ដូចជា សារធាតុគីមីពុលមួយចំនួនទៀត ដូចនេះ ទឹកភ្លៀងប្រភេទនេះ អាចបង្កឲ្យមនុស្សឈឺ រហូតដល់បាត់បង់ជីវិតក៏មាន។
ទឹកភ្លៀងអាចថ្លា បរិសុទ្ធ ប៉ុន្តែវាមានលាយឡំនឹងបាក់តេរី ក៏ដូចជាសមាសធាតុគីមីមកជាមួយផង។ អ្នកជំនាញសុខភាពជាច្រើន បានណែនាំសម្រាប់អ្នកចូលចិត្តផឹកទឹកតាមបែបធម្មជាតិ ក៏គួរឆ្លងកាត់ការត្រួតពិនិត្យដោយស្តង់ដារត្រឹមត្រូវ តួយ៉ាងនៅបណ្តាប្រទេសជឿនលឿនមួយចំនួន គេអាចញែកផលិតទឹកភ្លៀងធម្មជាតិបាន ដោយយកតែគុណប្រយោជន៍របស់វា ប៉ុន្តែវាក៏មានតម្លៃថ្លៃផងដែរ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕