៣ចំណុច ក្រើនរំឭកបន្ថែមពីការលាងដៃកុំឲ្យឆ្លង COVID-19
ការលាងសម្អាតដៃបានស្អាត ជាវិធានការសំខាន់មួយក្នុងចំណោមវិធានការសំខាន់ៗមួយចំនួនទៀត ដើម្បីចៀសវាងពីការឆ្លងមេរោគផ្លូវដង្ហើម COVID-19។ ទន្ទឹមនឹងការណែនាំឱ្យលាងសម្អាតដៃឱ្យបានស្អាតល្អ ដែលប្រើពេលម្តងប្រមាណ៤០វិនាទី អ្នកជំនាញសុខាភិបាល ក៏បានរំលឹកចំណុចមួយចំនួនបន្ថែម ដើម្បីបង្កើនប្រសិទ្ធិភាពដល់វិធានការការពារ។

លាងដៃ ដោយប្រើទឹកស្អាតថ្មី
ជារឿងល្អបំផុត ដែលយើងមានទឹកស្អាតថ្មីៗចេញពីរូប៊ីណេ សម្រាប់លាងសម្អាតដៃ។ ដោយឡែក ការលាងសម្អាតដៃ នឹងទឹកទុកចោលយូរក្នុងធុង ឬទឹកក្នុងចានដែកដាក់នៅទីវាល ដែលក្នុងទឹកនោះអាចនៅមានមេរោគមួយចំនួននៅជាប់នៅទីនោះ ដែលអាចបង្កទុក្ខទោសបាននៅពេលយើងលាងដៃមិនបានស្អាត។ យ៉ាងណាមិញ បើយើងពុំមានជម្រើសច្រើន ការលាងសម្អាតដៃ នៅតែជាជម្រើសប្រសើរ ដោយប្រើសាប៊ូសម្រាប់លាងឱ្យបានស្អាតល្អ។

អត្ថបទពាក់ព័ន្ធ៖
- ចិនអាចនឹកដាក់ឱ្យប្រើវ៉ាក់សាំងប្រឆាំងវ៉ីរុស COVID-19 នៅខែក្រោយ
- វីរុស Covid-19 អាចសម្ងំក្នុងខ្លួនយើងដល់ទៅ ២៧ថ្ងៃ ទើបចេញរោគសញ្ញា
គួរចៀសវាង ប៉ះពាល់វត្ថុមួយចំនួននៅទីសាធារណៈ
ចៀសវាងប៉ះផ្ទាល់លើ ដៃទ្វារ ដៃចុចទឹកក្នុងបង្គន់សាធារណៈ ឬក្បាលចុចទឹករូប៊ីណេ ព្រោះវត្ថុទាំងនោះក៏នឹងនៅជាប់មេរោគដែលយើងមិនអាចមើលនឹងភ្នែកឃើញ។ អាចប្រើកន្សែង កំណាត់ជូត ស្រោមដៃ កែងដៃ ឬវិធីងាយស្រួលណាមួយសម្រាប់យើង ដែលអាចចៀសវាងការប្រើម្រាមដៃប៉ះពាល់លើវត្ថុទាំងនោះ ដើម្បីបង្ការការភ្លេចខ្លួន យកម្រាមដៃប៉ះពាល់ភ្នែក ច្រមុះ មាត់ដោយចៃដន្យ។
អត្ថបទពាក់ព័ន្ធ៖
ចៀសវាង ការដាក់ទឹកសម្រាប់លាងសម្អាតដៃ ក្បែរក្មេងៗ
ទឹកសម្រាប់លាងសម្អាតដៃ ក្នុងដបផ្សេងៗ ដោយពុំបានប្រាប់ដល់ក្មេងៗបានត្រឹមត្រូវ មិនថាក្មេងៗនៅជាមួយយើង ឬក្មេងៗមកខាងក្រៅ អាចជារឿងគ្រោះថ្នាក់ព្រោះអាចប៉ះពាល់ខ្លាំងដល់ក្មេង បើសិនបើក្មេងៗច្រឡំលេប ឬផឹក។ ដូចនេះ ជាការប្រុងប្រយ័ត្នខ្ពស់ គួរគប្បីកុំទុក ទឹកលាងដៃ ឬអាល់កុលក្បែរដៃកូនក្មេង។
ជាការក្រើនរំលឹកចុងក្រោយ អ្នកជំនាញសុខភិបាលជាច្រើនបានណែនាំ ឱ្យលាងសម្អាតដៃឱ្យបានស្អាតល្អ ពោលគឺប្រើពេលម្តងយ៉ាងតិច៤០វិនាទី ដើម្បីលាងសម្អាតគ្រប់លើប្រអប់ដៃ៕