ការ​ប្រើ​ក្រុមថ្នាំ Alpha Blockers ព្យាបាល​លើស​ឈាម

    ការ​ប្រើ​ក្រុមថ្នាំ Alpha Blockers ព្យាបាល​លើស​ឈាម

    លើសឈាម បើជ្រុលកើតហើយ គឺត្រូវរ៉ាំរ៉ៃអស់មួយជីវិត។ អ្នកលើសឈាម ត្រូវលេបថ្នាំលើសឈាម (បញ្ចុះឈាម) ជាប្រចាំ​ជា​រៀង​រហូត។ “Hello គ្រូពេទ្យ” នឹងលើក​យក​ថ្នាំ​បញ្ចុះ​ឈាម​ប្រភេទ Alpha Blockers ​ឲ្យ​គ្នាយើង​ទាំងអស់គ្នាស្វែងយល់។

    ១- ឈ្មោះក្រុម​ថ្នាំ Alpha Blocker គួរដឹង

    ថ្នាំ Alpha Blocker ជា​ក្រុមថ្នាំ​មួយ​ប្រភេទដែល​មាន​សកម្មភាព​លើ​ រេស៊ីបទ័រ អាល់ហ្វា (Alpha-adrenergic antagonist) អាច​​ព្យាបាល​ជំងឺ​លើស​ឈាម​បាន។ ថ្នាំ​ខ្លះ​នៃប្រភេទក្រុមថ្នាំនេះ មាន​សកម្មភាព​លឿន តែ​មាន​ប្រសិទ្ធភាព​មិន​បានយូរ​ ឯ​ថ្នាំ​ខ្លះ​មាន​សកម្មភាព​យឺត​ ប៉ុន្តែ​ប្រសិទ្ធភាព​បាន​យូរ។ ពេទ្យ​នឹង​​រើស​ថ្នាំ​ដែល​ល្អ​បំផុត​សម្រាប់​ស្ថានភាព​អ្នក​ជំងឺ។

    ខាង​ក្រោម​នេះជា​ឈ្មោះថ្នាំ​ខ្លះៗក្នុងប្រភេទ Alpha Blockers ​ដែល​មានតាមឱសថ​ស្ថាន​៖

    – Doxazosin mesylate

    – Prazosin hydrochloride

    – Terazosin hydrochloride

    ២- គួរប្រើ Alpha Blocker ពេលណា?

    Alpha Blocker ​មិន​មែន​ជា​ថ្នាំ​ជម្រើស​ទី​១ ​ក្នុង​ការ​ព្យាបាល​លើសឈាមទេ​ ​ប៉ុន្តែគេ​​ប្រើ​វាជាមួយថ្នាំ​លើសឈាម​ផ្សេង​ទៀត​ដើម្បីបញ្ចុះសម្ពាធឈាម​ ក្នុង​ករណី​​សម្ពាធ​ឈាម​​​ពិបាក​គ្រប់​គ្រង។

    ទោះ​បី​ក្រុមថ្នាំថ្នាំ​នេះមានប្រសិទ្ធភាពខ្ពស់ ពេលសម្ពាធឈាមឡើងខ្ពស់ក៏ដោយ វា​មិន​ល្អ​ដូច​ថ្នាំ​លើស​ឈាម​ផ្សេង​ទៀត​សម្រាប់​​ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ និង​គាំង​បេះដូង​ទេ។ Alpha Blocker ​ត្រូវ​ណែនាំ​ឲ្យប្រើ ​ពេល​​ថ្នាំ​ផ្សេងទៀតមិន​មាន​ប្រសិទ្ធភាព ហើយក៏​អាច​ប្រើ​សម្រាប់​ការពារ​កុំ​ឲ្យ​ក្រពេញ​ប្រូស្តាត​រីក​ធំ​ផង​ដែរ។

    ៣- ប្រតិកម្មថ្នាំក្រោយលេប Alpha Blocker

    រេសិបទ័រ អាល់ហ្វា (Alpha receptors) នៅ​ក្នុង​សាច់​ដុំ​ជញ្ជាំង​​សរសៃ​ឈាម មាន​តួនាទី​រឹត​សរសៃឈាម​ឲ្យតូច និង​បិទ​សកម្មភាព​រេសិបទ័រ​អាល់ហ្វា​ ដើម្បី​សម្រួល​សរសៃ​ឈាម​ឲ្យ​បន្ត​បើក​ធំ ហើយ​​វា​ជួយ​បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់​ (LDL cholesterol)​ បាន​ទៀត។

    ជំងឺលើសសម្ពាធឈាម

    ៤- ផលរំខាន ក្រោយ​ប្រើ​ថ្នាំ Alpha Blocker

    Alpha blockers អាច​ធ្វើឲ្យមាន​ផល​រំខាន​​តិចតួច ​ជា​ទូទៅ​កើត​មាន​ក្នុង​អំឡុង​ ២ សប្ដាហ៍ បន្ទាប់​ពី​ប្រើ​ថ្នាំ។ ខ្លះ​អាច​បង្ក​ឲ្យសន្លប់​ភ្លាម​ពេល​ក្រោក​ឈរ បន្ទាប​ពី​លេប​ថ្នាំ​ដំបូង។ អ៊ីចឹងហើយ ពេទ្យណែនាំ​ឲ្យ​ប្រើ​មុនពេល​ចូល​គេង។ កម្រិត​ប្រើ​ថ្នាំ​ដំបូង​អាច​​ទាប បន្ទាប់​មក​បង្កើន​បន្តិច​ម្ដងៗក្នុង​រយៈពេល​ ២​ ទៅ ៣​ សប្តាហ៍។

    ផល​រំខាន​ញឹក​ញាប់​ដែល​​ជួប មាន៖

    – វិល​មុខ ឈឺ​ក្បាល ខ្សោយ​

    – បេះដូង​លោត​ខ្លាំង

    – ឡើង​ទម្ងន់​

    – ក្អួត អស់​កម្លាំង

    – ចុះ​សម្ពាធ​ឈាមលឿន​ ពេល​ងើប​ឈរ​ ឬ​ទម្រេត​ខ្លួន​ភ្លាម​ៗ​

    – ហើម​ជើង​ ឬ​ក​ជើង

    – ឡើង​កន្ទួល​រមាស់

    – បញ្ហា​ដំណេក

    – លិង្គ​មិនរឹង។​

    Alpha blocker អាច​បន្ថយ​ប្រសិទ្ធភាព​ថ្នាំប្រឆាំង​ជំងឺ​បាក់​ទឹកចិត្ត (Anti-depressant) អ៊ីចឹងគួរ​ប្រាប់​ពេទ្យ​ពី​ថ្នាំ​ដែល​ប្រើ​ពី​មុន មុន​នឹង​ព្យាបាល​។

    ៥- អ្នកណាខ្លះមិនគួរប្រើថ្នាំ Alpha Blocker?

    – បើ​​មាន​ប្រវត្តិកើតជំងឺ​ខ្សោយ​បេះដូង​ ​ថ្លើម តម្រងនោម​ Pakinson (ជំងឺ​ញ័រ​ដៃ​ជើង ​កើត​លើ​មនុស្ស​ចាស់) ពេទ្យនឹងណែនាំមិនឲ្យប្រើឡើយ។

    – បើកំពុង​ពពោះ​ បំបៅដោះកូន និងត្រៀមយកកូន ត្រូវ​ប្រាប់​ពេទ្យ ដើម្បី​ឲ្យពេទ្យ​អាច​ថ្លឹង​ថ្លែង​ពី​គុណសម្បត្តិ និង​គុណ​វិបត្តិ មុន​ចេញ​ថ្នាំ ​Alpha Blocker ឲ្យ​ប្រើ។

    Alpha blockers ជាប្រភេទថ្នាំព្យាបាលលើសឈាម ដោយវាបន្ធូរសរសៃឈាម។ វាមិនមែនជាជម្រើសប្រភេទថ្នាំទី១ គេត្រូវប្រើទេ។ វាអាចមានផលរំខានខ្លះ តែមិនធ្ងន់ធ្ងរឡើយ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ 27/02/2021

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម