ស្រីៗដែលមានសម្បុរខ្មៅ ឬស្រអែមខ្លះ ចង់ប្ដូរឲ្យទៅជាស តែងតែនិយមលាបឡេ ហើយបន្ថែមដោយការប្រើថ្នាំខាត់ស្បែក ទើបរឹតតែឃើញប្រសិទ្ធភាព។ ប៉ុន្តែបើយើងមានទម្លាប់បែបនោះ អាចប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរមួយចំនួន ព្រោះថ្នាំខាត់ស្បែកខ្លះមានផ្ទុកនូវសារធាតុគីមីខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែក រហូតទៅជាមហារីកក៏មាន នេះបើតាមការបញ្ជាក់ពីម្ចាស់ហាងថែរក្សាសម្រស់មួយរូប។
អ្នកស្រី សានីតា វ័យ ៣៧ ឆ្នាំដែលមានបទពិសោធបើកហាងថែរក្សាសម្រស់នេះជិត ២០ ឆ្នាំនៅម្ដុំផ្សារចាស់ បានបញ្ជាក់ពីផលវិបាកមួយចំនួន តែយើងមិនបានចាប់អារម្មណ៍ ឬពិនិត្យឲ្យបានម៉ត់ចត់ ពីបញ្ហានេះដូចខាងក្រោម៖
១- ធ្វើឲ្យស្បែករលាក
ការខាត់ស្បែកច្រើនពេកធ្វើឲ្យបាត់បង់ពណ៌ដើមនៃស្បែកជាតិមេឡានីន ដែលជាអ្នកផ្តល់ព៍ណដល់ស្បែក សក់ ភ្នែក។ ហើយអាចបណ្ដាលឲ្យមានបញ្ហារលាកស្បែក ប្រសិនបើយើងមិនបានពិនិត្យមើលសារធាតុផ្សំផ្សេងៗក្នុងថ្នាំ។សំរាប់អ្នកមានស្បែកខ្មៅគឺមានជាតិពណ៌មេឡានីនច្រើន ភាគច្រើនថ្នាំខាត់ស្បែកមានជាតិកាត់ដែលបង្កឡើងពីអាល់ហ្វាអ៊ីដ្រូស៊ីអ៊ីត ដែលជាក្រុមមួយនៃទឹកអាស៊ីដរលាយក្នុងទឹក និងមាននៅក្នុងកញ្ចប់ថ្នាំខាត់ ដើម្បីឲ្យឃើញស។ អ្នកស្រីបានបន្តថា ជាធម្មតាថ្នាំដែលប្រើទៅឃើញសលឿន កម្រិតនៃជាតិគីមីកាន់តែខ្លាំង ហើយថ្នាំប្រើហើយមិនសូវឃើញស គឺមិនសូវមានសារធាតុកាត់ឡើយ តែយកល្អគួរប្រើវិធីបែបធម្មជាតិៗវិញ។
អត្ថបទពាក់ព័ន្ធ៖ លាបម្សៅ ឬឡេលាយ សលឿនដូចចិត្ត តែមានផលប៉ះពាល់ច្រើនណាស់
២- សម្បុរស្បែកសមិនស្មើគ្នា
ម្ចាស់ហាងដដែលបានបញ្ជាក់ថា ថ្នាំខាត់ស្បែកត្បិតជួយឲ្យសមែន តែនៅពេលយើងប្រើវាច្រើនទៅៗ ស្បែកចាប់ផ្ដើមស្ដើង និងមានសភាពសមិនស្មើសាច់ ដោយកន្លែងខ្លះខ្មៅ កន្លែងខ្លះស ឬហៅថាពពាល ព្រោះពេលខាត់ សាច់ថ្នាំមិនស្មើគ្នាគ្រប់កន្លែង។ មួយវិញទៀតវាក៏បណ្ដាលឲ្យស្បែកប្រែជាងាប់ ដោយអាចសម្គាល់ឃើញតាមរយៈការលាបឡេឃើញបែបសសំព្រុសៗ ហើយបែរមិនលាបឡេវិញ ស្បែកដូចបែកស្រកា។
៣- កាត់បន្ថយកូលេជែនរបស់ស្បែក
កូលេជែនមានតួនាទីសំខាន់ធ្វើឲ្យស្បែកមានសំណើម និងការពារមិនឲ្យចាស់ជ្រីវជ្រួញ។ ប៉ុន្តែនៅពេលយើងព្យាយាមប្រើថ្នាំខាត់ច្រើនពេកទៅ អាចបំផ្លាញកូលេជែននៅក្រោមស្បែក និងបង្កទៅជារមាស់ក៏មាន ហើយបើទោះជាសមែនពិត តែស្បែកមិនទន់រលោង។
ដើម្បីឲ្យកាន់តែមានសុវត្ថិភាព អ្នកស្រី សានីតា បានឲ្យផ្ដាំផ្ញើដល់ស្រីៗថា គួរកុំជ្រើសរើសវិធីខាត់ស្បែក ដោយប្រើថ្នាំអី ព្រោះវាមិនត្រឹមប៉ះពាល់ស្បែកប៉ុណ្ណោះទេ អាចបណ្ដាលឲ្យឈឺក្បាលវិលមុខ ឬក្អួតចង្អោរពេលធុំក្លិននោះទៀតផង។
អត្ថបទពាក់ព័ន្ធ៖ ចង់កែសម្ផស្សដោយប្រើថ្នាំ Botox ត្រូវដឹងពីថ្នាំនេះឲ្យច្បាស់សិន
[embed-health-tool-bmi]